Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ លើកទឹកចិត្តប្រជាជនឱ្យអានសៀវភៅ បង្កើនការច្នៃប្រឌិត និងត្រិះរិះបានត្រឹមត្រូវ

បានផុស

នៅ

ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តដល់ប្រជាជន ជាពិសេសយុវជន ងាកមកអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនការគិត ត្រិះរិះបានត្រឹមត្រូវ ដោយគូសបញ្ជាក់ថាពេលកម្ពុជាមានធនធានមនុស្សល្អៗនោះនឹងរួមចំណែកជួយកសាងប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធសៀវភៅ “ជម្នះរស់” កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកពីសារៈសំខាន់នៃការអាន ដោយគូសបញ្ជាក់ថា ការអានធ្វើឱ្យយើងដឹងច្រើនណាស់ បង្កើនការគិត ច្នៃប្រឌិត និងត្រិះរិះពិចារណាបានត្រឹមត្រូវ។ ឯកឧត្តមមានប្រសាសន៍ថា៖« អានសៀវភៅធ្វើឱ្យខួរក្បាលយើងរីក ចេះគិត បន្តបន្ទាប់គ្នារហូត។ ការអានខុសអំពីការស្តាប់ និងមើលរូប។ ពេលអានយើងឈប់ពេលណាក៏បាន ឃើញពាក្យមួយឃ្លាល្អ ឬថ្មី យើងឈប់ ហើយខួរក្បាលយើងគិត ចឹងការអានពង្រីកខួរក្បាល»។

ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៃការអានសៀវភៅ ដោយបច្ចុប្បន្ន ឯកឧត្តមមានអាយុ ៧៥ឆ្នាំ ទទួលស្គាល់ថា ការអានមានផលប្រយោជន៍ជាងមើល និងស្តាប់ ប៉ុន្តែមិនមែនមានន័យថា ការមើលហើយស្តាប់អត់ប្រយោជន៍ទេ គឺមានប្រយោជន៍ដូចគ្នា គ្រាន់តែការអានមិនត្រឹមបង្កើនចំណេះដឹងថែមទាំងបង្កើនរបៀបគិត។ ឯកឧត្តមបញ្ជាក់ថា៖« ចឹងការអានពង្រីកការគិត គំនិតខួរក្បាលនេះវាធ្វើឱ្យខួរក្បាលរីកចម្រើន ដុះឬសបានច្រើនជាងយើងអង្គុយគិតធម្មតា»។
ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តពលរដ្ឋកម្ពុជាអានសៀវភៅឱ្យបានច្រើនក្លាយជាធនធានមនុស្សសម្រាប់កសាងសង្គមជាតិ ដោយបានលើកករណីជាក់ស្តែងថា ប្រជាជនអ៊ីស្រាអែលមានចំនួនតិច ប៉ុន្តែពលរដ្ឋពោរពេញដោយសមត្ថភាព មានខួរក្បាលខ្លាំងដោយសារពួកគេទទួលបានការអប់រំ ​និងចូលចិត្តអានសៀវភៅ។

បើតាមឯកឧត្តម ៖«សម្រាប់ខ្ញុំការរៀន៥០%បានមកពីគ្រូ និង៥០%ទៀតបានមកពីការអាន។ ការអានធ្វើឱ្យយើងដឹងច្រើនណាស់។ ខ្ញុំចូលចិត្តអានសៀវភៅគ្រប់មុខ ប៉ុន្តែទម្លាប់ខ្ញុំអត់មើលសៀវភៅស្រាវជ្រាវមុនពេលចូលគេងទេ ព្រោះធ្វើឱ្យខួរក្បាលយើងរវល់»។ យ៉ាងណាមិញ ឯកឧត្តម ក៏បានកត់សម្គាល់ថា យុវជនកម្ពុជាមួយចំនួននាពេលបច្ចុប្បន្នមានគំនិតច្នៃប្រឌិតខ្ពស់ និងចេះសាមគ្គីគ្នា បើទោះបីជាយុវជនមួយចំនួនទៀតមិនសូវបានទទួលការអប់រំក្តី។

ឯកឧត្តម ក៏បានចែករំលែកគន្លឹះនៃការអានថា៖« យើងអានសៀវភៅដែលចូលចិត្ត បើយើងចូលចិត្តអានចាំបានយូរ បើមិនចូលចិត្ តចាំអត់យូរទេ បើមើលសៀវភៅស្រាវជ្រាវត្រូវមានកំណត់ហេតុ និងស្រង់ពាក្យ ត្រូវគូសទុក។ កាលខ្ញុំនៅរៀនអត់ពូកែចាំ ភ្នែក ត្រចៀកទេ គឺខ្ញុំសរសេរ និងអាន»។

ដើម្បីបន្សល់ទុកស្នាដៃដល់អ្នកជំនាន់ក្រោយ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិពន្ធសៀវភៅមានចំណងជើងថា «ជម្នេះរស់» ដែលមានគោលបំណងឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងយល់ដឹងអំពីការប្រែប្រួលនៃសង្គមខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់។ ឯកឧត្តមសង្កត់ធ្ងន់ថា ខ្លឹមសារនៅក្នុងសៀវភៅនេះ មិនមែនជាការវិភាគនយោបាយ ឬវិភាគសង្គមនោះទេ ប៉ុន្តែជាកំណត់ត្រាបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដែលចង់ចែករំលែកឱ្យប្រជាជនកម្ពុជាបានដឹង និងយល់ខ្លះៗអំពីសង្គមកម្ពុជាក្នុងអំឡុងពេលនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម