កីឡា
លោក McConkey ថា ទីលានឡាយហ្វ ព្រះសីហនុ និង ស្តាតចាស់ ប៉ះពាល់ដល់ទម្រង់លេង
គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានរិះគន់ទីលាន ឡាយហ្វ ខេត្តព្រះសីហនុ និងស្តាតចាស់ របស់ក្លិប កងយោធពលខេមរភូមិន្ទ ពិតជាមានការពិបាកលេង ហើយស្ថានភាពទីលាន បានធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង ឡាយហ្វ ព្រះសីហនុ ក្នុងសប្តាហ៍ទី ៥ នៃក្របខណ្ឌលីគកំពូល កម្ពុជា នាថ្ងៃ សុក្រ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ លោក McConkey បានមានប្រសាសន៍ ថា៖ «ប្រសិនបើការប្រកួតរបស់យើង ទល់នឹង ឡាយហ្វ ព្រះសីហនុ នៅទឹកដី ឡាយហ្វ ដែលស្ថានភាពទីលានរបៀបហ្នឹង។ យើងចង់ដឹង ថា ហេតុអ្វីបានជាសម្រេចចិត្តអនុញ្ញាតឱ្យប្រកួត? ដូចលោក Oleg (គ្រូបង្វឹកភ្នំពេញក្រោន) បាននិយាយអ៉ីចឹង ការហ្វឹកហាត់មុនមួយថ្ងៃ យើងឃើញទីលាន គឺពិបាកលេង។ ទីលានរបៀបនេះ យើងយល់ស្របតាមសម្តី លោក Oleg គឺពិបាកក្នុងការលេង។ យើងឃើញហើយ ដូចជាការលេងបាល់ទះអ៉ីចឹង គឺទាត់ទៅទាត់មក កីឡាករអត់បានប្រើបច្ចេកទេសឡើយ»។
គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានបន្ត ដោយលើកអំពីទីលានស្តាតចាស់របស់ក្លិប កងយោធពលខេមរភូមិន្ទ ថា៖ «ទីលានមួយទៀត គឺ ស្តាតចាស់ ដែលជាទីលានរបស់ក្រុម ទ័ព យើងឃើញនៅមុខទីមានជង្ហុក។ ដូច្នេះវាពិបាកក្នុងការលេង ហើយឃើញហើយមានក្រុមមួយចំនួនបានបាត់បង់ពិន្ទុនៅទីនោះ»។
ខាងលើនេះ គឺជាការលើកឡើងរបស់លោក McConkey បន្ទាប់ពីមានការសួរនាំដោយអ្នកសារព័ត៌មាន អំពីទីលានរបស់ក្លិប ឡាយហ្វ ព្រះសីហនុ ដែលកំពុងមានការខូចខាតខ្លាំង ដោយសារបញ្ហាភ្លៀងស្ទើរាល់ថ្ងៃ។ ជាក់ស្តែង កាលពីសប្តាហ៍មុន ក្នុងការប្រកួតក្រុម ភ្នំពេញក្រោន យកឈ្នះ ឡាយហ្វ ព្រះសីហនុ ៣-២ គឺការលេងនៅទីលាន ឡាយហ្វ ពិតជាមានការពិបាកខ្លាំង។ ក្រុមទាំងសងខាង មិនអាចបង្ហាញបច្ចេកទេសលេងឱ្យបានល្អប្រសើរឡើយ ដោយសារតែទីលាននោះ បានដក់ទឹក ខ្ទេចខ្ទាំ ហើយទីលានវាលស្មៅពណ៌បៃតង បានក្លាយជាភក់ទៅហើយ។

ជាមួយគ្នានេះ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក៏បានផ្សាភ្ជាប់អំពីទីលានស្តាតចាស់ របស់ក្លិប កងយោធពលខេមរភូមិន្ទ ផងដែរ។ លោកយល់ឃើញ ថា នៅលើទីលានត្រង់មុខទី គឺមានជង្ហុក ដែលជាហេតុធ្វើឱ្យក្រុមមួយចំនួនត្រូវបាត់បង់ពិន្ទុនៅទីនោះ។

ទោះបីជាយ៉ាងណា នេះគ្រាន់តែការយល់របស់លោក McConkey ដែលផ្អែកលើភាពជាក់ស្តែងកន្លងប៉ុណ្ណោះ ខណៈនៅរដូវកាលថ្មី ២០២៥-២០២៦ ក្រុមព្រះខ័នរាជស្វាយរៀង មិនទាន់បានលេងនៅលើទីលានទាំង ២ ខាងលើនៅឡើយទេ៕
អត្ថបទ៖ សេម កុស
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


