កីឡា
Nick Taylor ប្រាប់ FIFA ថា មានមោទនភាពក្រៃលែងបានក្លាយជាខ្មែរ
សមាជិកជម្រើសជាតិកម្ពុជា និងព្រះខ័នរាជស្វាយរៀង Nick Taylor មានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាជនជាតិកម្ពុជា និងតំណាងជម្រើសជាតិលើឆាកអន្តរជាតិ។

កីឡាករកើត និងធំដឹងក្តីនៅសហរដ្ឋអាមេរិក Nick Taylor បានប្រាប់សារព័ត៌មានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថា វិថីបាល់ទាត់ដែលបានតំណាងឲ្យជម្រើសជាតិកម្ពុជាគឺជាបទពិសោធដ៏អស្ចារ្យ និងជាការប្តេជ្ញាចិត្តគ្មានអ្វីប្រៀបបាន។
កីឡាករនិយាយថា ៖«ខ្ញុំកើតនៅរដ្ឋតិចសាស សហហរដ្ឋអាមេរិក។ ពេលអាយុពីរឬបីឆ្នាំ ខ្ញុំចាប់ផ្តើមចូលចិត្តលេងបាល់ទាត់ជុំវិញផ្ទះជាមួយឪពុក។ ប្រហែលអាយុ១០ឆ្នាំ ខ្ញុំបានលេងឲ្យក្រុមពីរបីផ្សេងគ្នា»។

«នៅអាមេរិក បាល់ទាត់ខុសពីតំបន់អាស៊ី។ ពេលអាយុ១៥ ឬ១៦ឆ្នាំ ខ្ញុំបានលេងឲ្យក្រុមវិទ្យាល័យ តែយើងត្រូវមានក្លិបច្បាស់លាស់ដើម្បីអភិវឌ្ឍខ្លួន។ បើយើងឈានដល់កម្រិតសាកលវិទ្យាល័យ អីចឹងយើងត្រូវព្យាយាមឆ្ពោះទៅរកលីគអាជីព MLS»។
នៅខែមីនា ឆ្នាំ២០២២ Taylor បានចុះកុងត្រាចូលក្លិប Orlando City B ដែលស្ថិតនៅក្របខណ្ឌ MLS Next Pro របស់អាមេរិក។ បន្ទាប់មករូបគេត្រូវបានទាក់ទងឲ្យចូលជម្រើសជាតិកម្ពុជា។

កីឡាករប្រាប់ថា ៖«ពេលចប់រដូវកាល២០២២ ខ្ញុំទទួលបានសារពីគ្រូបង្វឹកជម្រើសជាតិកម្ពុជា។ លោកប្រាប់ថា ក្រុមការងារចង់បានខ្ញុំចូលរួមជម្រើសជាតិត្រៀមប្រកួតមិត្តភាពជាមួយបង់ក្លាដែស។ ពេលនោះខ្ញុំយល់ព្រម។ វាជាលើកដំបូងរបស់ខ្ញុំនៅកម្ពុជា ជាបទពិសោធថ្មីជាមួយក្រុមជម្រើសជាតិ ហើយខ្ញុំក៏ចាប់ផ្តើមស្រឡាញ់កម្ពុជា»។
Nick Taylor បានបន្តប្រាប់ FIFA ថា វប្បធម៌អាមេរិក និងកម្ពុជាខុសគ្នាច្រើន។ ពីដំបូងរូបគេមានការពិបាកក្នុងការសម្របខ្លួននឹងរបៀបរស់នៅ។ «ពីមុនខ្ញុំមានអារម្មណ៍ខ្លួនឯងដូចជាពាក់កណ្តាលកម្ពុជា តែបន្ទាប់ពីរស់នៅបាន១ឆ្នាំ ខ្ញុំមានអារម្មណ៍ជាពលរដ្ឋកម្ពុជាពេញលេញ។ ខ្ញុំស្រឡាញ់វប្បធម៌ ខ្ញុំស្រឡាញ់ពីរបៀបដែលប្រជាជនទទួលរាក់ទាក់គ្នា»។

នៅថ្ងៃដំបូងដែលរូបគេបានពាក់អាវជម្រើសជាតិកម្ពុជាគឺជាពេលវេលាកត់ត្រាដ៏អស្ចារ្យ និងមិននឹកស្មានដល់ចំពោះដំណើរជីវិតបាល់ទាត់របស់ខ្លួនឈានដល់កម្រិតមួយពោរពេញដោយមោទនភាព។
កីឡាករនិយាយថា ៖«លេងតំណាងកម្ពុជាគឺជាមហាកិត្តិយសសម្រាប់ខ្ញុំ ដោយសារការលះបង់ និងទុក្ខលំបាកទាំងអស់ដែលប្រជាជនកម្ពុជាជួបប្រទះ។ ពាក់អាវជម្រើសជាតិ លេងនៅចំពោះមុខប្រជាជនកម្ពុជា ហើយឃើញពួកគាត់អបអរគឺជាអារម្មណ៍ដ៏អស្ចារ្យ។ ខ្ញុំមិនអាចរកពាក្យអ្វីមកបរិយាយបានទេ តែខ្ញុំពិតជាចង់និយាយថា ខ្ញុំមានអារម្មណ៍ពោរពេញដោយមោទនភាពខ្លាំងបំផុតដែលបានពាក់អាវនេះ»។

នៅខែកុម្ភៈ ឆ្នាំ២០២៣ Nick Taylor បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងដែលជាផ្ទះផ្តល់ភាពកក់ក្តៅ និងបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ ស្របពេលទីផ្សារផ្សាយពាណិជ្ជកម្មក៏ពេញនិយមសម្រាប់រូបគេក្នុងនាមជាកីឡាករបាល់ទាត់។
បន្ទាប់មករូបគេត្រូវបានកោះហៅចូលជម្រើសជាតិជាបន្តបន្ទាប់សម្រាប់ការប្រកួតមិត្តភាព ពានរង្វាន់អាស៊ាន ក៏ដូចជាជម្រុះជើងឯកពិភពលោក។ ឥឡូវនេះ រូបគេត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាជាថ្មីដើម្បីចូលរួមប្រកួតមិត្តភាពអន្តរជាតិ FIFA Series នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី២១ដល់២៦ ខែមីនា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ FIFA
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


