ព័ត៌មានជាតិ
នាយកដ្ឋានកណ្ដាលសន្តិសុខ អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីខុសច្បាប់
នៅថ្ងៃពុធនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសារអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនកុំឱ្យរងគ្រោះដោយសារកម្ចី ឬការចងការប្រាក់ដោយខុសច្បាប់។

សារអំពាវនាវនេះបានធ្វើឡើងក្រោយរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពីការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ តូបលក់ដូរ ការដើរចែកខិតប័ណ្ណតាមយានយន្ត ឬរបងផ្ទះ ក៏ដូចជាការបង្ហោះប្រព័ន្ធអនឡាញផ្សេងៗ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋានកណ្ដាលសន្តិសុខ បានឱ្យដឹងថា តាមការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យមួយចំនួន កម្ចីទាំងនោះត្រូវបានសង្ស័យថា ជាការផ្ដល់កម្ចីខុសច្បាប់ពីសំណាក់ក្រុមហ៊ុន ឬក្រុមអ្នករកស៊ីចងការប្រាក់ ដែលមិនមានច្បាប់អនុញ្ញាត។ ត្រង់ចំណុចនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ បានរៀបរាប់ថា សញ្ញាណនៃកម្ចីខុសច្បាប់ទាំងនោះ គឺជាក្រុមមិនមានទីតាំងច្បាស់លាស់ ឬព្យាយាមលាក់បាំងអាសយដ្ឋានរបស់ពួកគេ មិនមានការពិនិត្យប្រវត្តិឥណទាន ឬវាយតម្លៃលទ្ធភាពសងត្រឡប់ និងមានការកាត់ប្រាក់ជាមុន ដោយហេតុផលថា ជាសេវាផ្សេងៗៗ បន្ថែមពីនេះ ក្រុមកម្ចីខុសច្បាប់ ក៏អាចមានការទាមទារឲ្យដាក់តម្កល់ជាមួយពួកគេនូវឯកសារច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ការតម្រូវឲ្យថតរូបទុកជាភស្តុតាង ឬការសរសេរមូលប្បទានប័ត្រ (សែក)។
នាយកដ្ឋានកណ្ដាលសន្តិសុខ បានអះអាងថា ការខ្ចីប្រាក់ពីកម្ចីខុសច្បាប់នេះ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជា ធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក តាមរយៈការណែនាំឱ្យខ្ចីបំណុលថ្មី ដើម្បីយកទៅដោះបំណុលមុន និងខ្ចីថ្មីជាបន្តបន្ទាប់ ក៏ដូចជា ការយកការប្រាក់ ឬកម្រៃសេវាខ្ពស់ហួសខ្លាំងពីច្បាប់កំណត់ ការពិន័យឱ្យបង់ប្រាក់មិនសមហេតុផល ការគំរាមកំហែង កៀបសង្កត់ បង្ខិតបង្ខំឱ្យសងប្រាក់ និងការរឹបអូសនានាដោយមិនមានការអនុវត្តនីតិវិធីតុលាការ ជាដើម។

តែយ៉ាងណាមិញ ដើម្បីជាវិធានការបង្ការ នាយកដ្ឋានកណ្ដាលសន្តិសុខ បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ បញ្ឈប់ការខ្ចីដោយខុសច្បាប់នេះ ហើយគួរធ្វើកម្ចីជាមួយគ្រឹះស្ថាន ឬស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងមានច្បាប់អនុញ្ញាត មិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានធនាគារ ឬឯកសារច្បាប់ដើមទៅឱ្យអ្នកដទៃ ដែលមិនស្គាល់ឡើយ។
ទន្ទឹមនេះ ក្នុងករណីពួកគេចូលទីតាំងរបស់ពលរដ្ឋ ត្រូវឆ្លើយបដិសេធការខ្ចីប្រាក់ ហើយស្នើសុំឱ្យចាកចេញ និងត្រូវហៅរកបងប្អូន ឬអ្នកជិតខាងឱ្យមកក្បែជាមួយ។ ជាពិសេស ប្រសិនបើនៅតែមានការជំរុញតឿនឱ្យខ្ចីប្រាក់ ត្រូវសួរនាំអំពីឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ឈ្មោះម្ចាស់ក្រុមហ៊ុន អាសយដ្ឋានទីតាំង លិខិតអនុញ្ញាតអាជីវកម្ម និងត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន។
លើសពីនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ ក៏បានជំរុញអ្នករងគ្រោះដោយករណីកម្ចីខុសច្បាប់នេះ ទំនាក់ទំនងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈលេខទូរស័ព្ទ 023 72 68 22 រៀងរាល់ម៉ោងធ្វើការ ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


