កីឡា
យប់នេះតារាគុនខ្មែរជួរមុខ៦រូបនឹងធ្វើឲ្យកក្រើកសង្វៀននៅជ្រោយចង្វារ
កីឡាករប្រដាល់គុនខ្មែរជួរមុខ៦រូបនឹងទទួលស្វាគមន៍អ្នកលេងឆ្លងដែនក្នុងព្រឹត្តិការណ៍ប្រកួត Idol Kun Khmer វេលាម៉ោង៧យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅជ្រោយចង្វារដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV។
ក្នុងសន្និសីទសារព័ត៌មាន លោក ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា ព្រឹត្តិការណ៍ប្រកួតនេះពិតជាអស្ចារ្យដោយសារចំពោះពេលវេលានៃការប្រារព្ធខួបលើកទី៤៥នៃទិវាជ័យជម្នះ៧មករា។

ជាមួយគ្នានេះ លោក គង់ វិសាល តំណាងទូរទស្សន៍បាយ័នបានលើកឡើងថា នេះជាព្រឹត្តិការណ៍លើកទី៣សម្រាប់ព្រឹត្តិការណ៍ប្រដាល់ធំរបស់ទូរទស្សន៍បាយ័ន បន្ទាប់ពីលើកទី១ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងលើកទី២ធ្វើនៅខណ្ឌកំពូល។ សម្រាប់ព្រឹត្តិការណ៍លើកទី៣នេះពិតជាវិសេសវិសាលខ្លាំង ពីព្រោះដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា។

កីឡាករ Semih Sah Cindir ដែលជាដៃគូរបស់កីឡាករ រឿង សុភ័ណ្ឌ បាននិយាយថា ខ្លួនពិតជាសប្បាយរីករាយណាស់ដែលបានមកប្រកួតនៅប្រទេសកម្ពុជា។ ការរៀបចំកម្មវិធីប្រកួតពិតជាបានល្អ ហើយអ្វីដែលពិសេសគឺប្រជាជនពិតជារួសរាយរាក់ទាក់ណាស់ដែលធ្វើឲ្យកីឡាករមកប្រកួតមានភាពកក់ក្តៅ។
កីឡាករតួកគីបានឲ្យដឹងថា ខ្លួនបានស្គាល់ដៃគូ រឿង សុភ័ណ្ឌ ជាកីឡាករដ៏ល្អ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសកីឡាករកម្ពុជារូបនេះកម្រមានដៃគូណាផ្តួលឲ្យរូបគេឲ្យសន្លប់ណាស់។ ទោះបីជាយ៉ាងណា កីឡាកររូបនេះជឿជាក់លើកណ្តាប់ដៃរបស់ខ្លួន។

កីឡាករប្រេស៊ីល Victor Hugo មានបទពិសោធក្នុងអាជីពប្រដាល់ជាង១០ឆ្នាំមកហើយ។ កីឡាករល្បី និងលំដាប់ឈានមុខនៅប្រទេសថៃរូបគេបានជួបស្ទើរអស់។ នេះជាលើកទី២ដែលរូបគេបានមកប្រកួតនៅប្រទេសកម្ពុជា បន្ទាប់ពីលើកទី១តាំងពីឆ្នាំ២០១៤។

កីឡាករ Victor Hugo បានប្រាប់ថា រូបគេសង្ឃឹមក្លាយជាអ្នកប្រដាល់ទី១ដែលបញ្ឈប់កំណត់ត្រាជ័យជម្នះរយៈពេល៣ឆ្នាំជាប់គ្នារបស់ដៃគូកម្ពុជា លន បញ្ញា។ កីឡាករនិយាយថា ៖«ខ្ញុំស្គាល់ លន បញ្ញា ខ្លះៗដែរគឺជាកីឡាករវ៉ៃមួយៗ ដោយព្យាយាមទាត់ ការពារ និងថយក្រោយ។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំដែលអាចបញ្ចប់កំណត់ត្រារបស់គាត់បាន»។

ជាមួយគ្នានេះ កីឡាករតួកគី Ozmen បានជឿជាក់១០០% ថា ខ្លួននឹងផ្តួលកីឡាករកម្ពុជា ពេជ្រ សម្បត្តិ ឲ្យសន្លប់ក្នុងទឹកទី២តាមរយៈកណ្តាប់ដៃ និងជង្គង់។ កីឡាករបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ខ្ញុំចូលចិត្តវ៉ៃដើរឆ្ពោះទៅមុខ។ មានគេប្រាប់ខ្ញុំថា សម្បត្តិ ជាកីឡាករសម្រុកចូលវ៉ៃ អត់ចេះថយក្រោយ អីចឹងការប្រកួតនេះដឹងថា កក្រើក។ ខ្ញុំជឿជាក់១០០% ខ្ញុំនឹងផ្តួលគាត់ឲ្យដេកក្នុងទឹកទី២ដោយកណ្តាប់ដៃ ឬអាចជង្គង់»។

សមាសភាពគូប្រកួត
- អេលីត រស្មី vs Sitrak Por Paideng (ថៃ)
- ឃីម បូរ៉ា vs Kampoo (ឡាវ)
- ឡុង សំណាង vs Chaiburi (ថៃ)
- លន បញ្ញា vs Victor Hugo Nunes (ប្រេស៊ីល)
- ពេជ្រ សម្បត្តិ vs Emre Ozmen (តួកគី)
- រឿង សុភ័ណ្ឌ vs Semih Sah Cindir (តួកគី)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


