Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ពបញ្ជាក់ជាថ្មីពីជំហរកម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជាចំពោះការបន្តរក្សាការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ខណៈក្រុមអ្នកសង្កេតការអាស៊ាន (AOT) ត្រូវបានអគ្គមេបញ្ជាការទ័ពកម្ពុជា ចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ក្នុងការដោះសា្រយបញ្ហាព្រំដែននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនក្រុមអ្នកសង្កេតការអាស៊ាន (AOT) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ថា ការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺបានបង្ហាញអំពីសាមគ្គីភាព ឯកភាពរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ស្របពេលដែលសភាពការណ៍ពិភពលោកស្ថិតក្នុងភាពតានតឹង និងស្មុគស្វាញគួរឱ្យព្រួយបារម្ភ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការបង្កើតក្រុម AOT គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ហើយបេសកកម្មរបស់ក្រុម AOT នេះ នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ានដែលបានចូលរួមដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងសមាជិកអាស៊ានខ្លួនឯង។

លោកបានកោតសរសើរចំពោះក្រុម AOT ប្រចាំកម្ពុជា ដែលបានខិតខំដោយមិនរុញរានិងលះបង់គ្រប់កាលៈទេសៈ បើទោះបីបេសកកម្មតម្រូវឱ្យទៅសង្កេតការណ៍យប់ព្រលប់ ត្រួតពិនិត្យការកែសម្រួលសភាវុធ ក្រោមកម្ដៅថ្ងៃ និងភ្លៀង និងពេលខ្លះក្រោមសម្ពាធនៃការគំរាមកំហែងដោយស្នូរកាំភ្លើងពីភាគីម្ខាងទៀតក៏ដោយ។

«ក្នុងនាមជាប្រទេសសមាជិកអាស៊ាន យើងគួរថែរក្សាឱ្យបានសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីរួមគ្នាឆ្ពោះទៅរកសន្តិភាព វិបុលភាព និងការអភិវឌ្ឍ»។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដោយលោក បញ្ជាក់ថា សម្រាប់កម្ពុជា នៅតែបន្តរក្សាចំហរ និងការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ពីវេទិកាខាងលើ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានអរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ជាពិសេស រាជរដ្ឋាភិបាល និងកងទ័ពម៉ាឡេស៊ី ដែលបានគាំទ្រការអនុវត្តឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជា ក្នុងនាមជាគ្រួសារអាស៊ាន។ ខណៈក្នុងឆ្នាំ២០២៦នេះ ហ្វីលីពីន ដែលជាប្រធានអាស៊ាន លោក រំពឹងថា ហ្វីលីពីននឹងបន្តដឹកនាំក្រុម AOT ក្នុងការចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃបន្តទៀត ឱ្យវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ។

បើតាមរបាយការណ៍របស់់លោកវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុម AOT ក្នុងរយៈពេលជិត៧ខែមកនេះ ក្រុម AOT បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការតាមដានស្ថានភាពនៅទីតាំងជាក់ស្ដែង ការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងការគាំទ្រដល់កិច្ចខិតខំដើម្បីរក្សាឱ្យបានស្ថិរភាព ទប់ស្កាត់ការកើនឡើងនូវភាពតានតឹង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម