នយោបាយ
សមាជបក្សខ្មែររួបរួមជាតិ សម្រេចជ្រើសតាំងអនុប្រធានបក្ស ៣រូប ក្នុងនោះក៏មានលោក យ៉ែម បុញ្ញឫទ្ធិ មួយរូបដែរ
ដូចការគ្រោងទុក នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ គណបក្សខ្មែររួបរួមជាតិ បានរៀបចំសមាជវិសាមញ្ញ ស្តីពី ការរួមបញ្ចូលគ្នាវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ឲ្យទៅជាគណបក្សតែមួយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅឆ្នាំ ២០២៣ខាងមុខ។

នៅក្នុងអង្គសមាជនេះ បានសម្រេចជ្រើសតាំងអនុប្រធានគណបក្ស ៣រូប រួមមាន៖ លោក យ៉ែម បុញ្ញឫទ្ធិ, លោក សុខ វិសាល, និងលោក ហេង ចន្ថា។ ក្នុងនោះ អង្គសមាជក៏បានជ្រើសតាំងលោក ស៊ឹង រ៉េត ជាអគ្គលេខាធិការគណបក្សខ្មែររួបរួមជាតិ ផងដែរ។

នៅក្នុងឱកាសនោះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងឲ្យដឹងថា អង្គសមាជវិសាមញ្ញនេះ មានសមាជិក-សមាជិកាមកពីគណបក្សនយោបាយមួយចំនួន មកចូលរួមជាមួយគណបក្សរបស់លោក រួមមាន៖ មកពីគណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សខ្មែរក្រោក, គណបក្សរស្មីខេមរា, និងគណបក្សខ្មែរអភិរក្សជាដើម។

ប្រធានគណបក្សខ្មែររួបរួមជាតិ បានចាត់ទុកថា ថ្ងៃនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលគណបក្សខ្មែររួបរួមជាតិរបស់លោក និងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ បានរួបរួមគ្នាជាគណបក្សតែមួយ ក្នុងគោលបំណងបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ដែលជាបង្កើតប៉ូល នយោបាយកណ្ដាលនិយម អព្យាក្រឹត្យ។

លោក ញឹក ប៊ុនឆៃ បានថ្លែងបន្តថា រូបលោក និងលោក យ៉ែម បុញ្ញឫទ្ធិ បានយល់ឃើញស្របគ្នាថា ការរួបរួមគ្នារវាងគណបក្សទាំងពីរ ដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីនេះ គឺបើកទូលាយ និងជំរុញលើកទឹកចិត្តឲ្យយុវជន យុវនារី-ស្ត្រី បានចូលរួមក្នុងនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រៀមលក្ខណៈបន្តវេន។
ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ បានអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណបក្សខ្មែររួបរួមជាតិ ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋាន សូមបើកទស្សនៈឲ្យទូលាយ និងបើកចិត្តឲ្យទូលាយ រួបរួមគ្នាបំពេញការងារដោយសកម្ម ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត នាឆ្នាំ ២០២៣ខាងមុខ។
សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានជួបពិភាក្សាគ្នា ដើម្បីឈានទៅរកការរួបរួមគ្នា ដោយជំនួបនេះ គឺធ្វើឡើងក្រោមអធិបតីភាពរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។
បន្ទាប់ពីការជួបពិភាក្សាអស់រយៈពេល ២ម៉ោង គណបក្សទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមាន ៧ប្រការ ដោយក្នុងប្រការ. ១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានឯកភាពគ្នារួមបញ្ចូលគ្នា ជាគណបក្សតែមួយ ដើម្បីបង្កើតប៉ូលនយោបាយថ្មី ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យសេរី ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។ ចំណែកនៅក្នុងប្រការ. ២វិញ គណបក្សទាំងពីរ បានឯកភាពគ្នាជ្រើសយកគណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតជាតិឆ្នាំ ២០២៣ខាងមុខ។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០ ២៣។ ក្នុងនោះ មានគណបក្សនយោបាយជាច្រើន បាននិងកំពុងត្រៀមខ្លួន ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ។
កាលពីពេលថ្មីៗនេះ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ ម៉ូនីកា បានសម្រេចរួបរួមជាមួយគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយអតីតគណបក្សប្រឆាំង ដោយគណបក្សរបស់កូនប្រុសលោក គង់ គាំ រូបនេះ មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ឆ្នាំ ២០២៣ឡើយ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការរួបរួមរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនាពេលនេះ នៅតែមិនមែនជាគូប្រជែង និងអាចយកឈ្នះជាមួយគណបក្សប្រជាជនកម្ពុជា បានឡើយ។ លោកថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ និងតែងតែទទួលបានជ័យជំនះ ជាបន្តបន្ទាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


