Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបើកសមយុទ្ធជុំវិញតៃវ៉ាន់ និង​ព្រមានប្រឆាំងឯករាជ្យភាព និងការជ្រៀតជ្រែកពីបរទេស

បានផុស

នៅ

នៅថ្ងៃទី២៩ខែធ្នូ ប្រទេសចិនបានចល័តកម្លាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់ សម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលខ្លួនបាននិយាយថា មានបំណងធ្វើជា «ការព្រមានយ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកយោធាពីខាងក្រៅ។

សមយុទ្ធ​ចិន​ជុំវិញ​កោះ​តៃវ៉ាន់​កាល​ពី​ខែ​មេសា​២០២៥ (រូបថត៖ កងទ័ព​ចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ បញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាន​ឲ្យដឹងថា ប្រតិបត្តិការដែលត្រូវបានដាក់ឈ្មោះថា «បេសកកម្មយុត្តិធម៌២០២៥ (Just Mission 2025)» នឹងរួមបញ្ចូលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃទី៣០ខែធ្នូ និងការដាក់កម្រិតលើលំហសមុទ្រ និងលំហអាកាសនៅក្នុងតំបន់ចំនួន​៥ជុំវិញកោះតៃវ៉ាន់ រយៈពេល១០ម៉ោង។

លោក Shi Yi អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអបគមន៍ “ឯករាជ្យភាពតៃវ៉ាន់” និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ»។

លោកបានបន្តថា សមយុទ្ធនេះផ្តោតលើការល្បាតត្រៀមប្រយុទ្ធ ការត្រួតពិនិត្យរួមគ្នានៅលើសមុទ្រ និងអាកាស ការបិទខ្ទប់កំពង់ផែ និងតំបន់សំខាន់ៗ និងការធ្វើ «ការរារាំងពហុវិមាត្រ»។

សមយុទ្ធនេះ គឺជាការធ្វើសមយុទ្ធយោធាធំៗជុំវិញកោះតៃវ៉ាន់លើកទី៦ របស់ចិន ចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកនាពេលនោះ គឺលោកស្រី Nancy Pelosi ហើយវាបានកើតឡើងចំពេលមានការប្រើវោហាសាស្ត្រកាន់តែខ្លាំងឡើងជុំវិញការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។

វាក៏បានកើតឡើងបន្ទាប់ពីការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលបានលើកឡើងថា ការវាយប្រហារណាមួយពីសំណាក់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ ក៏ដូចជាការប្រកាសនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោន អំពីការលក់អាវុធតម្លៃ ១១,១ពាន់លានដុល្លារដល់តៃវ៉ាន់ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតមិនធ្លាប់មាន។

ខណៈពេលដែលកងទ័ព PLA ធ្លាប់បានហ្វឹកហាត់ការបិទខ្ទប់ជុំវិញកោះតៃវ៉ាន់កាលពីមុន នេះជាលើកទីមួយហើយដែលទីក្រុងប៉េកាំងបានកំណត់ក្របខ័ណ្ឌសមយុទ្ធបែបនេះយ៉ាងច្បាស់ថាជាការរារាំងប្រឆាំងនឹងការជ្រៀតជ្រែកយោធាបរទេស ជាជាងផ្តោតតែលើទីក្រុងតៃប៉ិតែមួយមុខ។

ប្រទេសចិនបានចេញផ្សាយផ្ទាំងរូបភាពឃោសនាមួយដែលមានចំណងជើងថា «ខែលនៃយុត្តិធម៌៖ ការបំបែកការយល់ច្រឡំ» (Shields of Justice: Smashing Illusions) ដោយបង្ហាញរូបភាពយន្តហោះ និងនាវាចម្បាំងរបស់កងទ័ព PLA រួមជាមួយរូបភាពតំណាងឲ្យជាតិនិយម ដែលសង្កត់ធ្ងន់លើសារនយោបាយនៅពីក្រោយសមយុទ្ធនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ មិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ។ ប្រទេសចិនបានទាមទារតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន ដែលជាជំហរមួយដែលទីក្រុងតៃប៉ិបានបដិសេធ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម