កីឡា
ចំណាត់ថ្នាក់កំពូលអ្នកប្រដាល់ទាំង ៥ ប្រចាំសតវត្សទី ២១ ខណៈ Pacquiao ឈរលេខ២
នៅក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់សកល មានកីឡាករឆ្នើមៗជាច្រើននៅទូទាំងសកលលោក ដែលអ្នកខ្លះក៏បានចូលនិវត្តន៍ទៅហើយ ប៉ុន្តែអ្នកខ្លះទៀតកំពុងបន្តវ៉ៃមកដល់បច្ចុប្បន្ន។

បើក្រឡេកមកមើលក្នុងសតវត្សទី ២១ នេះវិញ ក៏មានកីឡាករមិនតិចដែរ ដែលមានសមត្ថភាពខ្លាំង និងត្រូវបានគេចាត់ទុកជាកីឡាករប្រដាល់សកលដ៏មានឥទ្ធិពលក្នុងពិភពលោក។ ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ ៥ នាក់ ដែលត្រូវបានគេចាត់ទុកជាកីឡាករប្រដាល់ឆ្នើមបំផុតប្រចាំសតវត្សទី ២១។
១. Floyd Mayweather៖ អ្នកប្រដាល់សញ្ជាតិ អាមេរិក វ័យ ៤៨ ឆ្នាំរូបនេះ បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៧ ប៉ុន្តែបើក្រឡេកមើលអំពីអាជីពរបស់គាត់កន្លងមក គឺពិតជាអស្ចារ្យខ្លាំង ដោយគ្មាននរណាប្រៀបបានសម្រាប់សតវត្សទី ២១។ Floyd បានឆ្លងកាត់ការប្រកួតសរុបចំនួន ៥០ ដង ដោយមិនដែលចាញ់សោះ ក្នុងនោះផ្តួលដៃគូឱ្យសន្លបចំនួន ២៧ ដង និងជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ ស្ថាប័ន។
អតីតអ្នកប្រដាល់រូបនេះ មានភាពលេចធ្លោរខ្លាំង ដោយសារគាត់មានកណ្តាប់ដៃលឿន និងធ្ងន់ ហើយតាមរយៈសមត្ថភាពដ៏អស្ចារ្យបែបនេះ បានធ្វើឱ្យគាត់បំបាក់កំពូលកីឡាករកីឡាករជាច្រើនក្នុងជំនាន់របស់គាត់ដូចជា Oscar De La Hoya, Canelo Alvarez, Miguel Cotto, Ricky Hatton, Juan Manuel Marquez និង Manny Pacquiao ជាដើម។
ការប្រកួតចុងក្រោយ ដែលធ្វើឱ្យកក្រើកបំផុតនៅលើពិភពលោក នោះគឺជំនួបរវាងគាត់ និងអ្នកប្រដាល់ ហ្វីលីពីន Pacquiao នៅឆ្នាំ ២០១៥ ដែលពេលនោះគាត់បានយកឈ្នះដោយពិន្ទុ។

២. Manny Pacquiao៖ អ្នកប្រដាល់សញ្ជាតិ ហ្វីលីពីន រូបនេះ ត្រូវបានគេចាត់ទុកជាកំពូលអ្នកប្រដាល់ម្នាក់ប្រចាំទ្វីប អាស៊ី និងពិភពលោក។ លោកបានចូលប្រឡូកក្នុងអាជីពប្រដាល់តាំងពីឆ្នាំ ២០០០ ក្នុងនោះលោកឆ្លងកាត់ការប្រកួតអាជីពបានចំនួន ៧២ ដង ឈ្នះ ៦២ ចាញ់ ៨ និងស្មើ ២។ អ្នកប្រដាល់ ហ្វីលីពីន រូបនេះ មិនត្រូវបានគេចាត់ទុកជាស្តេចប្រដាល់ទី ១ ក្នុងពិភពលោកនោះទេ ប៉ុន្តែគាត់គឺជាម្ចាស់ខ្សែក្រវាត់ពិភពលោកដល់ទៅ ៨ ស្ថាប័ន។ អ្នកប្រដាល់វ័យ ៤៦ ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់អំពីសមត្ថភាពរបស់គាត់ តាមរយៈការចេញចូលលឿនកណ្តាប់ដៃលឿន រហ័ស និងធ្ងន់ ហើយជំនាញទាំងអស់នេះ បានធ្វើឱ្យគាត់ឈ្នះកីឡាករល្បីៗជាច្រើនដូចជា Marco Antonio Barrera, Erik Morales, Oscar De La Hoya និង Miguel Cotto ជាដើម។
យ៉ាងណា Pacquiao បានប្រកាសចូលនិវត្តន៍រួចម្តងហើយកាលពីឆ្នាំ ២០២១ ប៉ុន្តែកន្លងមក គាត់នៅតែចូលរួមប្រកួតលក្ខណៈផ្សព្វផ្សាយ ហើយមិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃ អាទិត្យ ទី ២០ ខែ កក្កដា នេះ គាត់នឹងត្រូវឡើងសង្វៀនប្រកួតលក្ខណៈអាជីពឡើងវិញ ដោយត្រូវដណ្តើមខ្សែក្រវាត់ WBC ពិភពលោកទល់នឹងអ្នកប្រដាល់ អាមេរិក Mario Barrios។

៣. Bernard Hopkins៖ អតីតអ្នកប្រដាល់សញ្ជាតិ អាមេរិក វ័យ ៦០ ឆ្នាំរូបនេះមានកំណត់ត្រាប្រកួតអាជីពចំនួន ៦៥ ដង ក្នុងនោះឈ្នះ ៥៥ ដង (ផ្តួលដៃគូឱ្យសន្លប់ ៣២ ដង) ចាញ់ ៨ ដង និងស្មើ ២ ដង។ Hopkins បានបំបែកកំណត់ត្រា ជាអ្នកប្រដាល់ ដែលអាចប្រកួតក្នុងកម្រិតពិភពលោកមានវ័យចាស់ជាងគេបំផុត ពោលគឺស្ថិតក្នុងវ័យ ៤៩ ឆ្នាំ ដោយគាត់បានប្រឡូកក្នុងអាជីពនេះពីឆ្នាំ ១៩៨៨ ដល់ ២០១៤។
Hopkins បានបង្កើតកំណត់ត្រាជាមួយនឹងការការពារខ្សែក្រវាត់ទម្ងន់មធ្យម ២០ ដងជាប់ៗគ្នាពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៥ ហើយគាត់ក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ២ ស្ថាប័នផងដែរ។ Hopkins បានបង្កើតប្រវត្តិសាស្ត្រធំមួយនៅឆ្នាំ ២០១១ ដោយក្លាយជាជើងឯកប្រដាល់ពិភពលោកក្នុងវ័យចំណាស់ជាងគេ គឺនៅក្នុងវ័យ ៤៦ ឆ្នាំ បន្ទាប់ពីយកឈ្នះលើកីឡាករ Jean Pascal ហើយបន្ទាប់មក គាត់បានបំបែកកំណត់ត្រាធំមួយទៀត ដោយនៅអាយុ ៤៩ ឆ្នាំបានផ្តួលកីឡាករ Beibut Shumenov ក្នុងឆ្នាំ ២០១៤។

៤. Roy Jones Jr.៖ អ្នកប្រដាល់សញ្ជាតិ អាមេរិក រូបនេះមានកំណត់ត្រាប្រកួត ៧៦ ដង ក្នុងនោះឈ្នះ ៦៦ ដង និងចាញ់ ១០ ដង ជាមួយនឹងការផ្តួលដៃគូឱ្យសន្លប់ ៤៧ ដងពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០២៣ និងជាជើងឯកពិភពលោកបួនស្ថាប័ន។ Roy Jones Jr ត្រូវបានចាត់ទុកថាជាអ្នកប្រដាល់ល្អបំផុតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ រូបគេក៏បានសម្រេចបាននូវភាពអស្ចារ្យផងដែរ ក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយក្លាយជាអ្នកប្រដាល់ទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះជើងឯកពិភពលោកក្នុងទម្ងន់មធ្យម ទម្ងន់ស្រាល និងទម្ងន់ធ្ងន់។ ក្នុងឆ្នាំ ២០០៣ គាត់បានបង្កើតប្រវត្តិសាស្ត្រ ដោយហ៊ានវាយក្នុងប្រភេទទម្ងន់ធ្ងន់ ហើយក្នុងការប្រកួតនោះបានយកឈ្នះលើកីឡាករ John Ruiz សម្រាប់ការដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA ទោះបីជាចាញ់ទម្ងន់គេដល់ ១៥ គីឡូក៏ដោយ។

៥. Oscar De La Hoya៖ អ្នកប្រដាល់សញ្ជាតិ អាមេរិក រូបនេះ បានបញ្ចប់អាជីពរបស់គាត់ជាមួយនឹងកំណត់ត្រាប្រកួត ៤៥ ដង ឈ្នះ ៣៩ ដង និងចាញ់ ៦ ដង ជាមួយការផ្តួលដៃគូឱ្យសន្លប់ចំនួន ៣០ ដងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៨ ។ De La Hoya មានអាជីពយ៉ាងអស្ចារ្យ ដោយគាត់បានឈ្នះជើងឯកពិភពលោកចំនួនប្រាំមួយស្ថាប័ន។ គាត់ គឺជាតារាប្រដាល់ដ៏ល្បីល្បាញបំផុតម្នាក់ ខណៈនៅឆ្នាំ ២០០៧ គាត់ធ្លាប់បានសាងការប្រកួតដ៏កក្រើកមួយជាមួយ Floyd Mayweather ដោយឈរវាយ ១២ ទឹកជាមួយកីឡាកររួមសញ្ជាតិរូបនេះ ប៉ុន្តែចុងក្រោយចាញ់ដោយពិន្ទុ។ គាត់ត្រូវបានគេស្គាល់ថាជា “The Golden Boy” គាត់បានឈ្នះខ្សែក្រវាត់ទម្ងន់មធ្យមក្នុងឆ្នាំ ២០០៤ ដើម្បីក្លាយជាជើងឯកក្នុង ៦ ប្រភេទទម្ងន់។ De La Hoya ត្រូវបានគេកោតសរសើរចំពោះស្ទីលវាយដ៏អស្ចារ្យរបស់គាត់ តាមរយៈការឆ្មក់វាយដៃឆ្វេងដ៏មានឥទ្ធិពល។ គាត់ត្រូវបានគេចាត់ទុកជាអ្នកប្រដាល់ដ៏មានឥទ្ធិពលម្នាក់ ហើយត្រូវបានគេបញ្ចូលឈ្មោះទៅក្នុងសាលកិត្តិយសប្រដាល់អន្តរជាតិក្នុងឆ្នាំ ២០១៤ ផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


