Connect with us

ព័ត៌មានជាតិ

អណ្ដូងទឹក៥ទីតាំង ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភាប្រគល់ឱ្យកងទ័ពដែលឈរជើងនៅតំបន់ថ្មដា

បានផុស

នៅ

លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីនៃព្រឹទ្ធសភា និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាល និងប្រគល់អណ្ដូងទឹកចំនួន៥កន្លែង ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីនៅស្រុកវាលវែង ក្នុងតំបន់ថ្មដា ខេត្តពោធិ៍សាត់។ ជាមួយនឹងការផ្តល់នូវអណ្ដូងទឹក លោក ក៏បានប្រគល់សម្ភារៈប្រើប្រាស់មួយចំនួនដល់វីរយុទ្ធជន និងក្រុមគ្រួសាររបស់វីរយុទ្ធជនប្រមាណ៥០០គ្រួសារដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលសំណេះសំណាល ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករឭកពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងដឹងគុណចំពោះស្មារតីអង់អាចក្លាហាន និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់វីរយុទ្ធជន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងផ្សាភ្ជាប់ជានិច្ចជាមួយវីរកងទ័ពជួរមុខ ក្នុងការការពារទឹកដី ជាមួយគ្នានឹងការខិតខំស្វះស្វែងរិះរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ លោក ថា សន្តិភាព ត្រូវបានធានាតាមរយៈយន្តការអហិង្សា និងការទូតអន្តរជាតិ។

លោក អ៊ុច បូររិទ្ធ បាននិយាយថា «ថ្ងៃនេះ ជាថ្មីម្តងទៀត វត្តមានរបស់យើងខ្ញុំទាំងអស់គ្នាជាការបញ្ជាក់ជូនបងប្អូនអំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាបងប្អូននៅទូទាំងប្រទេស ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្នុងការរួមសុខ រួមទុក្ខ ជាមួយវីរយុទ្ធជនដ៏អង់អាចក្លាហានក្នុងការការពារទឹកដីមាតុភូមិរបស់យើង»។

សកម្មភាពឈ្លានពានកន្លងទៅ បានប្រែក្លាយជាកម្លាំងចលករជំរុញការលើកកម្ពស់ស្មារតីសាមគ្គី ឯកភាពជាតិរឹងមាំខ្លាំងក្លា ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ លោកប្រធានស្ដីទីព្រឹទ្ធសភា លើកឡើងបន្ថែមដូច្នេះ។

តាងនាមឱ្យកងទ័ពជួរមុខឧត្តមសេនីយ៍ឯក ធន ថាវរិន បានថ្លែងនូវអំណរគុណចំពោះលោក អ៊ុច បូររិទ្ធ និងគណៈប្រតិភូ ដែលបាននាំយកអំណោយជូនអង្គភាព និងបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី កងទ័ពកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ និងបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម