Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុងសំឡឹងមើល យន្តហោះលំដាប់ពិភពលោក Boeing ដើម្បីពង្រឹងវិស័យអាកាសចរណ៍

បានផុស

នៅ

ប្រទេសកម្ពុជាកំពុងធ្វើការស្វែងយល់អំពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) របស់អាម៉េរិកដើម្បីនាំយកនូវប្រភេទយន្តហោះលំដាប់ពិលោកនេះមកដាក់ឱ្យដំណើការក្នុងវិស័យអាកាសចរណ៍របស់ខ្លួន។ ការណ៍នេះ ក៏ជាការបោះជំហ៊ានថ្មីដើម្បីឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាបានប្រកាសកាលពីខែសីហាកន្លងទៅនេះថានឹងទិញយន្តហោះប្រភេទនេះចំនួន១០គ្រឿងក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីដើមខែសីហា ឆ្នាំ២០២៥ ជាការឆ្លើយតបទៅនឹងការកាត់បន្ថយអទិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នឹងទិញយន្តហោះ Boeing 737 MAX 8 ចំនួន ១០គ្រឿង ដោយភ្ជាប់ជាមួយជម្រើសទិញយន្តហោះប្រភេទនេះ ១០គ្រឿងបន្ថែម។ ​ លោកថាសម្រាប់ការប្រគល់លើកដំបូងរំពឹងនៅត្រឹមឆ្នាំ២០៣១។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅ​ទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូបានទស្សនា​ និងស្វែងយល់​ពីខ្សែច្រវាក់ផលិត​កម្មយន្ត​ហោះ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ប៊ូអ៊ីង ដោយទទួលបានចំណេះដឹង​បន្ថែម​អំពីប​ច្ចេកវិទ្យាផលិត និងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ប្រព័ន្ធពិនិត្យ និងធានាគុណភាព និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព អនុលោមតាម​ស្តង់ដាជាតិ និងអន្តរជាតិ។​

គណៈប្រតិភូក៏បានធ្វើការពិភាក្សាអំពីលក្ខណ្ឌបច្ចេកទេស និងប្រតិបត្តិការ​យ៉ាងលម្អិត​ផ្តោតលើយន្តហោះក្នុងចង្កោមគ្រួសារប្រភេទយន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX aircraft family) រួមមានសមត្ថភាពយន្តហោះ, ការកែលម្អសុវត្ថិភាព, ការគាំទ្រការថែទាំ, និងការរៀបចំផែនការចូលប្រើប្រាស់សេវាកម្មផងដែរ។

ដំណើរទស្សនកិច្ចនោះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​រវាងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនប៊ូអ៊ីង ជាពិសេសគាំទ្រដល់ការសម្របសម្រួល ក៏ដូចជាការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិធាន និងបទប្បញ្ញត្តិបច្ចេកទេស ដោយធានាបានថា​ប្រតិបត្តិការយន្តហោះប្រភេទនេះនាពេលអនាគតត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ និងស្តង់ដាលទ្ធភាពហោះហើរយ៉ាងពេញលេញ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/K6) បានបញ្ចប់ការបញ្ជាទិញយន្ត​ហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន ១០ គ្រឿងជាផ្លូវការរួច​រាល់​ហើយ ដែលបង្ហាញពីការជឿជាក់យ៉ាងខ្លាំងលើកំណត់ត្រាសុវត្ថិភាព សមត្ថភាព​បច្ចេកវិទ្យាកម្រិត​ខ្ពស់ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់​យន្តហោះ​ប្រភេទនេះ។

លោកបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា និងក្រុមហ៊ុនប៊ូអ៊ីង ដែលបានសម្រេចនូវ​កិច្ចព្រម​ព្រៀង​ជាប្រវត្តិសាស្ត្រលើការទទួល ទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់​ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០៣១ ខាងមុខនេះ។ 

ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជានឹងនាំមកនូវសារៈ​ប្រយោជន៍ជា​ រួម​ចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើន​ប្រកបដោយចីរភាព​នៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម