ព័ត៌មានជាតិ
រដ្ឋថយចំណូល៥០លានដុល្លារក្នុងមួយខែ ដើម្បីទប់កុំឱ្យប្រេងឥន្ធនៈឡើងថ្លៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងពីការថយចំណូលខ្ទង់៥០លានដុល្លារក្នុងមួយខែពីការនាំចូលប្រេងឥន្ធនៈ តាមរយៈការបញ្ចុះពន្ធ និងអាករពិសេស ក្នុងកាលៈទេសៈវិបត្តិប្រេងជាសកល បង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។ ទោះត្រូវបាត់ចំណូលនេះក្ដី តែសម្ដេចនាយករដ្ឋមន្ត្រីថា នេះជាវិធានការដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកបែបនេះ។

សម្ដេចធិបតីលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ថា ក្នុងស្ថានភាពមិនប្រាកដប្រជារបស់ពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកប្រជាពលរដ្ឋចោល ដោយគិតគូដល់ការលំបាករបស់ពួកគាត់នោះឡើយ។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែងជាបន្តបន្ទាប់។
តាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តី ជាជំហានដំបូង រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភទុនដល់វិស័យប្រេងឥន្ធនៈ ហើយបន្ទាប់មានការបញ្ចុះអត្រាពន្ធនាំចូលប្រេងឥន្ធនៈនិងអាករពិសេសលើយានជំនិះអគ្គិសនី ក្នុងដំណាក់កាលលំបាកនេះ។

រាជរដ្ឋាភិបាលបានបន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយបន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល ខណៈពន្ធគយបានចុះដល់សូន្យដុល្លារ។ បន្ថែមពីនេះ ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងសាំងពី៣០% មក១៥% នឹងប្រេងម៉ាស៊ូតពី៤% មក០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី១០% មក០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុប៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត។

តាមរយៈការបន្ថយអាករពិសេស និងពន្ធខាងលើនេះ សម្ដេចធិបតី អះអាងថា ក្នុងមួយខែ រដ្ឋត្រូវថយចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិក។ បន្ថែមពីនេះ ដើម្បីធានាតម្លៃអគ្គិសនី សម្ដេចនាយករដ្ឋមន្រ្តី ថា អគ្គិសនីកម្ពុជាក៏បានចំណាយខ្ទង់៣៥លានដុល្លារផងដែរ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ដើម្បីទប់តម្លៃកុំឱ្យឡើង។
នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក់ពីការត្រៀមនូវវិធានការមួយចំនួនថែមទៀតផងដែរសម្រាប់ស្ថានភាពមិនច្បាស់លាស់នេះ ដែលអាចបន្តក្នុងរយៈពេលវែង បើទោះជារដ្ឋត្រូវថយចំណូលក៏ដោយ។ សម្ដេច និយាយថា៖ «ទោះរដ្ឋថយ៥០លានដុល្លារក្នុងមួយខែ មិនតិចទេ តែ៥០លានក្នុងមួយខែនេះ រដ្ឋសុខចិត្តថយពន្ធ តែទុកលុយទៅឱ្យប្រជាពលរដ្ឋ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


