Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ លើកមូលហេតុជំរុញឱ្យអាមេរិកចូលជួយអន្តរាគមន៍រឿងសង្គ្រាមកម្ពុជា-ថៃ

បានផុស

នៅ

​លោកបណ្ឌិត ជ័យ តិច អ្នកវិភាគភូមិសាស្រ្តនយោបាយ បានថ្លែងពន្យល់ពាក់ព័ន្ធ​ទៅនឹងការចូលខ្លួនមកដោះស្រាយលើបញ្ហា​សង្គ្រាម​កម្ពុជា-ថៃ របស់​មហា​អំណាច​អាមេរិក​រហូត​ឈាន​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ២០២៥ កន្លង​ទៅ​នេះ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៧ ​នៅ​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី និងលើកមូលហេតុមួយចំនួនជំរុញឱ្យអាមេរិកត្រូវចូលខ្លួនដោះស្រាយលើរឿងនេះ ខណៈចិននៅស្ងៀម។

ក្រោយការចូលមកអន្តរាគមន៍ដោយមហាអំណាចសហរដ្ឋអាមេរិក និងមានការសម្របសម្រួលលពីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន បានធ្វើឱ្យបញ្ហាសង្គ្រាមកម្ពុជា-ថៃ ឈានទៅរកដំណោះស្រាយ និងរហូតមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។ បន្ទាប់ពីអាមេរិកចូលខ្លួនដោះស្រាយលើបញ្ហានេះ បានធ្វើឱ្យមហាជនមួយចំនួនបានលើកជាចម្ងល់ចំពោះចិនដែលជាមហាមិត្តដែកថែបរបស់កម្ពុជាថា ហេតុអ្វីចិនស្ងាត់មិនចូលដោះស្រាយបញ្ហានេះ។

ស្រាយចម្ងល់ទៅលើបញ្ហានេះ លោក​បណ្ឌិត ជ័យ​ តិចលើកឡើងថា៖«អ្នក​វិភាគ​ភូមិ​សាស្រ្ត​នយោបាយ ​មើលឃើញថា មហាអំណាច​ទាំង​ពីរ​ អាមេរិក​-ចិន គឺ​កំពុង​តែ​ដណ្តើម​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​ជាមួយ​គ្នា ប៉ុន្តែ​យើង​ក៏​ត្រូវ​ក្រឡេក​មក​ពី​បច្ចុប្បន្ន​ភាព​អ្វី​ដែល​កំពុង​តែ​កើត​ឡើង»​។

«ទី​១ យើង​ត្រូវពិនិត្យ​មើល​សង្គ្រាម​ជុំ​វិញ​ពិភព​លោក​មាន​សង្រ្គាម​ណា​មួយ​ដែល​ចេញ​ចូល​អន្តរាគមន៍​ដោយ​ចិន​ទេ គ្រប់​សង្គ្រាម​ទាំង​អស់​តើ​ឃើញ​មាន​ការ​ចូល​ជួយ​អន្តរាគមន៍​ពី​ចិន​ស្វែង​រក​សន្តិភាព​ ក៏​ដូច​ជា​ប្រើប្រាស់​កម្លាំង​ទ័ព​​ចូល​ទៅ​លុកលុយដើម្បីជួយ គឺ​មិន​មាន​នោះ​ទេ​ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​របស់​ចិន មូលដ្ឋាន​គ្រឹះ​របស់​ចិន គឺ​សេដ្ឋកិច្ច​ ហើយ​មូលដ្ឋាន​គ្រឹះ​របស់​សហរដ្ឋ​អាមេរិក ​គឺ​យោធា​ផង និង​សេដ្ឋកិច្ច​ផង​»។ នេះបើយោងតាមការលើកឡើងរបស់លោក។

លោកថា អាមេរិក​ គឺ​ជា​មហាអំណាច​យោធា​ផង និង​មហាអំណាច​សេដ្ឋកិច្ច​ផង ហើយ​អាមេរិក​មាន​មូល​ដ្ឋាន​ទ័ព​ជាង​ ៨០០ ​កន្លែង​នៅ​ជុំ​វិញ​ពិភព​លោក​ ដោយ​ឡែក​សម្រាប់​ប្រទេស​ចិន​វិញ​ ចិន​មាន​មូលដ្ឋាន​ទ័ព​តែ​ ១ ​កន្លែង​ប៉ុណ្ណោះ គឺ​នៅ​ប្រទេស​អាហ្វ្រីក​។

សម្រាប់ក​ត្តាទទី​២ សហរដ្ឋ​អាមេរិក​ចង់​បញ្ជាក់​ថា អាមេរិក​គឺ​ជា​មហាអំណាច​គ្រប់ទីកន្លែងនៅ​ជុំ​វិញ​ពិភព​លោក​ទោះ​បី​ជា​នៅ​អាស៊ី ទោះ​បី​ជា​នៅ​តំបន់​អាស៊ាន​ចិន​មិន​អាច​លូក​ដៃ​ចូល​អន្តរាគមន៍​តែ​ម្នាក់​ឯង​បាន​ឡើយ ដូច្នេះ​ហើយ​នៅ​អាស៊ាន​ក៏​ត្រូវ​តែ​មាន​អាមេរិក​ទៀត​ដែរ​។ កត្តា​នេះ ដូច​ត្រូវ​បានលើក​ឡើង អាមេរិក​​ ហើយ​និង​ចិន ប្រៀប​បាន​ដូច​ជា​សាច់​គោ ហើយ​និង​ស្ពៃ គឺ​មិន​អាច​ចោល​នណា​ម្នាក់​បាន​ឡើយ​។

លោកបានពន្យល់បន្ថែមទៀតថា ទាំង​កម្ពុជា ទាំង​ថៃ រួម​ទាំង​អាស៊ាន​ផង​នោះ​ អ្នក​ដែល​វិនិយោគ​ទុន​ដោយ​ផ្ទាល់​ពី​បរទេស​ធំជាង​គេ គឺ​ជា​ប្រទេស​ចិន មក​វិនិយោគ​នៅ​កម្ពុជា​ក៏​ចិន​ធំ​ជាង​គេ មក​វិនិយោគ​ផ្ទាល់​នៅ​ប្រទេសថៃ​ក៏​ចិន​ធំ​ជាង​គេ ហើយ​ទីផ្សារ​សម្រាប់​នាំ​ចេញ​ធំ​ជាង​ គឺ​ជា​ទីផ្សារ​សហរដ្ឋ​អាមេរិក បាន​ន័យ​ថា​មួយ​ជា​អ្នក​ទិញ និង​មួយ​ទៀត​គឺ​ជា​អ្នក​ផលិត ប្រៀបបាន​ដូច​ជា​ខ្សែរ​សង្វាក់ផលិតកម្ម និងខ្សែរសង្វាក់​ទីផ្សារ​ជាមួយ​គ្នា។

លោកជ័យ តិចថា៖«ចិន​មិន​ចង់​ចូល​ពាក់ព័ន្ធ​នោះ​ទេ ព្រោះ​កម្ពុជា​ក៏​ជា​មហាមិត្ត​របស់​ចិន ហើយ​ថៃ​ក៏​ជា​គ្រួសារ​របស់​ចិន ហេតុ​ដូច​នេះ​​ចិនមិនអាច​ចូល​អន្តរាគមន៍​ធ្វើ​ឱ្យ​​ខាង​ណា​មួយ​អន់​ចិត្ត​បាន​ឡើយ ជា​ពិសេស​កម្ពុជា ព្រោះ​កម្ពុជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ចិន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ជា​ពិសេស​ក្នុងជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ក្នុង​តំបន់​អាស៊ាន​នេះ ចិន​មាន​ជម្លោះ​ជា​មួយ​សមាជិក​​អាស៊ាន​ជា​ច្រើន​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​កម្ពុជា​ជា​មិត្ត​មួយ​ដែល​អាច​ពឹង​ពាក់​បាន​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​សឹក​វេតូ​នៅ​ក្នុង​អាស៊ាន​ ដាក់​ទណ្ឌកម្ម ឬ​ក៏​អនុម័ត​នូវ​ឯកសារ​ផ្សេង​ៗ​ពាក់ព័ន្ធ​និង​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង​ ក៏​ដូច​ជា​បញ្ហា​នយោបាយ​ការ​បរទេស​អន្តរជាតិ​ផ្សេងៗ​។ ដូច្នេះ​យើង​អាចនិយាយ​បាន​ថា​កម្ពុជា​គឺ​ជា​កូន​សំណប់​របស់​ចិន ដែល​ចិន​មិន​អាច​អត់​បាន​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា​ជម្លោះ​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​​»​។

លោកជ័យ តិចបានចោទសួរ​ថា​ នៅ​ពេល​ដែល​កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​ថៃ​នេះ​រួច​ ឃើញ​មាន​សារព័ត៌មាន បណ្តា​ប្រទេស ស្ថានទូតជាច្រើន​ ក៏​ដូច​ជា​សមាជិក​អង្គការសហប្រជាតិ​ជាច្រើន​ចេញសារ​អបអរ​សាទរ​ ដោយ​ឡែក​សម្រាប់​ចិន​ឯណោះ​ស្ងាត់​ឈឹង ចិន​ស្ងាត់​សួរ​ថា​តើ​ចិន​អន់​ចិត្ត​ឬ​ទេ? លោថា៖«ចម្លើយ​គឺ​ចិន​មិន​អន់​ចិត្ត​ឡើយ ប៉ុន្តែ​បែបបទ​កាទូត នៅ​ពេល​ដែល​សមភាគី​ណា​មួយ​ដែល​ជា​ដៃ​គូរ​ប្រកួត​​ប្រជែង​ធ្វើ​សម្រេច​នូវ​លទ្ធផល​អ្វី​មួយ ភាគី​ម្ខាង​ទៀត​មិន​អាច​ចេញ​មុខ​អបអរសាទរ​ឡើយ ប៉ុន្តែ​នៅ​ពេល​មាន​ជំនួប​ជាមួយប្រមុខដឹកនាំស្ថានទូត​នៃ​ប្រទេស​នីមួយ​និង​បញ្ជាក់​ ប៉ុន្តែ​ប្រសិន​បើ​ចេញ​សារ​ជា​សាធារណៈ​អបអរ​សមភាគី​ម្ខាង​ទៀត គឺ​មិន​អាច​នោះ​ឡើយ​»។

សំណួរ​មួយ​ទៀត តើ​ចិន​អន់​ចិត្ត​នៅ​ពេល​ដែល​កម្ពុជា​ និង​ថៃ មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ល្អ​ជា​មួយ​អាមេរិក​ ចិន​មាន​តែ​សប្បាយ​ចិត្ត ព្រោះ​ចិន​ជា​ប្រទេស​ផលិត ហើយ​ចិន​មិន​អាច​ផលិត​នៅ​ក្នុង​ស្រុក​ហើយ​នាំ​ចេញ​ទៅ​អាមេរិក​ដោយ​ខ្លួន​ឯង​ទេ ដោយ​សារ​ចិន​កំពុង​មានសង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយ​អាមេរិក​ ប្រសិន​បើ​ចិន​ផលិត​នៅក្នុងប្រទេស​ ហើយ​នាំ​ចេញ​ទៅ​អាមេរិកដោយផ្ទាល់​ គឺ​ចិន​រង​សម្ពាធ​ពន្ធ​ថ្លៃ​ណាស់ ព្រោះចាប់ពីថ្ងៃទី០១ ខែវិច្ឆកា តទៅ ចិននិងរងសម្ពាធ​ពន្ធ​នាំ​ចេញ​ទៅ​អាមេរិកដល់ ១៥៥% ។ នេះបើតាមលោក ជ័យ តិច។

ដូច្នេះ​ហើយ​ចិន​បង្វែរ​ការ​វិនិយោគ​មក​កាន់​​ប្រទេស​កម្ពុជា​ និង​ថៃ​ ដើម្បី​ផលិត​ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក​ ព្រោះ​ពន្ធ​ទាប​ត្រឹម​តែ ១៩% ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​នៅ​ពេល​ចិន​ឃើញ​កម្ពុជា​ ថៃ មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ជា​មួយ​អាមេរិក គឺ​ចិន​សប្បាយ​ចិន​ ព្រោះ​ចិន​អាច​ទទួល​បាន​អត្រា​ពន្ធ​កាន់​តែ​ទាប និង​កូតា​នាំ​ចេញ​ទៅ​អាមេរិក​កាន់​តែ​ច្រើន​។

ប៉ុន្តែ​មាន​ករណី​មួយចំនួន ក៏​មាន​ការ​​មិន​សប្បាយ​ចិត្ត​ដូច​គ្នា​ដែរ​ក្រៅ​ពី​ពាណិជ្ជកម្ម គឺ​ពាក់ព័ន្ធ​ទៅ​និង​អាវុធ​យុទ្ធភ័ណ្ឌ គឺ​បើក​ឱ្យ​កម្ពុជា​មាន​សិទ្ធ​នៅ​ក្នុង​ការ​បញ្ជា​ទិញ​កាំភ្លើង​ និង​អាវុធ​ផ្សេង​ៗ​ពីអាមេរិក​ឡើង​វិញ​។ មិន​តែ​ប៉ុណ្ណោះ​កម្ពុជា-​អាមេរិក ក៏​បើក​ធ្វើ​សមយុទ្ធ​យោធា​«ឆ្មាំអង្គរ» រួមគ្នាឡើងវិញ ក្រោយខកខានធ្វើជិត ១០ឆ្នាំ និង​ផ្តល់​កូកា​បើក​ឱ្យ​និស្សិត​កម្ពុជា​អាច​ទៅ​រៀន​នៅសាលា West Point បណ្ឌិតសភាកងទ័ពអាកាស​របស់​អាមេរិក​បាន​ច្រើន​ជាង​មុន ដែល​នេះ​គឺ​ជា​ទំនាក់​ទំនង​មួយ​មិន​ដែល​កើត​មាន​ពីមុន​មក​នោះ​ទេ​៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម