ព័ត៌មានអន្ដរជាតិ
ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង
ត្រីរាប់រយរាប់ពាន់ក្បាលបានងាប់នៅក្នុងអាងស្តុកទឹកមួយកន្លែងក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ខណៈរលកកម្ដៅកំពុងដុតរោលក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២ ខែឧសភានេះ ។
ដូចប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ ប្រទេសវៀតណាមថ្មីៗនេះបានបង្ខំឲ្យបិទសាលារៀនមុនកាលកំណត់ ហើយការប្រើប្រាស់អគ្គិសនីបានកើនឡើងគួរឲ្យកត់សម្គាល់ ខណៈភាគខាងត្បូង និងភាគកណ្តាលប្រទេសទទួលឥទ្ធិពលកម្ដៅប៉ះពាល់ខ្លាំងជាងគេ ។
ត្រីទាំងអស់នៅក្នុងអាងស្តុកទឹក Song May ដែលមានទំហំ ៣០០ ហិចតាបានងាប់អណ្ដែតពេញផ្ទៃទឹក ខណៈតំបន់នេះមិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍មកហើយ ស្របពេលដែលទឹកនៅក្នុងអាងក៏មានកម្រិតទាបទៅទៀត ។
អាងស្តុកទឹក គឺជាប្រភពទឹកសម្រាប់ស្រោចដំណាំនៅស្រុក Trang Bom និងស្រុក Vinh Cuu នៃខេត្ត Dong Nai ខណៈពេលកន្លងមកអាងស្តុកទឹកមួយនេះក៏បានបង្ហូរចេញដើម្បីការពារដំណាំនៅខាងក្រោមទឹកផងដែរ ។
បើទោះបីជាអាជ្ញាធរព្យាយាមជួសជុលអាងនេះ ដោយបូមយកភក់ចេញដើម្បីឲ្យមានទឹកច្រើនសម្រាប់ផ្ដល់សីតុណ្ហភាពត្រជាក់ដល់ត្រីក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងមិនបានសម្រេចដែរ ហើយមិនយូរប៉ុន្មានត្រីជាច្រើនក្បាលបានងាប់ ហើយតាមការប៉ាន់ស្មានអាចមានរហូតដល់ទៅ ២០០ តោនឯណោះ ។ បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតហេតុការណ៍នេះ ខណៈក៏កំពុងធ្វើការដើម្បីយកត្រីដែលងាប់នោះចេញជាបន្ទាន់ផងដែរ ។
គួរបញ្ជាក់ថា យោងតាមអ្នកព្យាករណ៍អាកាសធាតុ សីតុណ្ហភាពនៅក្នុងខេត្ត Dong បានហក់ឡើងដល់ប្រហែល ៤០ អង្សាសេក្នុងខែមេសា ដែលបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុត ចាប់តាំងឆ្នាំ ១៩៩៨ មក ។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសថៃ ការប្រើប្រាស់អគ្គិសនីបានកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈដែលសីតុណ្ហភាពក្នុងខេត្ត Udon Thani ភាគឦសានបានឡើងដល់ ៤៤ អង្សាសេ ៕
អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់