ព័ត៌មានជាតិ
កសិករចាប់អារម្មណ៍ដាំម្នាស់ជាងដាំដំឡូងព្រោះម្នាស់មានទីផ្សារល្អជាង
កសិករដាំម្នាស់ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអះអាងថា ម្នាស់ប្រើពេលពី ១៦ខែ ទៅ១៨ខែ កសិករនឹងទទួលបានផលហើយ។ ម្នាស់ងាយដាំ ធន់នឹងអាកាសធាតុ ឲ្យផលល្អ ងាយលក់សម្បូរទីផ្សារច្បាស់លាស់។

កសិករនិយមដាំប្រភេទម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ លើផ្ទៃដីមួយហិកតា វាផ្តល់ប្រាក់ចំណូកក្នុងមួយឆ្នាំមិនក្រោម២០ទៅ៣០លានរៀលនោះទេ។ កត្តាទាំងនេះ បានញាំងឲ្យប្រជាកសិករសប្បាយរីករាយក្នុងការប្រមូលផលម្នាស់ជាងដំឡូងឆ្នាំ២០២៥នេះ ម្នាស់ឲ្យផលល្អដូចរាល់ឆ្នាំដែរ។

លោក អ៉ី អុល អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ម្នាស់មានរសជាតិ ជូរអែម និងផ្អែមស្អិត ដូចប្រភេទម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ គឺម្នាស់ខ្មែរយើងសុទ្ធសាធតែម្តង។ ម្នាស់ដាំមិនរើសដីទេ ទាំងដីស ដីខ្មៅ និងដីក្រហម ។ល។ គឺដាំបានទាំងអស់ តែវាត្រូវការដីទួលស្រស់ទឹក ទើបវាឲ្យផលល្អ វាធន់នឹងអាកាសធាតុទាំងក្តៅ និងត្រជាក់ផងដែរ ហើយវាមិនត្រូវការដីដក់ទឹក និងជាំទឹកដែរ។ ក្នុងដី១ហិកតា យើងដាំបានម្នាស់ចំនួន៦ម៉ឺនដើម ជាទូទៅម្នាស់អាយុ១៦ខែទៅ១៨ខែ យើងអាចប្រមូលផលបានហើយ។ ពេលប្រមូលផល គេលក់គិតជាឡូ ១ឡូមាន១២ផ្លែ ជាប្រភេទលេខ១ តម្លៃ២ម៉ឺន និង២ពាន់រៀល ដែលចែកចេញជា១១ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង១ថង់មានចំនួន៤០ផ្លែ តម្លៃ៦ពាន់រៀល។

លោកស្រី ប៊ុល លីន អាយុ៤១ឆ្នាំ រស់នៅភូមិអំពិលជ្រុំ បានឲ្យដឹងដែរថា ចំពោះទីផ្សារម្នាស់មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ចំការតែម្តង យកទៅលក់នៅកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ ។ល។ មានទីផ្សារច្បាស់លាស់ ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ ប្រកបដោយរសជាតិផ្អែមឆ្ងុយឆ្ងាញ់ ក្នុង១ហិកតាវាឲ្យផលបាន ៤០ទៅ៥០លានរៀល កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម ២០លានរៀលក្នុង១ឆ្នាំ។ ឥលូវកសិករ ចាប់ផ្តើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្តងហើយ។0

លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន.ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ដាំច្រើនជាងគេ ឯកសិករចំនួន២ភូមិទៀត ដាំដែរតែតិចតួច មានភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង សរុបផ្ទៃដីដាំម្នាស់ មានចំនួន៥០០ហិកតា ។ លោកមេឃុំបន្ថែមថា នាពេលកន្លងមកយើងមាន មេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ ជាដើម ។ ព្រមទាំងការជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ កត្តាទាំងអស់ហើយ ដែលបានជំរុញឲ្យប្រជាកសិករទទួលបាននូវភាពជោគជ័យក្នុងវិស័យកសិកម្ម៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


