ព័ត៌មានជាតិ
ខេត្ត ៤ ត្រៀមរៀបចំពិធីបុណ្យអុំទូក ប៉ុន្មានថ្ងៃខាងមុខនេះ
ឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាឆ្នាំដ៏ឱឡារិកបំផុត ដោយនៅតាមបណ្តារាជធានី-ខេត្ត បានរៀបចំកម្មវិធី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងខិតជិតមកដល់ ឆាប់ៗខាងមុខនេះ។ ក្នុងចំណោមនោះ មានខេត្តខ្លះ ក៏ទើបតែបានបញ្ចប់កម្មវិធីអបអរព្រះរាជពិធីបុណ្យអុំទូក ប្រចាំខេត្តរបស់ខ្លួន ខណៈខេត្តមួយចំនួនទៀត នៅត្រៀមសម្រាប់ពិធីបុណ្យជាតិនេះនៅឡើយ។

ខាងក្រោមនេះ ជាបណ្តាខេត្តខ្លះដែលត្រៀមរៀបចំពិធីបុណ្យអុំទូក ចាប់ពីចុងសប្តាហ៍នេះ ដល់ចុងខែវិច្ឆិកា។
១. ខេត្តកំពត
រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណី រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ តាមបណ្តោយព្រែកកំពង់បាយ (មុខសាលាខេត្តចាស់)។

២. ខេត្តស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ វិច្ឆិកា ឆ្នាំ២០២៣ ដែលកម្មវិធីប្រណាំងទូក នឹងធ្វើនៅលើខ្សែទឹកនៃទន្លេសេកុង ទីរួមខេត្តក្រុងស្ទឹងត្រែង។

៣. ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូក“ង” រយៈពេល ០៤ថ្ងៃ គឺថ្ងៃទី១៨-១៩វិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត រួមមានទាំងការសម្តែងសិល្បៈ ទស្សីយភាពផ្សេងៗ និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

៤. ខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រណាំងទូក“ង” រយៈពេល ០២ថ្ងៃ គឺថ្ងៃទី២៦-២៧ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តព្រះរាជបូព៌ ដោយកម្មវិធីឆ្នាំនេះ រួមមាន ការជិះទូកកម្សាន្ត ផ្សារទឹក ការតាំងពីព័រណ៍ផលិតផលផ្សេងៗ ព្រមទាំងមានការប្រគុំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់ “គុនខ្មែរ” ដែលនឹងប្រព្រឹត្តិធ្វើឡើង អំឡុងពេលជាមួយនឹងរាជធានីភ្នំពេញដែរ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ដោយឡែក ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកហើយនៅថ្ងៃនេះ ដែលមានរយៈពេល ៦ថ្ងៃ ពោលចាប់ពីថ្ងៃទី០៧-១២ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការតាំងពិពណ៌ផលិតផលជាច្រើនស្តង់ នៅទីតាំងបឹងស្នោ សួនច្បារខេត្តឧត្តរមានជ័យ។

ចំណែកឯខេត្តមួយចំនួនទៀត បានរៀបចំកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រួចរាល់ហើយ និងទទួលបានភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។
១. ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធកម្មវិធីបុណ្យ កាលពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ប្រមាណជាង ២៤ម៉ឺននាក់ ទៅទស្សនាកម្សាន្ត។
២. ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក“ង” ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ដើម្បីត្រៀមចូលរួមការប្រណាំងទូក ថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ហើយព្រឹត្តិការណ៍នេះ ក៏ទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងទេសចរប្រមាណ ១៨ម៉ឺននាក់ មកទស្សនាកម្សាន្ត។
៣. ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ អមជាមួយការតាំងពិព័រណ៍ផលិតផល ការប្រគំតន្ត្រីសម័យ-បុរាណ និងកម្មវិធីកម្សាន្តផងដែរ ដោយទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងទេសចរប្រមាណ ៧,៣ ម៉ឺននាក់ ។
៤. ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបុណ្យ ចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ផលិតផល។ មានប្រជាពលរដ្ឋ និងទេសចរជាតិ ចូលរួមទស្សនាកម្សាន្តជាង ៥០ម៉ឺននាក់ ក្នុងនោះមានទេសចរបរទេសប្រមាណ ៣៨៩នាក់។
៥. ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប រយៈពេល២ថ្ងៃនេះ កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ទាក់ទាញទេសចរ បានប្រមាណ ១,០៩ លាននាក់ ។

ការរៀបចំដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តនេះ ក៏ធ្វើឡើងក្នុងបំណង លើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ក៏ដូចជាការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋាននានា ឱ្យកាន់តែច្រើនកុះករផងដែរ។
គួរបញ្ជាក់ថា កម្ពុជាបានខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ជាច្រើនឆ្នាំមកហើយ ដោយសារបញ្ហាទឹកជំនន់ វិបត្តិកូវីដ-១៩ និងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


