Connect with us

ព័ត៌មានជាតិ

លោក នេត សាវឿន៖ ឆ្នាំនេះ ការនាំគ្រឿងញៀនចូលកម្ពុជាមានការកើនឡើងជាងឆ្នាំមុន តែបង្ក្រាបបានទាន់ពេល ដោយរឹបអូសបានជាង១១តោន

បានផុស

នៅ

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទម្លាយឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ ការនាំចូលគ្រឿងញៀនចូលកាន់ប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជនមានការកើនឡើងជាងឆ្នាំមុន ក្នុងនោះរយៈពេលជាង១១ខែមកនេះ អាជ្ញាធរបានរឹបអូសគ្រឿងញៀនដែលនាំចូលមកកម្ពុជាបានចំនួនជាង១១តោន។ លោក នេត សាវឿន បានឱ្យដឹងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញឱ្យដឹងដោយគ្មានលាក់លៀមដូច្នេះ៖ «សូមនិយាយដោយត្រង់ ការនាំចូលគ្រឿងញៀនចូលមកកម្ពុជាច្រើនជាងមុន។ (…) ២០២៤នេះ មិនទាន់ដាច់ឆ្នាំផង យើងដកហូតបានជាង១១តោន»

បើតាមការលោក នេត សាវឿន ក្រុមឧក្រិដ្ឋជន បាននាំចូលគ្រឿងញៀនចូលមកកម្ពុជាតាមផ្លូវទឹកជាច្រើនលើក និងការនាំចូលគ្រឿងញៀនតាមរយៈបញ្ញើប្រៃសនីយ៍ ។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលបានដុតដៃជើងបង្ក្រាបបានទាន់ពេលវេលា ជាពិសេសបង្ក្រាបបានដោយជោគជ័យចំពោះគ្រឿងញៀនដែលឧក្រិដ្ឋជនផ្ញើតាមបញ្ញើប្រៃសនីយ៍ ស្របពេលដែលសមត្ថកិច្ចប្រទេសដទៃបង្ក្រាបមិនបាន រកមិនឃើញគ្រឿងញៀនដែលផ្ញើតាមបញ្ញើប្រៃសនីយ៍។

ជាចំណុចវិជ្ជមានវិញ លោក នេត សាវឿន បានឱ្យដឹងថា ក្នុងផ្ទៃក្នុងប្រទេសកម្ពុជា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមានការថយចុះគួរឱ្យកត់សម្គាល់ ហើយការប្រើប្រាស់ថ្នាំញៀន នៅក្នុងក្លិបកម្សាន្តក៏មានការថយចុះ និងទីតាំងលបលួចលាក់កែឆ្នៃគ្រឿងញៀនក៏មានការថយចុះដូចគ្នា។

ឧបនាយករដ្ឋមន្ត្រីរូបនេះ អះអាងថា កិច្ចការងារបង្ក្រាបគ្រឿងញៀនមិនអាចធ្វើឡើងដោយពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ច មន្ត្រីតែម្នាក់ឡើយ ដើម្បីអាចបង្ក្រាបគ្រឿងញៀនបានជោគជ័យ គឺទាមទារឱ្យគ្រប់តួអង្គទាំងអស់ទាំងសមត្ចកិច្ច មន្ត្រីរាជការ ពលរដ្ឋ រដ្ឋាភិបាល ត្រូវតែរួមគ្នាបង្ក្រាប។

គួរឱ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបង្ក្រាបបានគ្រឿងញៀនដោយរឹបអូសបានគ្រឿងញៀនជិត៣តោន។ ចំណែកកាលពីឆ្នាំ២០២២កន្លងទៅ កម្ពុជារឹបអូសគ្រឿងញៀនបានជាង១៤តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម