Connect with us

ព័ត៌មានជាតិ

៦ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បណ្ដាលឲ្យមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់ផ្ទះជិត ៤ ពាន់ខ្នង

បានផុស

នៅ

ខ្យល់​កន្ត្រាក់​នៅ​ក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ បាន​កើត​ឡើង​ជិត ២០០ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ជិត ៣០ នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​ជិត ៤ ពាន់​ខ្នង ព្រមទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ មួយ​ចំនួន​ទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ កក្កដា នេះ​ថា រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន ១៨២ លើក នៅ​ទូទាំង​ប្រទេស បណ្តាល​ឲ្យ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ​៣៧៥ ខ្នង របើក​ដំបូលផ្ទះ និង​ខូច​ខាត​មធ្យម​ចំនួន ៣៣២៧ ខ្នង របើក​ដំបូល​សាលារៀន​ចំនួន ៣៧ ខ្នង តូប​ផ្សារ​ចំនួន ១៧ តូប អគារ​រដ្ឋបាល​ចំនួន ១៣ កន្លែង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣​ នាក់ និង​របួស​ចំនួន ​២៣​ នាក់។

លោក​បាន​បន្តថា ខេត្ត​ដែល​ទទួលរង​គ្រោះ​ច្រើនជាងគេ រួមមាន ៖ ខេត្ត​បាត់ដំបង កើតឡើង​ចំនួន ២៧ លើក បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ១០៥ ខ្នង និង​របើក​ដំបូល​ផ្ទះ និង​ខូចខាត​មធ្យម​ចំនួន ៣៨៥ ខ្នង បន្ទាប់មក​ខេត្តសៀមរាប​កើតឡើង​ ១៦​ លើក​ បណ្តាល​ឲ្យ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​ ៥៥ ​ខ្នង និង​របើក​ដំបូលផ្ទះ និង​ខូចខាត​មធ្យម​ចំនួន​ ៤១១ ​ខ្នង ខេត្ត​ឧត្តរមានជ័យ កើតឡើង​ចំនួន ១៥ លើក បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ៣៣ ខ្នង និង​របើក​ដំបូលផ្ទះ និង​ខូចខាត​មធ្យម​ចំនួន ៣១២ ខ្នង ​និង​ខេត្ត​បន្ទាយមានជ័យ កើតឡើង​ចំនួន ១១ ​លើក បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​ ២១ ខ្នង និង​របើក​ដំបូល​ផ្ទះ និង​ខូចខាត​មធ្យម​ចំនួន ១៨៨ ខ្នង។

លោក​បាន​បន្តទៀតថា ចំនួន​ខ្យល់​កន្ត្រាក់ ៦ ខែ ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល ៦ ខែ​ដូច​គ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ ៦ ខែ ឆ្នាំមុន ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន ២០៤ លើក នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ១៧៣៤ ខ្នង របើក​ដំបូលផ្ទះ និង​ខូចខាត​មធ្យម​ចំនួន ១០៧៥៤ ខ្នង របើក​ដំបូល​សាលារៀន​ចំនួន ៧៨ ខ្នង តូប​ផ្សារ​ចំនួន ៧៦ តូប អគារ​រដ្ឋបាល​ចំនួន ២៦ កន្លែង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦ នាក់ និង​របួស​ចំនួន ១២០ នាក់៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម