Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ថាជា​ «ប្រវត្តិសាស្រ្ត» ដោយអាមេរិកអាចបង្កើនការនាំចេញ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បាន​ហៅកិច្ចព្រមព្រៀងឥណ្ឌា-សហរដ្ឋអាមេរិកដែលទើបសម្រេចឡើងថ្មីៗនេះ ថាជា ​«កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ» ​ដែលនឹង​ពង្រីកការនាំចេញថាមពលរបស់អាមេរិក​ជាពិសេសធ្យូងថ្ម ខណៈ​ពង្រឹងចំណងសេដ្ឋកិច្ចទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែត The Economic Times នាព្រឹកថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា៖ «ឥឡូវនេះ អាមេរិកគឺជាប្រទេសផលិតថាមពលលំដាប់លេខ១នៅលើពិភពលោក​។ យើងកំពុងក្លាយជាប្រទេសនាំចេញថាមពលដ៏ធំមួយ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបាន​សម្រេច​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយប្រទេសជប៉ុន កូរ៉េ ឥណ្ឌា និងប្រទេសដទៃទៀត ដើម្បីបង្កើនការនាំចេញឱ្យខ្លាំងនូវធ្យូងថ្មរបស់យើង​។ គុណភាពធ្យូងថ្មរបស់យើង ​ត្រូវបាន​គេទទួលស្គាល់ថា​ល្អបំផុត​គ្រប់​កន្លែងក្នុងពិភពលោក»។

ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអាមេរិក​បាន​​ចេញផ្សាយក្របខ័ណ្ឌមួយដែលគូសបញ្ជាក់ពីមាគ៌ាឆ្ពោះទៅមុខសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នជាមួយឥណ្ឌា មុនឈានទៅដល់កិច្ចព្រមព្រៀងធំទូលាយនាពេលខាងមុខ។

ចំណុចស្នូលនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្ន គឺការកាត់ពន្ធរបស់អាមេរិកលើទំនិញឥណ្ឌា ពី ៥០% មកត្រឹម ១៨% ដែលគ្របដណ្ដប់លើទំនិញផ្សេងៗ​ដូចជា វាយនភណ្ឌ សម្លៀកបំពាក់ ស្បែក ផ្លាស្ទិច សារធាតុគីមី ​គ្រឿង​តុបតែងផ្ទះ និងគ្រឿងចក្រមួយចំនួន។

ក្នុងពេលជាមួយគ្នានោះ ឥណ្ឌាបានយល់ព្រមលុបបំបាត់ ឬកាត់បន្ថយពន្ធលើផលិតផលឧស្សាហកម្ម ថាមពល និងអាហាររបស់អាមេរិកជាច្រើនប្រភេទ រួមទាំងគ្រាប់ធញ្ញជាតិស្ងួត គ្រាប់ផ្លែឈើ ប្រេងសណ្តែកសៀង ស្រា និងស្រាវីស្គី ខណៈ​រក្សាពន្ធលើទំនិញ​កសិកម្ម និងផលិតផលទឹកដោះគោ​ ដែលងាយរងគ្រោះ ប្រសិន​បើឥណ្ឌាបើកការនាំចូលសេរី។

ឥណ្ឌាបានហៅកិច្ចព្រមព្រៀង ថាជាជំហានមួយដែលមានតុល្យភាព និងក្រិតតាមខ្នាតឆ្ពោះទៅរកការពង្រីកពាណិជ្ជកម្មទ្វេភាគីដល់ ៥០០ ប៊ីលានដុល្លារ​។ កិច្ចព្រមព្រៀងដដែល ធ្វើឡើងជិតមួយឆ្នាំ ក្រោយការចរចា​ចាប់ផ្តើម​ក្នុងខែកុម្ភៈ ឆ្នាំមុន និងក្រោយអាមេរិកដំឡើងពន្ធជាថ្មីលើឥណ្ឌាដល់ ៥០% ចំពោះការទិញប្រេងរុស្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម