ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា ឱ្យអាជ្ញាធរទប់ស្កាត់អំពើជួញដូរស្រ្តីខ្មែរទៅបរទេស
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនបង្កើនការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសការអូសទាញស្រ្តីខ្មែរឱ្យឆ្លងដែនដោយខុសច្បាប់ រហូតផុងខ្លួនចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សរបស់ពួកឧក្រិដ្ឋជន។

ថ្លែងក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ យកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថា ទៅបំពេញការងារ ឬ រៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស តែបែរក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។

តាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ពេលថ្មីៗនេះសមត្ថកិច្ចកម្ពុជាស្កាត់បានទាន់ពេលវេលានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ លោក ថា សមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុតក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបំរើតណ្ហា ជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគម្រាមកំហែងថា និងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន។
លោករដ្ឋមន្ត្រីមហាផ្ទៃ ចាត់ទុកថា នេះគឺជាអំពើដ៏ស្មោគគ្រោក ដែលបាននិងកំពុងមានការកើនឡើង មិនថាក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។

ក្នុងន័យនេះ ប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវរដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីយល់ដឹងអំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេល ដែលបច្ចុប្បន្នមានមធ្យោបាយនៃការទំនាក់ទំនងអូសទាញយុវតី តាមសម័ឌីជីថលទំនើប គឺប្រព័ន្ធអនឡាញ។
លោក បានស្នើឱ្យអាណាព្យាបាល ក៏ដូចជាសាច់ញាតិដែលមានសមាជិករបស់ខ្លួន ត្រូវប្រឈមទៅនឹងការអូសទាញឱ្យធ្វើការងារនៅក្រៅប្រទេស ផ្ដល់ការប្រឹក្សាយោបល់សួរនាំ និងទំនាក់ទំនងមកកាន់អាជ្ញាធរ ដើម្បីបញ្ជាក់អំពីអ្វីដែលជាព័ត៌មានពិតមុន និងធ្វើការសម្រចចិត្ត។

ពាក់ព័ន្ធការទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាម បន្តសហការដឹកនាំកម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបានរាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទាំងធ្វើដំណើរចូល-ចេញ ដើម្បីទប់ស្កាត់បទល្មើសព្រំដែន និងដើម្បីទប់ស្កាត់នូវបទល្មើសដែលអាចកើតឡើងតាមរយៈអ្នកឆ្លងដែនខុសច្បាប់ដូចជាការជួញដូរអាវុធ និងគ្រឿងញៀនជាដើម។
ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកឱ្យកម្លាំងវរៈនគរបាលការពារព្រំដែនបន្តសកម្មភាពជាមួយកងកម្លាំងចម្រុះ ក្នុងកិច្ចការពារបូរណភាពទឹកដីទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបូរណភាពទឹកដីរបស់កម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


