កីឡា
លោកស្រី ពុធ ធីតា ពន្យល់ហេតុអ្វីបាល់ទាត់នារីនឹងខ្លាំងពីរបីឆ្នាំខាងមុខ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាបានចាញ់ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមដោយលទ្ធផល ០-៣ ក្នុងការប្រកួតជើងឯកនារីអាស៊ានឆ្នាំ២០២២ (AFF WOMEN’S CHAMPIONSHIP 2022) នៅប្រទេសហ្វីលីពីនកាលពីល្ងាចមិញ។

នេះជាការប្រកួតលើកទី២របស់ក្រុមនារីកម្ពុជាវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ខាងលើ បន្ទាប់ពីប្រកួតលើកទី១ទទួលបាន១ពិន្ទុពីការស្មើក្រុមនារីជម្រើសជាតិឡាវដោយលទ្ធផល ១-១។
បើក្រឡេកមើលប្រវត្តិក្រុមនារីជម្រើសជាតិ កម្ពុជា ឡាវ និងវៀតណាម គឺខុសគ្នាឆ្ងាយមែនទែន។ ក្រុមនារីឡាវធ្លាប់ចូលរួមប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP ចំនួន៧លើកហើយគិតទាំងឆ្នាំ២០២២ចាប់តាំងពីពានរង្វាន់នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។ ក្នុងចំណោម៧លើកនេះ ក្រុមនារីឡាវធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ដងគឺឆ្នាំ២០១១ និងឆ្នាំ២០១២ ដូច្នេះអាចចាត់ទុកថា ជាក្រុមខ្លាំងជាងនារីកម្ពុជា។

ចំពោះក្រុមនារីវៀតណាមធ្លាប់ចូលរួមប្រកួតពានរង្វាន់នេះចំនួន១២លើកគិតទាំងឆ្នាំ២០២២នេះ ហើយក៏បានចូលរួមគ្រប់រដូវកាលគិតចាប់តាំងពីបង្កើតដំបូងឆ្នាំ២០០៤។ រាល់ការចូលរួមប្រកួត នារីវៀតណាមមិនដែលធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូលឡើយ ហើយឈ្នះជើងឯក៣ដង ជើងឯករង៣ដង បានលេខ៣ចំនួន៥ដង និងបានលេខ៤តែ១ដង។
ដោយឡែកនារីកម្ពុជាទើបតែចូលរួមបាន៣ដងប៉ុណ្ណោះគិតទាំងឆ្នាំ២០២២នេះគឺលើកទី១ ឆ្នាំ២០១៨ និងលើកទី២ឆ្នាំ២០១៩ ដូច្នេះជាក្រុមមានបទពិសោធខ្ចីជាងគេបំផុតក្នុងចំណោមក្រុមនារីអាស៊ាននៅពានរង្វាន់នេះ ខណៈក្រុមនារីទីម័រខាងកើតចូលរួម៤ដង។

លើកទី១ ឆ្នាំ២០១៨ ក្រុមនារីកម្ពុជាបានចាញ់ នារីម៉ាឡេស៊ី ០-៤, ចាញ់នារីថៃ ០-១១ និងចាញ់នារីអូស្ត្រាលី ០-១២ ប៉ុន្តែបានឈ្នះនារីទីម័រខាងកើត ១២-០។ លើកទី២ ឆ្នាំ២០១៩ នារីកម្ពុជាចាញ់ក្រុមនារីវៀតណាម ០-១០, ចាញ់នារីមីយ៉ាន់ម៉ា ១-១០ និងចាញ់នារីឥណ្ឌូនេស៊ី ០-៤។
លើកទី៣ ឆ្នាំ២០២២ នារីកម្ពុជា បានចាញ់នារីវៀតណាម ០-៣ ប៉ុន្តែកាត់បន្ថយគ្រាប់បាល់បានច្រើនមែនទែនពី១០គ្រាប់មកសល់ត្រឹម៣គ្រាប់ ហើយបានស្មើនឹងក្រុមនារីឡាវ ១-១ ថែមទៀត។ ប្រការនេះអាចវាយតម្លៃបានថា ក្រុមនារីកម្ពុជាបាន និងកំពុងអភិវឌ្ឍយ៉ាងល្អ ហើយពីរបីឆ្នាំខាងមុខ ក្រុមនារីកម្ពុជានឹងកាន់តែខ្លាំង។

ជុំវិញបញ្ហានេះ លោកស្រី ពុធ ធីតា សមាជិកគណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកំពុងដឹកនាំក្រុមនារីកម្ពុជានៅប្រទេសហ្វីលីពីនយល់ឃើញថា ៖«ខ្ញុំជឿ ពីរបីឆ្នាំខាងមុខ បាល់ទាត់នារីយើងគឺមិនមែនតែប៉ុណ្ណឹងទេ។ លើសហ្នឹង យើងមើលទិដ្ឋភាពជាក់ស្តែង ការលេងរបស់ពួកគាត់។ ការតាំងចិត្តរបស់ពួកគាត់ ហើយក្រុមការងារក៏ល្អ»។
«នឹងអាចឈានទៅដល់ប្រហាក់ប្រហែលបាល់ទាត់នារីប្រទេសជិតខាងយើង។ មើលឡាវមានតារាងចំណាត់ថ្នាក់នៅ FIFA នារីយើងអត់មានទេ តែយើងបានប្រកួតស្មើ»។ លោកស្រីបានបញ្ជាក់។

ប្រធានក្លឹបបឹងកេតរូបនេះបានមើលឃើញពីហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់កម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានជំរុញឲ្យបាល់ទាត់នារីរីកចម្រើនគួរឲ្យកត់សំគាល់។ លោកស្រីមានប្រសាសន៍ថា ៖«ឲ្យតែលីគនារីយើងដំណើរការបានទៀងទាត់គឺបាល់ទាត់នារីយើងនឹងមានសក្តានុពល។ ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងពិនិត្យមើលលីគនារីបន្ថែមទៀត។ ណាមួយ កាន់តែល្អទៀតនោះ ស្ទើរគ្រប់ក្លឹបនៅកម្ពុជាយើងមានក្រុមបាល់ទាត់នារី អីចឹងយើងនឹងខ្លាំងប្រហាក់ប្រហែលគេក្នុងតំបន់ ធានាហ្មង់ បើយើងមានសកម្មភាពដូចរាល់ថ្ងៃ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


