Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ក្រចេះ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីធានារបៀបរៀបរយសាធារណៈ ​

បានផុស

នៅ

ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងធានាបាននូវរបៀបរៀបរយសាធារណៈ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ អាជ្ញាធរសង្កាត់ក្រចេះ ខេត្តក្រចេះ​បានចុះយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់យ៉ាងសកម្ម។ ​

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារសណ្ដាប់ធ្នាប់សង្កាត់ក្រចេះ ដឹកនាំដោយ លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ ដោយមានការសហការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារក្រុង បានចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលតាំងលក់ទំនិញ និងដាក់សម្ភារៈផ្សេងៗរំលោភលើផ្លូវថ្មើរជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការនេះបានចាប់ផ្ដើមអនុវត្តចាប់ពីចំណុចស្ពានស រហូតដល់រង្វង់មូលព្រាបស ដែលជាតំបន់ស្នូលនៃបេះដូងក្រុងក្រចេះ និងជាទីតាំងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមាត់ទន្លេយ៉ាងច្រើនកុះករ។ ​

ក្នុងឱកាសនោះ លោកចៅសង្កាត់បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ក្នុងសង្កាត់ក្រចេះទាំងមូលនូវចំណុចសំខាន់ៗរួមមាន៖ ការចូលរួមជាអចិន្ត្រៃយ៍ ដោយសូមកុំឱ្យមានការដាក់លក់រំលោភលើចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងបង្កការកកស្ទះដល់អ្នកថ្មើរជើង ការជៀសវាងវិធានការច្បាប់ ដោយអាជ្ញាធរសំណូមពរឱ្យបងប្អូនសហការខ្ពស់កុំឱ្យក្លាយជា “ផ្ទាំងស៊ីប” នៃគំរូអាក្រក់ ដែលត្រូវឈានដល់ការធ្វើកិច្ចសន្យា ឬអនុវត្តវិធានការច្បាប់តឹងរ៉ឹងណាមួយ និង ការត្រៀមទទួលសង្ក្រាន្ត ដោយការរៀបចំនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានល្អបំផុត ក្នុងការស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តក្នុងខេត្តក្រចេះ ឱ្យមានភាពសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អ។ ​

សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការប្រែក្លាយក្រុងក្រចេះឱ្យទៅជាទីក្រុងស្អាត គួរឱ្យចង់ទស្សនា និងមានរបៀបរៀបរយបំផុតសម្រាប់ពិធីបុណ្យជាតិដ៏ធំខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម