ព័ត៌មានជាតិ
អ្វីជាអាថ៌កំបាំង? ក្រោយថៃសុំលើកពេលកិច្ចប្រជុំពិសេសអាស៊ាន ក្នុងពេលថៃបន្តឈ្លានពានកម្ពុជា
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បានបញ្ជាក់កាលពីថ្ងៃពុធនេះ ថា កម្ពុជា និងថៃ បានយល់ព្រមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងគូឡាឡាំពួ បន្ទាប់ពីត្រូវបានលើកពេល តាមការស្នើពីភាគីថៃ ដោយកិច្ចប្រជុំនឹងជជែកលើបញ្ហាជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ដែលកំពុងរាលដាលកាន់តែខ្លាំង។ សំណើរបស់ថៃ ត្រូវបានអ្នកជំនាញមើលឃើញថា ជាយុទ្ធសាស្ត្រពន្យារពេលរបស់ថៃ ក្នុងពេលខ្លួនបារម្ភចំពោះភស្តុតាងដែលនឹងត្រូវបង្ហាញដោយផ្កាយរណបពីការវាយប្រហារនៅតំបន់ព្រំដែន។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ មើលឃើញថា ទីក្រុងបាងកកហាក់ដូចជាកំពុងពន្យារពេលវេលា ដើម្បីបង្កើតសាច់រឿងការទូត (Diplomatic Narrative) របស់ខ្លួន ជាពិសេសការទទូចរបស់ខ្លួនលើលក្ខខណ្ឌជាមុនសម្រាប់បទឈប់បាញ់ណាមួយ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទម្លាក់កំហុសលើប្រទេសកម្ពុជាថាជាអ្នកឈ្លានពាន។
សម្រាប់ទស្សនៈលោក ថុង ម៉េងដាវីត ការពន្យារពេលនេះអនុញ្ញាតឱ្យថៃគ្រប់គ្រងប្រតិបត្តិការយោធាកាន់តែសកម្ម ដើម្បីជាឱកាសបន្ថែមក្នុងការវាយយកតំបន់យុទ្ធសាស្រ្តមួយចំនួននៅតាមបណ្តោយព្រំដែន ស្របពេលរដ្ឋាភិបាលថៃក៏កំពុងតែធ្វើការសម្របសម្រួលផ្ទៃក្នុង មុនពេលប្រឈមមុខនឹងការត្រួតពិនិត្យក្នុងតំបន់។ ការពន្យារពេលទៀតសោត លោក ដាវីត និយាយថា អាចជាលេសរបស់ថៃក្នុងការរៀបចំឯកសារផ្សេងៗ ដើម្បីទប់ទល់នឹងភស្តុតាងរបស់កម្ពុជា។

ចំណែកប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា ចាត់ទុកកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានពេលនេះ ជារឿងសំខាន់ ដើម្បីជជែកពិភាក្សាលើបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ពិសេសការបន្តវាយប្រហាររបស់យោធាថៃមកលើកម្ពុជា។ លោក ថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ដែលផ្ដួចផ្ដើមពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបរាជ័យ ក្រោយភាគីថៃទាត់ចោល ហើយចាប់ផ្ដើមបើកការវាយប្រហារឡើងវិញ។
ថ្លែងប្រាប់កម្ពុជាថ្មី លោក ពុយ គា មើលឃើញថា នៅពេលមានការកោះប្រជុំបន្ទាន់របស់អាស៊ាន កម្ពុជាប្រកាសចូលរួមដោយគ្មានការរារែក ក៏ប៉ុន្តែបែរជាភាគីថៃទៅវិញទេ ដែលបានសុំពន្យារពេល។ ប្រធានក្លិបអ្នកកាសែតកម្ពុជា ថា ភាគីថៃហាក់កំពុងតែព្រួយបារម្ភនូវភស្តុតាងមួយចំនួន នៅក្នុងពេលដែលម៉ាឡេស៊ី ក៏ដូចជាសហរដ្ឋអាមេរិក បានបង្ហាញពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបក្នុងការតាមដានពីសកម្មភាពវាយប្រហារនៅតំបន់ព្រំដែនកម្ពុជា និងថៃ។

ប៉ុន្តែលោក ពុយ គា រំពឹងថា កិច្ចប្រជុំនៅថ្ងៃទី២២ ខែធ្នូខាងមុខ នឹងធ្វើឡើងតាមការគ្រោងទុក ខណៈលោកក៏បានលើកឡើងពីការវិភាគមួយចំនួនដែលមានការបារម្ភចំពោះភាពក្រឡេចក្រឡុចរបស់ភាគីថៃ អាចមានការប្រែប្រួលដោយប្រការណាមួយ ក្រោមហេតុផលផ្សេងទៀត។
គួរឱ្យដឹងថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានគ្រោងធ្វើកាលពីថ្ងៃទី១៦ ខែធ្នូ ប៉ុន្តែកិច្ចប្រជុំត្រូវបានលើកពេលទៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥វិញ តាមការស្នើសុំរបស់ប្រទេសថៃ។ អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជា លោក នង សាកល បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់លោក កាលពីថ្ងៃអង្គារ ថា កម្ពុជារង់ចាំចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងសម្រេចបានលទ្ធផលវិជ្ជមានដល់គ្រប់ភាគី។

ខណៈកិច្ចប្រជុំបន្ទាន់របស់អាស៊ាន ត្រូវបានលើកពេល គេក៏ឃើញវត្តមានមហាអំណាចចិន ចេញមកអះអាងពីការចូលខ្លួនជួយស្វែងរកដំណោះស្រាយសម្រាប់ជម្លោះកម្ពុជា និងថៃផងដែរ។ លោក ហ្គួ ជាគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន អះអាងកាលពីថ្ងៃទី១៧ ខែធ្នូ ថា ចិននឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី១៨ ខែធ្នូនេះ ដើម្បីសម្របសម្រួលឱ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
លោក ពុយ គា ថា វត្តមានរបស់មហាអំណាចចិន ជាការជំនួសឱ្យតួនាទីរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ដែលត្រូវបានរំពឹងថា នឹងអាចកាត់បន្ថយភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា និងថៃពេលនេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


