ព័ត៌មានជាតិ
រកឃើញភាជន៍បុរាណក្បែរប្រាសាទលលៃ តែអ្នកជំនាញប្រាប់ថា មិនមែនផលិតក្នុងស្រុកទេ
ភាជន៍ដីដុតពណ៌បៃតងមួយត្រូវបានប្រទះឃើញក្នុងដំណើរការជួសជុលប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។
ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ។ ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បីឱ្យអ្នកដែលស្លាប់នោះបានទៅភ្ជាប់និស្ស័យនឹងទេព។


លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារជួសជុលបានរកឃើញភាជន៍ដែលប្រើប្រាស់ជាកោដ្ឋដាក់ធាតុបញ្ចុះនៅជុំវិញបរិវេណនៃតួប៉មប្រាសាទលលៃនេះ។ តួយ៉ាងដូចជានៅឆ្នាំ២០១៤ យើងធ្លាប់រកឃើញកោដ្ឋចំនួន១១រួចមកហើយ ដែលបានកប់បញ្ចុះនៅក្បែរៗគ្នានៅជ្រុងឦសាននៃតួប៉មដដែលនេះ ហើយភាជន៍ទាំងនោះភាគច្រើនជាភាជន៍មានរាងមូលដូចជាចានគោម ដោយខ្លះមានគម្រប និងខ្លះគ្មាន ។
លោកបានបន្ថែមទៀតថា ភាជន៍ប្រើជាកោដ្ឋដែលបានរកឃើញថ្មីនេះ មានមាត់ធំ ខ្លួនត្រង់ និងបាតរាបស្មើ ប្លែកខុសពីគេ រាងដូចជាផើង គ្មានគម្រប ដែលមិនធ្លាប់ឃើញមានពីមុននោះឡើយ។ រីឯផ្ទៃសាច់ភាជន៍មានស្រទាប់រលោងក្រាស់ពណ៌បៃតង។ តាមក្រុមអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា ភាជន៍នេះជាប្រភេទភាជន៍នាំចូលពីប្រទេសចិន ដែលប្រហែលជានៅសតវត្សទី១៩។

ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណវិទ្យាដើម្បីចងក្រងទុកជាឯកសារសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ដែលធ្លាប់រកឃើញមុនៗមកដែរ ដើម្បីថែរក្សានិងអភិរក្សបេតិកភណ្ឌអរូបី គឺជាលក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ទន្ទឹមនឹងនេះក៏ជាការសម្តែងសេចក្តីគោរពដល់គោលបំណងរបស់គ្រួសារអ្នកស្លាប់ ដែលចង់ឱ្យបុព្វការីជនរបស់ខ្លួនរស់នៅឯបរលោកជាមួយនឹងទេព៕
អត្ថបទនិងរូបភាព៖ លោក ឈូក សុម៉ាឡា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


