ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអនុញ្ញាតឲ្យគណៈប្រតិភូយុវជនមជ្ឈិមសហព័ន្ធយុវជនកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លេខាធិការទី ១ នៃមជ្ឈិមសហព័ន្ធយុវជនកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិស្ដីពីយុវជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧ មករា កាលពីព្រឹកថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងឱកាសជំនួបនោះ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ ដែលធានាបាននូវសុខុមាលភាពប្រជាជន, ការដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា ជាពិសេសការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាប៉ារ៉ាហ្គេម នាពេលឆាប់ៗនេះ។ លោកក៏បានបង្ហាញនូវការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ។

សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរដល់យុវជនទាំងពីរប្រទេស និងបានផ្ដាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីយុវជនជំនាន់មុន តាមរយៈ នៃការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសក្នុងការចាប់យកនូវចំណុចល្អ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូល នៃសុខសន្តិភាព។

សម្ដេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងយុវជនទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ។

កិច្ចពិភាក្សាបានផ្ដោតលើបទពិសោធន៍របស់ស្ថាប័នយុវជន នៃប្រទេសទាំង ២ ក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេសលើការប្រយុទ្ធប្រឆាំងដោយជោគជ័យ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្ដូរបទពិសោធន៍ការងារ គណៈប្រតិភូ នៃប្រទេសទាំង ២ បានប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេសក្នុងក្របខ័ណ្ឌ នៃការអភិវឌ្ឍយុវជន៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


