Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមអន្តរជាតិថាយោធិនខ្មែរ១៨រូបជាប់ឃុំនៅថៃ សុខភាពល្អ បរិភោគអាហារធម្មតា និងសន្យាជំរុញឱ្យមានការដោះលែងមកវិញ

បានផុស

នៅ

កាកបាទក្រហមអន្តរជាតិ បានអះអាងថា យោធិនកម្ពុជាទាំង១៨រូប ដែលថៃកំពុងឃុំខ្លួន គឺមានសុខភាពល្អ និងបានទទួលទានអាហារប្រចាំថ្ងៃបានធម្មតា ហើយសន្យាថា នឹងជំរុញឱ្យមានការដោះលែងមកវិញអនុសញ្ញាទីក្រុងហ្សឺណែវ។ ជាមួយគ្នាកាកបាទក្រហមអន្តរជាតិ ក៏បាននាំយកសារលិខិតដែលសរសេរដោយយោធិនជាប់ឃុំ មកប្រគល់ជូនកាកបាទក្រហមកម្ពុជាជាលើកទី២ ដើម្បីបន្តយកទៅប្រគល់ជូនក្រុមគ្រួសារនៅតាមបណ្ដាខេត្តដែលកំពុងរងចាំដំណឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ការអះអាង និងប្រគល់សារជូនដំណឹងនេះ ធ្វើឡើងនៅក្នុងជំនួបដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក ចច ម៉ុនតានី ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៣ ខែតុលា។

​កាកបាទ​ក្រហម ​គឺ​ជាអង្គការ​អន្តរជាតិ​តែ​មួយ​គត់ ​ដែល​ថៃអនុញ្ញាតឱ្យចូលពិនិត្យមើល​ពី​ស្ថានភាព​របស់យោធិន​កម្ពុជាទាំង១៨រូប ​ដែលត្រូវ​ពួកគេ​ចាប់​ និងប​ន្តឃុំខ្លួន​។ ជាង៧០ថ្ងៃនៃការឃុំខ្លួន កាកបាទក្រហមអន្តរជាតិ បាននាំយកលិខិតដែលសរសេរដោយក្រុមគ្រួសាររបស់យោធិនទាំង១៨រូបនៅកម្ពុជា ទៅប្រគល់ជូនយោធិនជាប់ឃុំនៅថៃដោយផ្ទាល់ និងបាននាំយកលិខិតដែលសរសេរដោយយោធិនជាប់ឃុំ មកប្រគល់ជូនក្រុមគ្រួសារចំនួន២លើក ដែលលើកទី១ គឺកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

ឆ្លើយតបនឹងសំណួរដែលជាក្ដីបារម្ភរបស់លោកជំទាវ ពេជ ចន្ទមុន្នី ទាក់ទងនឹងសុខទុក្ខរបស់យោធិនកម្ពុជាទាំង១៨រូប, លោក ចច ម៉ុនតានី អះអាងថា ក្នុងពេលដែលលោកបានចុះទៅសួរសុខទុក្ខផ្ទាល់ និងប្រគល់សាររបស់គ្រួសារយុទ្ធជន តាមរយៈកាកបាទក្រហ​មកម្ពុជាជូនដល់យុទ្ធជនទាំង២លើកនេះ ឃើញថាយោធិនកម្ពុជាទាំង១៨រូប អាចពិសាអាហារ និងសម្រាកបានធម្មតា គ្មានអ្វីខុសប្រក្រតីនោះឡើយ។  តំណាងកាកបាទក្រហមអន្តរជាតិរូបនេះ ប្ដេជ្ញាចំពោះមុខលោកជំទាវពេជ ចន្ទមុន្នីថា ថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអរគុណកាកបាទក្រហមអន្តរជាតិ   ដែលយកចិត្តទុកដាក់ចំពោះយោធិនកម្ពុជាទាំង១៨រូបដែលជាប់ឃុំខ្លួន ជាពិសេសបាននាំយកសារលិខិតរបស់គ្រួសារយុទ្ធជននៅកម្ពុជា យកទៅជូនដល់ដៃយោធិនទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ និងបាននាំសារលិខិតពីយោធិនជាបឃុំ មកប្រគល់ជូនគ្រួសារនៅកម្ពុជា ដែលនេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទន្ទឹងរង់ចាំដំណឹងពិតប្រាកដពីយោធិនជាប់ឃុំ។

ជុំវិញពេលវេលានៃការប្រគល់យោធិនមកឱ្យកម្ពុជាវិញ  តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃទី៨ ខែតុលា ថា ថៃនឹងមិនប្រគល់យោធិនទាំង ១៨នាក់ មកឱ្យកម្ពុជាវិញឡើយ បើជម្លោះព្រំដែនប្រទេសទាំងពីរ មិនទាន់ចប់ជាផ្លូវការ។

គួរគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែតុលា គឺមានរយៈពេល៧៧ ថ្ងៃហើយ យោធិនកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ រដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងយោធិនទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យយោធិនទាំងនោះបានមកជួបជុំក្រុមគ្រួសាររ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ អះអាងថា  មិនដែលបោះបង់កងកម្លាំងរកម្ពុជាណាម្នាក់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម