ព័ត៌មានជាតិ
កម្ពុជា-ឡាវ-វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់ជិតស្និទ្ធ
ពីទីក្រុងគូឡាឡាំពួ ក្នុងជំនួបត្រីភាគីក្រៅកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំកម្ពុជា ឡាវ វៀតណាម បានប្រកាសបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្តិសុខ និងការពារជាតិ។

ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម តែងតែមានជំនួបអាហារពេលព្រឹកការងារដើម្បីជួបពិភាក្សាទៅលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
ជាក់ស្ដែង នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។

នាយករដ្ឋមន្ត្រីប្រទេសទាំងបី បានចែករំលែកព័ត៌មានពីការវិវត្ត និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំទាំងបី បានឯកភាពបន្តពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ ពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។
បើតាមលទ្ធផលនៃជំនួបនោះ ជាមួយនឹងភាគីឡាវ សម្ដេចធិបតី បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ចំណែកជាមួយនឹងភាគីវៀតណាម សម្ដេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។

ដោយឡែកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌប្រទេស៣ គោលដៅ១។ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។
ក្រៅពីការជជែកពីទំនាក់ទំនងត្រីភាគីនេះ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ បានសាទរកម្ពុជាចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរវាងកម្ពុជា និងថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីលោកប្រធានាធិបតិសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
សម្ដេចធិបតី បានអរគុណវៀតណាម និងឡាវ ដែលបានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិងចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


