ព័ត៌មានជាតិ
កិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅភ្នំពេញ នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងរៀបចំនៅរាជធានីរបស់ប្រទេសកម្ពុជា ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចទៅកាន់ចំណោមមេដឹកនាំនៃក្រុមប្រទេសនិយាយភាសាបារាំង។ នេះជាការរំពឹងទុករបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ថ្នាក់ដឹកនាំទាំងពីរ សង្ឃឹមថា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលជាច្រើននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលជាឱកាសល្អ សម្រាប់ស្វែងយល់ពីសម្បត្តិវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ក្ដីរំពឹងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្នុងឱកាសលោកស្រី Louise MUSHIKIWABO មកធ្វើទស្សនកិច្ចការងារនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៧ ខែមីនា ប៉ុន្តែទើបតែចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែមីនានេះ បានឱ្យដឹងថា ក្នុងជំនួបនេះ លោក ប្រាក់ សុខុន និងលោកស្រី អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានពិភាក្សាពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការពិភាក្សាគឺបានផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពី២៩ឆ្នាំកន្លងទៅ។ តាមសេចក្ដីប្រកាសដដែល ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃការលើកកម្ពស់តម្លៃនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនីនៅក្នុងបរិបទនៃការកើនឡើងអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។

គួរជម្រាបឱ្យដឹងថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ និងព្រឹត្តិការណ៍អមសំខាន់ៗដូចជា «ភូមិហ្វ្រង់កូហ្វូនី» និង«ហ្វ្រង់កូតិច» ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


