Connect with us

ព័ត៌មានជាតិ

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើកុំចែកចាយព័ត៌មានក្លែងក្លាយជុំវិញជម្លោះព្រំដែន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ស្នើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ជម្លោះព្រំដែន។ ការអំពាវជាថ្មីនេះ ខណៈថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើបច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានអំពាវនាវថា៖«ខណៈរាជរដ្ឋាភិបាល ក្រសួងព័ត៌មានកំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបំពុលផ្សេងៗ សូមសាធារណៈជនកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ»។ ជាពិសេសព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើង ។ លោកបានស្នើឱ្យអ្នកប្រើបណ្តាញសង្គមចូលរួមទាំងអស់គ្នា ក្នុងកាលៈទេសៈដែលយើងជួបការលំបាកនេះ កុំបង្ហាញរូបភាពដែលក្រសួងព័ត៌មានបានអំពាវនាវ និងហាមឃាត់មិនឱ្យផ្សាយ/ចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

លោក ទេព អស្នារិទ្ធ បញ្ជាក់ថា៖«ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃក៏បានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ»។

បើតាមអ្នកនាំពាក្យ គិតចាប់តាំងពីថ្ងៃថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ មកដល់ថ្ងៃទី១៩ ធ្នូ នេះ មានព័ត៌មានក្លែងក្លាយប្រមាណ ២១៨ ករណី ដែលក្រសួងព័ត៌មានបានអនុវត្តវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរខេត្តពាក់ព័ន្ធ។ ភាគច្រើននៃព័ត៌មានក្លែងក្លាយទាំងនោះមានប្រភពចេញមកពីថៃ និងក្រុមអគតិក្រៅប្រទេស ដែលបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។

សូមប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាពព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស និងសូមចូលរួម«Report» ផុស និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គម ដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម