ព័ត៌មានជាតិ
លោក ហេង រតនា៖ ស៊ីម៉ាក់ រីករាយចែករំលែកបទពិសោធសម្អាតមីនដល់អ៊ុយក្រែន ដើម្បីជួយដល់ជនស៊ីវិល
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រាប់ទៅកាន់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ថា អង្គភាពស៊ីម៉ាក់ រីករាយនឹងចែករំលែកបទពិសោធក្នុងវិស័យសកម្មភាពមីន ជូនដល់បុគ្គលិក SESU ដើម្បីធ្វើប្រតិបត្តិការដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមក្នុងគោលបំណងដើម្បីជួយដល់ជនស៊ីវិល។

ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្នុងឱកាសលោក ហេង រតនា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU។ នៅក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក HIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជាផងដែរ។

ក្នុងជំនួបនោះ លោក ហេង រតនា មានប្រសាសន៍បន្ថែមថា រូបលោកសង្ឃឹមថាប្រទេសអ៊ុយក្រែន នឹងទទួលបានសន្តិភាពឆាប់ៗនៅពេលខាងមុខដ៏ខ្លីនេះ ដែលជាគ្រឹះសំខាន់ក្នុងការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្រ្គាម។ លោកសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងតាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែ សន្តិភាពត្រូវកើតឡើងដោយការយោគយល់ ការអត់ធ្មត់ និងការចរចារវាងដៃគូជម្លោះទាំងកម្រិតទ្វេភាគី និងអន្តរជាតិ។

មានមតិក្នុងឱកាសជំនួបពិភាក្សាការងារ លោក Reva Serhii បានជម្រាបជូន លោក ហេង រតនា ថាបច្ចុប្បន្ននេះនៅប្រទេសអ៊ុយក្រែនមានតំបន់ប្រហែល ១៧០,០០០គីឡូម៉ែត្រក្រឡាដែលជាតំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម។ លោកក៏បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែនក្នុងការសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលជាស្ថាប័នជាតិបោសសម្អាតមីនឈានមុខគេនៅកម្ពុជា និងកម្រិតអន្តរជាតិ ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ៊ុយក្រែនដែលនឹងពាំនាំបទពិសោធនេះទៅបម្រើក្នុងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងញ៉ាំញីដោយសង្រ្គាម។

ដំណើរទស្សនកិច្ចនេះគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ស្របពេលដែលអង្គភាពស៊ីម៉ាក់កំពុងផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមអ៊ុយក្រែននូវជំនាញប្រតិបត្តិការគ្រឿងចក្រវាយកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។
គួររំលឹកផងដែរថា អង្គភាពស៊ីម៉ាក់បានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) តាំងពីឆ្នាំ២០២៣ ហើយគិតមកត្រឹមខែតុលាឆ្នាំ២០២៥នេះ សិក្ខាកាមសរុបទាំងអស់មានចំនួន ៣២នាក់ ដែលបានទទួលការបណ្តុះបណ្តាល។ បន្ថែមពីនេះអង្គភាពស៊ីម៉ាក់ក៏បានបញ្ជូនមន្រ្តីជំនាញទៅជួយបណ្តុះបណ្តាលដោយផ្ទាល់បន្ថែមទៀតនៅប្រទេសប៉ូឡូញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញ ដល់សិក្ខាកាម SESU មួយចំនួនទៀតផងដែរ។
មុនជំនួបនៅថ្ងៃនេះគណៈប្រតិភូអ៊ុយក្រែនក៏បានធ្វើទស្សនកិច្ចទៅកាន់ទីលានហ្វឹនហ្វឺនសិក្ខាកាមអ៊ុយក្រែន នៅឃុំពពេល និងសារមន្ទីរតេជោសន្តិភាព នៅខេត្តសៀមរាប ចម្ការមីន និងរោងជាងកណ្តាល នៅខេត្តបាត់ដំបង វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន និងមណ្ឌលសុនខ ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។
សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជូនអ្នកជំនាញអ៊ុយក្រែនលើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នេះ អាចប្រព្រឹត្តិទៅបានដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងរដ្ឋាភិបាលជប៉ុននិងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រឱ្យអង្គភាពស៊ីម៉ាក់អនុវត្តគម្រោងហ្វឹកហ្វឺននេះក្រោយហេតុផលសកម្មភាពមនុស្សធម៌សុទ្ធសាធដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


