Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថា​ខេត្ត​ស្រះ​កែវ​គ្មាន​សិទ្ធិ​មក​កំណត់​ព្រំដែន​បំពាន​សមត្ថកិច្ច​របស់​ JBC នោះ​ទេ​

បានផុស

នៅ

អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ប្រាប់​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ថា​ខេត្ត​បន្ទាយមានជ័យ​​នឹង​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​កម្ពុជា​និង​ថៃ ក្នុង​កិច្ច​កិច្ច​ប្រជុំ JBC ប៉ុណ្ណោះ ហើយ​ខេត្ត​ស្រះ​កែវ​គ្មាន​សមត្ថកិច្ច​មក​កំណត់​ព្រំដែន​ខណ្ឌ​សីមា​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​អភិបាល​ខេត្ត​ស្រះ​កែវ​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បណ្ដេញ​ចេញ​ដោយ​អាជ្ញាធរ​ថៃ​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ដីធ្លី​ ស្រែចម្ការ និង​ទ្រព្យ​សម្បត្តិ​ស្រប​ច្បាប់​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ។ លោក​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ផង​ដែរ​ថា ទី​តាំង​ដែល​រដ្ឋបាល​ខេត្ត​ស្រះ​កែវ​តវ៉ា​នៅ​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ​នោះ​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​រស់​នៅ​កាន់កាប់ និង​អាស្រ័យផល​ជា​យូរ​មក​ហើយ​មុន​ការ​ចូល​ជា​ធរមាន​នៃ​ MOU ឆ្នាំ​២០០០។

​​ក្នុង​លិខិត​នោះ​សរសេរ​បញ្ជាក់​ថា៖ «រដ្ឋបាល​ខេត្ត​យើង​ទាំង​ពីរ​មិន​មាន​សមត្ថកិច្ច​កំណត់​ព្រំដែន​ក្នុង​តំបន់​មិន​ទាន់​មាន​ការ​ខណ្ឌ​សីមា​ព្រំដែន​រួចរាល់​នោះ​ទេ»

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាន់​ជំហរ​ថា​ ខេត្ត​នេះ​គោរព​តែ​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ពោល​គឺ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ JBC។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អភិបាល​ខេត្ត​ស្រះ​កែវ​របស់​ថៃ​លោក បរិយា ពោធិ៍សាត់ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​កាន់​អភិបាល​ខេត្ត​បន្ទាយមានជ័យ តវ៉ា​ចំពោះ​ការ​សាងសង់​ជម្រក​បណ្ដោះ​អាសន្ន និង​ការ​ឈូស​ឆាយ​តំបន់​ជុំ​វិញ​ ដល់​ពលរដ្ឋ​ដែល​តវ៉ា​ចំពោះ​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ភូមិ​ជោគជ័យ​ដោយ​អាជ្ញាធរ​កម្ពុជា។ ខណៈ​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បញ្ជាក់​វិញ​ថា​ការ​ធ្វើ​ជម្រក​បណ្ដោះ​អាសន្ន និង​ឈូស​ឆាយ​ដី​នោះ​គឺ​ក្នុង​គោល​បំណង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​របៀបរៀបរយ​នៅ​ក្នុង​តំបន់​នេះ​ក្នុង​ពេល​ប៉ះទង្គិច​នា​ពេល​កន្លង​មក​ និង​ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន​ទប់​ស្កាត់​ឧបទ្ទវហេតុ​នានា​ប៉ុណ្ណោះ។

ក្នុង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥ កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា​រក្សា​ស្ថានភាព​ដដែល​ រហូត​ដល់​មាន​ការងារ​ខណ្ឌសីមា​ព្រំដែន​ត្រូវ​បាន​បញ្ចប់។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី​៨ ខែ​តុលា ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ថៃ​នឹង​អាច​រៀប​ចំ​សមាសភាព​របស់​ខ្លួន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​ឆាប់ៗ​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ប្រទេស​ថៃ​ខកខាន​ប្រជុំ​កាលពី​ខែ​កញ្ញា​កន្លង​មក​ដោយ​មូល​ហេតុ​ថៃ​រង់ចាំ​ការរៀបចំ​សមាសភាព​ថ្មី​របស់​ JBC ថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម