Connect with us

ព័ត៌មានជាតិ

ទ្វារទឹកអូរដូនពៅ បានបើកទម្លាក់ទឹកចូលអាងកំពីងពួយ ដើម្បីសង្គ្រោះស្រូវនៅក្នុងតំបន់នោះ

បានផុស

នៅ

ក្រុមជំនាញ នៃមន្ទីរធនធានទឹក និង ឧតុនិយម បានចុះទៅធ្វើការបើកទ្វារទឹកនៅចំណុចអូរដូនពៅ ទម្លាក់បង្ហូរចូលអាងកំពីងពួយ ដើម្បីសង្គ្រោះស្រូវក្នុងតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈចុងក្រោយនេះ ភាពរាំងស្ងួតកើតឡើងជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ហើយថ្មីៗ នេះ មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ក៏បានជូនដំណឹងឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារតែខេត្តនេះទទួលរងសម្ពាធ ការវិវត្ត នៃបាតុភូត (EI Nino) ធ្វើឲ្យខ្យល់មូសុងនិរតីថយចុះ និង បរិមាណទឹកភ្លៀងនៅខេត្តបាត់ដំបងថមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ ទាំងនេះអាចប្រឈមនឹងស្ថានភាពខ្វះទឹក និង គ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦។

ភាពរាំងស្ងួតនេះ ធ្វើឲ្យទឹកដែលស្តុកនៅក្នុងអាងកំពីងពួយ មានការស្រកចុះជាលំដាប់រហូតដល់បាតអាង។ ចំណែកស្រូវនៅជុំវិញតំបន់អាងទឹក ក៏មានការខ្វះខាត ធ្វើឲ្យស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់នោះ ចាប់ផ្ដើមក្រហមជាបណ្ដើរៗ គឺ ប្រឈមនឹងងាប់។ ចំពោះទឹកក្នុងអាងនេះ អាចផ្គត់ផ្គង់ដល់ស្រូវរបស់ប្រជាកសិករជាច្រើនស្រុកដូចជា ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល និង ក្រុងបាត់ដំបងជាដើម។

លោក នី ពៅ មេឃុំតាគ្រាម បានឲ្យដឹងថា ដោយសារកង្វះខាតទឹកបែបនេះ ទើបនៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ ម្សិលមិញនេះ ក្រុមជំនាញ នៃមន្ទីរធនធានទឹក និង ឧតុនិយម បានចុះទៅធ្វើការបើកទ្វារទឹកនៅចំណុចអូរដូនពៅ ដើម្បីទម្លាក់បង្ហូរចូលអាងកំពីងពួយ ដែលយប់មិញនេះ បានធ្លាក់ដល់អូរស្លាបប៉ាង ហើយ។

ការបើកទ្វារទឹកទម្លាក់ចូលទៅក្នុងអាងទឹកកំពីងពួយ នាពេលនេះ គឺប្រភពទឹកបានមកពីស្ទឹងមង្គលបុរី ដោយហូរកាត់តាមស្ទឹងក្តុលតាហែន ចូលទៅក្នុងស្ទឹងបវេល ទើបធ្លាក់មកក្នុងប្រឡាយអូរដូនពៅ ដែលបច្ចុប្បន្ននេះ ក៏មានប្រជាកសិករជាច្រើន បានដាក់ម៉ាស៊ីនបូមទឹក ដើម្បីបញ្ជូនបន្តគ្នាយកទៅស្រោចស្រពស្រែ បើទោះបីជាប្រភពទឹកដែលធ្លាក់ចូលមកក្នុងអាងទឹកកំពីងពួយ មិនមានច្រើនក៏ដោយ ក៏វាជាការសង្គ្រោះបឋមដល់ស្រូវផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម