ព័ត៌មានជាតិ
អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការចំនួន៥ គឺ អង្គការ ឃែរកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា យូនីសេហ្វប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយសីលធម៌ យល់ដឹងពីគោលការណ៍រក្សាសុវត្ថិភាព និងការរាយការណ៍ពីកុមារ ការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះកាន់តែប្រសើរឡើង។

ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បាននិយាយថា៖ «ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណជន ហើយ នេះជាការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍ អំពីកុមារ យុវជន និងបុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ពួកគេ មិនត្រូវបានប៉ះពាល់ឬបំពានឡើយ។ ឧត្តមប្រយោជន៍របស់ពួកគេ មិនគួរត្រឹមតែជាការពិចារណាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាគោលការណ៍ណែនាំ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ ដើម្បីផ្លាស់ប្តូរការយល់ឃើញ និងជំរុញឱ្យមានការផ្លាស់ប្តូរ»។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានដែលមានក្រមសីលធម៌ដើរតួនាទីសំខាន់ណាស់ ក្នុងការនាំយកព័ត៌មានពិតជូនសាធារណជន ការរាយការណ៍ដែលមានតម្លៃ ផ្តល់ព័ត៌មានអប់រំ ជាពុទ្ធិ និងរួមចំណែកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ លោក បានសំណូមពរឱ្យអ្នកសារព័ត៌មានគ្រប់រូប គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងធ្វើប្រធានបទអ្វីមួយ និងមានការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា រាល់ព័ត៌មានដែលបានចេញផ្សាយ មិនមែនជាអាវុធមុតស្រួច មិនមានផលប៉ះពាល់ដល់ជនរងគ្រោះ កុមារ ឬស្ត្រី ពោល គឺ អ្នកសារព័ត៌មាន មិនមែនត្រឹមតែទៅ ហើយយកព័ត៌មានទេ។

បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ដល់អ្នកសារព័ត៌មានអនឡាញ ចូរអនុវត្តក្រមសីលធម៌របស់ខ្លួនឱ្យបានល្អ ចៀសវាងការផលិតព័ត៌មានដែលចង់បានការចាប់អារម្មណ៍ ច្រើនជាងមានក្រមសីលធម៌។ លោកថាប្រសិនជាអ្នកសារព័ត៌មានចង់ដឹងបន្ថែមពីក្រមសីលធម៌របស់ខ្លួន អាចស្នើសុំការណែនាំពីក្រសួងបាន។
វគ្គបណ្តុះបណ្តាលនេះពង្រឹងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងជំរុញការយល់ដឹងកាន់តែ ស៊ីជម្រៅ អំពីបញ្ហារបស់កុមារ ដោយផ្តោតជាពិសេសលើផលប៉ះពាល់ដល់កុមារី និងស្ត្រីវ័យក្មេង។ អ្នកសារព័ត៌មាន នឹងត្រូវបានបំពាក់ដោយឧបករណ៍ និងចំណេះដឹងដើម្បីរាយការណ៍ ក្នុងលក្ខណៈដែល គោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពឯកជនរបស់បុគ្គលគ្រប់រូប ជាពិសេសអ្នកដែលមានហានិភ័យបំផុត។
បើតាមអង្គការទស្សនៈពិភពលោក ខណៈពេលដែលមានគោលការណ៍ណែនាំ សម្រាប់ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការ រាយការណ៍លើប្រធានបទរសើបរបស់កុមារ អ្នកសារព័ត៌មានជាច្រើន ប្រហែលជាមិនទាន់ស្គាល់ច្បាស់អំពី គោលការណ៍ការរក្សាសុវត្ថិភាព ជាពិសេសនៅពេលនិយាយអំពីប្រធានបទស្មុគស្មាញ និងរសើបដែល ពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងសហគមន៍ដែលងាយរងគ្រោះ។ ការពង្រឹងសមត្ថភាព និងការយល់ដឹង របស់អ្នកសារព័ត៌មាន អំពីការអនុវត្តទាំងនេះគឺចាំបាច់ណាស់ ដើម្បីធានាថា ការផ្សាយព័ត៌មានរបស់ប្រព័ន្ធ ផ្សព្វផ្សាយអាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្សពេញវ័យ។ កត្តាទាំងនេះមានសារៈ សំខាន់ជាពិសេសនៅក្នុងរឿងទាក់ទងនឹងអំពើហិង្សា ការកេងប្រវ័ញ្ច ជម្លោះផ្នែកច្បាប់ ឬការរើសអើងសង្គម។
តាមរយៈការផ្តល់អាទិភាពលើឧត្តមប្រយោជន៍របស់កុមារក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយអាចការពារការបង្កគ្រោះថ្នាក់ដោយអចេតនា និងបណ្តុះនូវទំនុកចិត្ត ការយល់ចិត្ត និងការយល់ដឹង កាន់តែច្រើននៅក្នុងសង្គម។
គំនិតផ្តួចផ្តើមនេះបង្ហាញពីជំហានឆ្ពោះទៅរក ការបង្កើតបរិយាកាសប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែល សិទ្ធិកុមារត្រូវបានការពារ និងលើកកម្ពស់ជាជាងការគំរាមកំហែង។ យើងជំរុញឱ្យអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ ចូលរួមជាមួយយើង ក្នុងការបង្កើតសារព័ត៌មានដែលមានទំនួលខុសត្រូវ មានបរិយាបន្ន និងមាន ការគិតគូរពីកុមារ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


