Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុន​កែច្នៃ​ស្វាយចន្ទី​ សន្យា​ផ្ដល់​តម្លៃ​ប្រកួត​ប្រជែង​សម្រាប់​កសិករ​

បានផុស

នៅ

ក្រុម​ហ៊ុន​កែច្នៃ​គ្រាប់ស្វាយចន្ទី ​បាន​សន្យា​ផ្ដល់​តម្លៃ​ប្រកួតប្រជែង​សម្រាប់​កសិករ​នា​រដូវ​ប្រមូលផល​ឆ្នាំ ២០២៦។ ​ការ​ប្រមូលផលគ្រាប់ស្វាយចន្ទីនៅរដូវកាលថ្មី នឹង​ត្រូវ​ពន្យា​ពេលដល់ខែ​មេសា ​ដោយសារ​អាកាសធាតុបាន​ធ្វើ​ឱ្យ​ចន្ទី​ទុំ​យឺត​ជាង​ការ​រំពឹង​ទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសន្យា​របស់​សហគ្រាស​កែច្នៃ ​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួបធុរកិច្ច ​(B2B) ​ដែលរៀបចំដោយ​សមា​គម​ស្វាយ​ចន្ទីកម្ពុជា ​ជាមួយ​តំណាង​សហគមន៍​កសិកម្ម នៅ​ខេត្តកំពង់ធំ​ កាលពីថ្ងៃទី ២២ ខែកុម្ភៈ​។​

ជាជំនួបរៀបចំឡើង​ ដើម្បី​ពង្រឹង​ខ្សែច្រវាក់តម្លៃស្វាយចន្ទី​របស់កម្ពុជា ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីអាចលក់បានតម្លៃ ៦១០០ រៀល (លក់នៅចម្ការ) ក្នុងមួយគីឡូក្រាម។ ​

​លោក អួន ​ស៊ីឡុត ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​ មានប្រសាសន៍ថា ​សមាគម​ នៅតែ​បន្តស្វែងរក​ដំណោះស្រាយជាក់ស្តែងសម្រាប់ទាំងកសិករ ​និង​អ្នកទិញ​ ដើម្បី​ជួយ​ឱ្យ​ពួកគេ​សម្រេច​បាន​នូវកិច្ច​ព្រម​ព្រៀង​ដែលផ្តល់​ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ​

កាលពីរដូវកាលមុន ​សមាគម​ស្វាយ​ចន្ទី​ បានរៀបចំកម្មវិធីជំនួបធុរកិច្ច (B2B) ចំនួន ៣ លើក ក្នុង​គោល​បំណងកាត់បន្ថយការហូរចេញនៃគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសជិតខាង ដើម្បីរក្សា​ស្ថិរ​ភាពតម្លៃក្នុងស្រុក។ ​

​កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកក្នុង​ការរក្សាតម្លៃគ្រាប់​ស្វាយ​ចន្ទី​ឆៅ​ឱ្យស្ថិតក្នុងកម្រិត​ដែល​អាច​ទទួល​យកបាន ​ក្នុង​រយៈពេល​ពីរឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនចំនួន ៦ ដែលបានចូលរួមជំនួបធុរកិច្ចនេះរួមមាន៖ ក្រុមហ៊ុន CSNC Agriculture Co., Ltd, ក្រុមហ៊ុន Khmer Agro Cashew Co., Ltd, ក្រុមហ៊ុន Harvest Centre (Cambodia) Co., Ltd, ក្រុមហ៊ុន Mirarth Agritec Co., Ltd, ក្រុមហ៊ុន Pinex Agro Co., Ltd និង Giant Cashew Enterprise។

​ទិន្នផលគ្រាប់ស្វាយចន្ទីរបស់​កម្ពុជា​រំពឹង​សម្រេចបាន ៨០ ម៉ឺនតោន ​ដល់ ១ ​លានតោន ​នៅក្នុងរដូវ​ប្រមូល​ផលឆ្នាំ ២០២៦ ​ដោយសារ​ការកើនឡើង ​នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយ​ផលពីអាកាស​ធាតុ។ ​

​យោងតាម​សមាគមស្វាយចន្ទី​កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការនាំចេញគ្រាប់​ស្វាយ​ចន្ទីឆៅ ១ លានតោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ ​កម្ពុជា​មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ​៧៤ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម