Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ស្នើពលរដ្ឋបញ្ឈប់ការយកដីសាធារណៈធ្វើជា​ប្រយោជន៍ផ្ទាល់ខ្លួន

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានស្នើឲ្យពលរដ្ឋបញ្ឈប់ការយកដីសាធារណៈរបស់រដ្ឋធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដោយឲ្យរុះរើជាបន្ទាន់នូវលំនៅឋាន សំណង់ទាំងឡាយណាដែលសង់លើផ្លូវ បើមិនដូច្នោះ រដ្ឋបាលខណ្ឌ នឹង ចាត់វិធានការតាមផ្លូវច្បាប់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះក្នុងឱកាស លោក ជិន ប៊ុនធឿន បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យរៀបចំផ្លូវបេតុង ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ដើម្បីត្រៀមរៀបចំធ្វើអនាម័យ បរិស្ថាន ដោយដាក់គ្រឿងចក្រឈូសសម្អាតដីពង្រីកផ្លូវ និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ កាលល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក លន់ សុភ័ណ្ឌ ពលរដ្ឋរស់នៅជាប់ផ្លូវបេតុងខាងលើ បានបង្ហាញការគាំទ្រ​ចំពោះការចុះពិនិត្យរបស់អាជ្ញាធរដោយលើកឡើងថា ការដាក់បង្គោលភ្លើង និងពង្រីកផ្លូវ នឹងជួយឲ្យការធ្វើដំណើរពេលរាត្រីមានសុវត្ថិភាពជាងមុន។ លោក រីករាយចូលរួមជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែប្រសើរ។

ដោយឡែក អ្នកស្រី ជុំ អូន ជាពលរដ្ឋ បានលើកឡើងដែរថា អ្នកស្រី យល់ព្រមសហការជាមួយអាជ្ញាធរ ដើម្បីធ្វើការអភិវឌ្ឍន៍។ បើមានផ្លូវស្អាត និងភ្លើងបំភ្លឺចេញចូលលំនៅឋាន អ្នកស្រី ក៏ងាយស្រួលជាងមុន និងមានសុវត្ថិភាពផងដែរ។

ជាមួយគ្នានេះ ពលរដ្ឋភូមិឃ្លាំងសាំង បានបង្ហាញការគាំទ្រចំពោះចំណាត់ការរដ្ឋបាលខណ្ឌ និងបានពេញចិត្តក្នុងការចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរួមចំណែករក្សាបរិស្ថាន និងបង្កើនសោភ័ណភាពសហគមន៍របស់ខ្លួន៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម