ព័ត៌មានអន្ដរជាតិ
បណ្ដាធនាគារអន្តរជាតិធំៗ បង្កើនការព្យាករតម្លៃមាសជាថ្មី
បណ្ដាធនាគារអន្តរជាតិធំៗបានបង្កើនការព្យាករតម្លៃមាសរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារភាពមិនប្រាកដប្រជាសកលជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះភូមិសាស្រ្តនយោបាយ ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃមាសបានហក់ឡើងដល់ ៣ ០៣៨ ដុល្លារ/អោន ក្នុងការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ ដែលនេះជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាសបានកើនឡើង ១៤ ភាគរយ ខណៈបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តប្រមាណ ១៤ ដងរួចទៅហើយ រាប់តាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់អំណាចនៅខែមករា។
អ្នកជំនាញលើកឡើងថា ការព្រួយបារម្ភសេដ្ឋកិច្ចក្រោមសង្រ្គាមពាណិជ្ជកម្មដោយសារតែពន្ធគយ ការទិញរបស់ធនាគារកណ្ដាល និងបញ្ហាភូមិសាស្រ្តនយោបាយ គឺជាមូលហេតុសំខាន់ៗដែលធ្វើឱ្យតម្លៃមាសហក់ឡើងជាបន្តបន្ទាប់។ ការណ៍នេះហើយ ធ្វើឱ្យបណ្ដាធនាគារផ្សេងៗបន្តបង្កើនការព្យាកររបស់ខ្លួន។
ធនាគារវិនិយោគស្វីស UBS បានចេញការព្យាករកាលពីថ្ងៃអង្គារថា តម្លៃមាសនឹងហក់ឡើងដល់ ៣ ២០០ ដុល្លារ/អោន ឆ្នាំនេះ ខ្ពស់ជាងការព្យាករ ៣ ០០០ ដុល្លារ/អោន កាលពីលើកមុនរបស់ខ្លួន ដែលជំរុញដោយកំណើនតម្រូវការវិនិយោគលើទ្រព្យសម្បត្តិសុវត្ថិភាពមួយនេះ។
ក្រៅពីបញ្ហាពន្ធគយរបស់ ត្រាំ អ្នកវិភាគរបស់ UBS បានសរសេរក្នុងកំណត់ត្រារបស់ខ្លួនថា មាស «ក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរពីទស្សនវិស័យកាន់តែអាក្រក់សម្រាប់សេដ្ឋកិច្ចអាមេរិក ដោយពាណិជ្ជករឥឡូវនេះរំពឹងពីការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតពីធនាគារកណ្តាលសហព័ន្ធអាមេរិក ដោយសារតែការព្រួយបារម្ភអំពីកំណើនវិបត្តិសេដ្ឋកិច្ច»។

នៅថ្ងៃអង្គារដដែល ធនាគារ ANZ បានព្យាករថា តម្លៃមាសក្នុងរយៈពេល ៣ ខែទៅមុខ នឹងឡើងដល់ ៣ ១០០ ដុល្លារ/អោន និង ៦ ខែទៅមុខ នឹងឡើងដល់ ៣ ២០០/អោន ខណៈធនាគារ Macquarie Group បានព្យាករថា តម្លៃនេះអាចឡើងដល់ ៣ ៥០០ ដុល្លារ គិតត្រឹមដើមត្រីមាសទី ៣ ឆ្នាំ ២០២៥។
ធនាគារអាមេរិក Goldman Sachs ឯណោះវិញ បានបង្កើនការព្យាកររបស់ខ្លួនត្រឹម ៣ ១០០ ដុល្លារ/អោន ដោយលើកឡើងពីកំណើនតម្រូវការរបស់បណ្ដាធនាគារកណ្ដាលនៃប្រទេសផ្សេងៗ សម្រាប់ទុនបម្រុងរបស់ខ្លួន។
អ្នកវិភាគរបស់ធនាគារបានសរសេរកាលពីពេលថ្មីៗថា ភាពមិនប្រាកដប្រជាកំពុងបន្ត ដូចជាការព្រួយបារម្ភអំពីពន្ធគយ ហានិភ័យភូមិសាស្ត្រនយោបាយ ឬការខ្ចីប្រាក់ពីរដ្ឋាភិបាលខ្ពស់ អាចនាំឱ្យអ្នកក្រឡុកទីផ្សារបង្កើនការវិនិយោគរបស់ខ្លួនលើមាស។ នេះ អាចជំរុញឱ្យតម្លៃមាសឡើងខ្ពស់ដល់ ៣ ៣០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


