Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះរោងបាយក្រោយផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យខូចខាតសម្ភារៈមួយចំនួន នៅសង្កាត់ស្ទឹងមានជ័យទី ០២

បានផុស

នៅ

ឆ្លង​ចរន្ត​អគ្គិសនី​ឆាបឆេះ​រោង​បាយ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ចំនួន ០២ គ្រឿង ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ធំ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៥ និង ៣០ នាទី​ទៀបភ្លឺ ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ ២២៤ ផ្លូវលំ ភូមិ​ឫស្សី ០៣ សង្កាត់​ស្ទឹងមានជ័យ​ទី ០២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួកគាត់​ដែល​ជា​អ្នក​រស់នៅ​ក្បែរ​ខាង​គ្នា​ជាមួយ​ម្ចាស់ផ្ទះ​រងគ្រោះ ខណៈ​ទើប​តែ​ភ្ញាក់​ពី​សម្រាន្ត បាន​ឮ​សំឡេង​ផ្ទុះ ០១ ទៅ​០២ ដង ដែរ ប៉ុន្តែ​បាន​រត់ចេញ​ពី​ក្នុង​ផ្ទះ​ស្ទុះ​ចេញ​ក្រៅ ដើម្បី​រកមើល តែ​មិន​ឃើញ​មាន​អ្វី ទើប​មិន​បាន​ចាប់​អារម្មណ៍ ក៏​ត្រឡប់​ចូល​ផ្ទះ​វិញ។

ប្រជាពលរដ្ឋ​ដដែល បាន​បន្ត​ថា លុះ​មួយ​សន្ទុះ​ក្រោយមក មាន​ធុំក្លិន​ផ្សែង​ឈ្ងៀម ដោយ​កើត​ចិត្ត​សង្ស័យ ពួកគាត់​ក៏​ចេញ​ទៅ​មើល​ម្តង​ទៀត ឃើញ​រោង​បាយ​ម្ចាស់ផ្ទះ​រងគ្រោះ​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ។ ភ្លាមៗ ពួកគាត់ ​ក៏បាន​ប្រញាប់​រាយការណ៍​ជូន​​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​បន្ត​ទាក់ទង​ទៅកាន់​នគរបាល​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ពន្លត់​នៅ​ទីតាំង​ខាង​លើ ជៀសវាង​មាន​ការ​រាលដាល​កាន់តែ​ខ្លាំង​បន្ត​ទៀត។

អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​រោង​បាយ​ឈើ​ប្រក់​ស័ង្កសី ចំនួន ០១ រោង រួមមាន ៖ ម៉ូតូ​ចំនួន ០២ គ្រឿង​ , កុំព្យូទ័រ​យួរ​ដៃ​ ០១ គ្រឿង ​, ទូទឹកកក ០១​ គ្រឿង ​, ម៉ាស៊ីន​បោក​សំលៀកបំពាក់ ០១​ គ្រឿង ​, ម៉ាស៊ីន​ចម្រោះ​ទឹក​ក្តៅ​ទឹក​ត្រជាក់ ០១​ គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ក្នុង​នោះ រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ , រថយន្ត​ជំនួយ​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា មកដល់​ទីតាំង​ចំនួន ០៦ គ្រឿង បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម