Connect with us

សេដ្ឋកិច្ច

វិស័យឯកជន និងអ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានរបស់កម្ពុជាក្នុងការចរចាពន្ធជាមួយអាមេរិក

បានផុស

នៅ

ស្របពេលដែលបញ្ហាចំរូងចំរាស់រវាងរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ និងតុលាការពាណិជ្ជកម្មអាមេរិកជុំវិញការអនុវត្តពន្ធគោល ១០% និងការចរចាពន្ធគយបដិការជាមួយ​ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមទាំងកម្ពុជា អ្នកតំណាងពីវិស័យឯកជន និងអ្នក​ជំនាញ​សេដ្ឋកិច្ច​ នៅតែមើលឃើញពីសញ្ញាវិជ្ជមាននៃការចរចាដែលនឹងអាចឈានទៅដល់ការបន្ធូរបន្ថយពន្ធនាពេលដ៏ខ្លីខាងមុខ។

កាលពីថ្ងៃពុធកន្លងទៅនេះ តុលាការអាមេរិក​សម្រាប់ពាណិជ្ជកម្មអន្តរជាតិ បាន​​សម្រេចថា ការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មរបស់​អាមេរិក គឺជាតួនាទីរបស់សភាផ្ដាច់មុខ ហើយថា អ្វីដែលលោក​ ត្រាំ ធ្វើគឺខុសរដ្ឋធម្មនុញ្ញ និងលើសពី​​អំណាច​ប្រធានាធិបតី​របស់ខ្លួន។

យ៉ាងណាមិញកាលពីព្រហស្បត្តិ៍ រដ្ឋបាលលោក ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច​នេះ​របស់តុលាការពាណិជ្ជកម្ម ដោយនិយាយថា តុលាការបានជំទាស់នឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីដោយខុស ហើយអាចបញ្រ្ចាសការចរចាពាណិជ្ជកម្មយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ។

រដ្ឋបាល ត្រាំ បានប្រកែក​ក្នុង​បណ្ដឹងឧទ្ធរណ៍របស់ខ្លួនថា៖ «គោលនយោបាយការបរទេស និងសេដ្ឋកិច្ចគួរតែត្រូវបានសម្រេចដោយមន្ត្រីជាប់ឆ្នោត មិនមែនតុលាការទេ»។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃ​រាជ​បណ្ឌិត​សភា​កម្ពុជាបាន​បញ្ជាក់​ប្រាប់ «កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ នេះថា ក្រោយតុលាការពាណិជ្ជកម្មអាមេរិកសម្រេចហាម​ឃាត់​ការ​អនុវត្ត​ពន្ធ​របស់​លោក ដូណាល់ ត្រាំ ទោះ​ជា​ចេតនា ឬ​មិន​មែន​ជា​ចេតនា ប៉ុន្តែ​យើង​អាច​​មើល​ឃើញ​ពី​លទ្ធផល​ផ្លែផ្កា​ ដែល​កម្ពុជានឹង​អាច​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​បន្ធូរបន្ថយ​ពន្ធ​ ជា​ពិសេស​សម្រាប់​ទំនិញ​កម្ពុជា​​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញ​ការ​ប្រកាស​របស់​តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក​ បាន​សម្រេចហាម​ឃាត់​ការ​អនុវត្តពន្ធ​របស់​លោក​ ដូណាល់ ត្រាំ លោក​បណ្ឌិត ហុង វណ្ណៈ បាន​មាន​ប្រសាសន៍​ថា កិច្ច​ការ​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​អន្តរកាល​នៅ​ឡើយ​ដោយ​សារ​តែ​ឱសានវាទ​នៃ​តុលាការ​ពាណិជ្ជ​កម្ម​អាមេរិក​​ទុក​រយៈ​ពេល ១០ ថ្ងៃ​ ដើម្បី​ឱ្យ​លោក ដូណាល់ ត្រាំ រៀប​ចំ​ខ្លួន​ដើម្បី​តវា​រឿង​ក្តី​អ្វី​ដែល​ជា កិច្ចការ​របស់​លោក​ ដូណាល ​ត្រាំ ដែល​ត្រូវ​លើក​ឡើង​។

ហេតុ​ដូចនេះ ​កិច្ចការ​នេះក្លាយ​ទៅ​ជា​កិច្ចការ​មួយ​ដែល​យើង​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​តើ​ ស្ថាន​ភាព​និង​ទៅ​ជា​យ៉ាង​ណា ទាក់ទង​ទៅ​និង​ការ​ដាក់​ពន្ធគយ​ទៅ​វិញ​ទៅ​មក​រវាង​សហរដ្ឋ​អាមេរិក​ ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​លោក​ ដូណាល់ ត្រាំ​ សម្រេច​កាល​ពី​ខែ​មុន​នេះ។ ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការ​ប្រកាស​របស់​តុលាការ​ពាណិជ្ជកម្ម​អាមេរិក​នេះ ទំនង​ជា​អាច​​ចូល​ជា​ធរមាន គឺ ដូណាល់ ត្រាំ អាច​មិន​មាន​ការ​តវ៉ា​អ្វី​ទេ ព្រោះ​វា​ជា​សិល្បៈ​នយោបាយ​មួយ​នៅ​ពេលដែល​​លោក ដូណាល់ ត្រាំ អនុវត្ត​ទៅ​ក៏​មាន​ផល​ចំណេញ​ ​ដោយលោក​អាច​ស្ទង់​ដឹង​នៃ​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន ព្រម​ទាំង​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជុំ​វិញ​សកលលោក ជា​ពិសេស​ប្រទេស​មហាអំណាច​នៅ​ចិន និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជា​ដើម​ដែល​មិន​ចុះ​ញម​ជា​មួយ​សហរដ្ឋ​អាមេរិក។

ដោយ​ឡែក​ទាក់ទង​កម្ពុជា​វិញ នៅ​មាន​បញ្ហា​ត្រង់​ថា​ តើ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​មួយ​នៅ​ក្រោម​បន្ទាត់​នៃ​ WTO ស្ថានភាព​នៃ​ការ​ដាក់​ពន្ធគយ​ទៅ​វិញ​ទៅ​មក​នៅ​តែ​ត្រូវ​បាន​អនុវត្ត​ជា​ធរមាន ឬ​ក៏​ការ​អនុវត្ត​របស់​ប្រទេស​ជា​ដៃ​គូរ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អ្នក​ឧកញ៉ា​ លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា​ ​ចំពោះ​ការ​ដាក់​ពន្ធ​គោល ១០% និង​ពន្ធ​បដិការ ៤៩% ពី​សហរដ្ឋ​អាមេរិក គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​នៅ​មិន​ទាន់​រង​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​សម្រាប់​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​។

ទន្ទឹម​នេះ អ្នកឧកញ៉ាថា កម្ពុជា​ក៏​ដឹង​ហើយ​ថា​តុលាការ​ពាណិជ្ជកម្ម​អាមេរិក​ហាមឃាត់​មិន​ឱ្យ​អនុវត្ត​នូវ​ពន្ធ​ដែល​លោក ដូណាល់ ត្រាំ បាន​ដាក់​កាល​ពី​ពេល​កន្លង​មក​នោះ ដូច្នេះ​កម្ពុជា​នៅ​រង​ចាំ​លទ្ធផល​នៃ​ការ​ចរចា​ រវាង​កម្ពុជា​ ជា​មួយ​សហរដ្ឋ​អាមេរិក​ពី​បញ្ហា​ពន្ធ​នេះ​។

អ្នកឧញ៉ាបានថ្លែងបញ្ជាក់​ថា «នៅ​ពេល​ដែល​កម្ពុជា​បាន​ចរចា​រួច​រាល់​ ហើយ​លទ្ធផល​បែប​ណា​នោះ​ទើប​អាច​សន្និដ្ឋាន​បាន​ថា តើ​កម្ពុជា​រង​សម្ពាធ​អ្វី​ពី​អាមេរិក​ ដែល​នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​នៃ​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ការ​ប៉ះពាល់​លើ​ការ​នាំ​ចេញ​នៃ​ផលិត​ផល​របស់​កម្ពុជា​ក៏​នៅ​រងចាំ​អនុវត្ត​ពន្ធ​ដែល​កម្ពុជា​​ចរចា​ពន្ធ​នេះដែរ ​នៅ​ក្នុង​រយៈ​ពេល​ណា​មួយ​ដែល​យើង​អាច​វាយ​តម្លៃ​បាន​ថា តើ​វា​នឹង​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ និង​ការ​កែច្នៃ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​កម្រិត​ណា»។

ប៉ុន្តែ ​ចំពោះ​ការ​ប៉ះពាល់​នេះ អ្នក​ឧកញ៉ា​សង្ឃឹម​ថា វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ណាស់​ណា​នោះ​ទេ ព្រោះ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​នៅ​លើ​សកល​លោក ក៏ជាប់​ពាក់ព័ន្ធ​និង​ការ​ដំឡើង​ពន្ធ​នេះ​ដូចគ្នា​ដែរ​ ប្រសិន​បើ​កម្ពុជា​អត្រា​ពន្ធ​ឡើង​ខ្ពស់ បណ្តា​ប្រទេស​ទាំង​អស់​នោះ​ក៏​ឡើង​ដូច​គ្នា ​ដូច្នេះ​បញ្ហា​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ចំពោះ​តែ​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ផលិត​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

អ្នក​ឧកញ៉ា បាន​អះអាង​ថា «សម្រាប់​កម្ពុជា​យើង​ជា​ពហុ​ទីផ្សារ​ ដូច្នេះ​កម្ពុជា​នៅ​មាន​ EBA ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​កម្ពុជា-ចិន កម្ពុជា-​កូរ៉េ អ៊ីមេរ៉ាត-អារ៉ាប់រួម ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​ថ្នាក់​តំបន់ អសិប ដែល​កម្ពុជា​នៅ​តែ​អាច​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​សកល​​លោក​ផង​ដែរ​»។

អ្នក​ឧកញ៉ា បាន​ពន្យល់​ថា ​ជា​ធម្មតា​នោះ​ទេ នៅ​ពេល​ដែល​កម្ពុជា​យើង​បាត់បង់​ទីផ្សារ​ណា​មួយ​ យើង​ត្រូវ​តែ​ស្វែង​រក​ទីផ្សារ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ គឺ​កម្ពុជា​យើង​មាន​ទីផ្សារ​ថ្មី​ស្រាប់​ទៅ​ហើយ ដូច្នេះ​លោក​ជឿ​ថា​ ការ​សន្និដ្ឋាន​ណា​មួយ​ត្រូវ​រង​ចាំ​ពេល​ដែល​កំពុង​អនុវត្ត​សិន ព្រោះ​សព្វ​ថ្ងៃ​នេះ​យើង​មិន​អាច​សន្និដ្ឋាន និង​វាយ​តម្លៃ​បាន​នោះ​ទេ​។

យ៉ាងណាមិញ លោក​បណ្ឌិត ហុង វណ្ណៈ ​នៅ​តែ​សង្ឃឹម​ថា កម្ពុជា​និង​អាច​ធ្វើ​ការ​ចរចា​បាន​ជា​មួយ​ភាគី​សហរដ្ឋអាមេរិក​ដែល​និង​មាន​ការ​បន្ធូរបន្ថយ​លើ​ការ​ដាក់​ពន្ធ​ ដូច្នេះ​លទ្ធផល​នៃការ​ចរចា​ជាក់ស្តែង និង​សេចក្តីព្រាង​ទាំង​ឡាយ​ដែល​គណៈប្រតិភូ​កម្ពុជា​និង​ទៅ​ចរចា​នោះ​នឹង​មាន​ផល​ផ្លែផ្កា និង​ផល​វិជ្ជមាន​ជា​ច្រើន​នាំ​មក​ឱ្យ​កម្ពុជា​។​ ព្រោះ​ សហរដ្ឋអាមេរិក​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​កម្ពុជា​ ជា​ពិសេស​ផលិត​ផល​កាត់​ដេរ​ សំលៀក​បំពាក់ សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ​ផ្សេង​ៗ​ដែល​រួម​ចំណែក​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាជន​សហរដ្ឋ​អាមេរិក ទាំង​តម្លៃ​ និង​គុណភាព​​។

​លោក​បណ្ឌិត​ថា «អាមេរិក​និង​មាន​ការ​បន្ធូរបន្ថយ​ពន្ធ​ច្រើន​មក​ដល់​កម្ពុជា ឬ​អាច​ថា​វិល​ទៅ​ដល់​ស្ថានភាព​ដើម​វិញ​ក៏​ថា​បាន ក្នុង​រង្វង់​ប្រមាណ ១០%​ជាង នៅ​ក្នុង​កិច្ច​ការ​ដាក់ពន្ធ​ទៅ​វិញ​ទៅ​មក​នេះ។ មួយ​វិញ​ទៀត កម្ពុជា​ផ្ទាល់​ក៏​បាន​ដាក់​ចេញ​ចំណុច​បន្ធូរបន្ថយ​ពន្ធ​ដល់​ទៅ ៥% លើ​មុខ​ទំនិញ​ ១៩​មុខ ដែល​នាំ​ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​យើង​អាច​មាន​ចំណុច​ដែល​ត្រូវ​តវ៉ា​ជា​មួយ​អាមេរិក»​។

លោកបណ្ឌិតបានថ្លែងអះអាងថា កម្ពុជា​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ និង​ធ្លាប់​ជួយ​អាមេរិក ដូច្នេះ​ចំណុច​ទាំង​អស់​នេះ​ក៏​ជា​កិច្ចការ​មួយ​ដែល​រដ្ឋបាល​លោក ដូណាល់​ ត្រាំ​ យក​ទៅគិត​ពិចារណា​ ព្រោះ​យើង​អាច​មើល​ឃើញ​លក្ខណ​ជា​ច្រើន​របស់​អាមេរិក ពិសេស​សុខុមាលភាព​របស់​កម្មករ​និយោជិក​នៅ​កម្ពុជា​ដែល​មាន​ប្រមាណ​ជាង ១លាន​នាក់ បូក​ជាមួយ​ការ​បង្កើត​ការងារ​យ៉ាង​ច្រើន​សម្រាប់​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា និង​ការ​យក​ចិត្ត​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​កន្លង​ទៅ​ក៏​មាន​ការ​ទទួល​ស្គាល់​ និង​លើក​ទឹក​ចិត្ត​ពី​ស្ថានទូត​ផ្សេង​ៗ ដែល​បាន​គាំ​ទ្រ​ដល់​ផលិត​កម្ម​កាត់ដែរ​ សំលៀកបំពាក់ ផលិត​ផល​ធ្វើ​ដំណើរ​ផ្សេងៗ​ជា​ដើម។

ទន្ទឹម​នេះ លោក​ក៏បាន​បន្ថែម​ដែរ​ថា «តាម​រយៈ​ការ​ហាម​ឃាត់​ពី​តុលាការ​ពាណិជ្ជកម្ម​អាមេរិក ទោះ​ជា​ចេតនា​ ឬ​មិន​ចេតនា​ក៏​ដោយ​ ក៏​កម្ពុជ​អាច​ទទួល​បាន​ផ្លែផ្កា​ពី​ការ​សម្រេច​របស់​តុលាការ​ពាណិជ្ជកម្ម​​នេះ​ដែរ ដោយ​សារ​តែ​ពេល​វេលា​នេះ​ជា​ពេល​វេលា​ល្អ​សម្រាប់​កម្ពុជា​ ដែល​កម្ពុជា​កំពុង​តែ​មាន​ការ​បារម្ភ​ក្នុង​ការ​ចរចា​នៅ​ជុំ​ទី​២​ ជា​មួយ​ភាគី​សហរដ្ឋ​អាមេរិក​ផង​ ដូច្នេះ​នេះ​ហាក់​ដូច​ជា​ឱកាស​សម្រាប់​កម្ពុជា​ ដែល​នេះ​អាច​ទាញ​ជា​លទ្ធផល​ផ្លែផ្កា​ និង​អាច​ទទួល​ការដូរ​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​បន្ធូរបន្ថយ​ពន្ធ​ ជា​ពិសេស​សម្រាប់​ទំនិញ​កម្ពុជា​ ឬ​លើ​ទំនិញ​សំលៀកបំពាក់ កាត់ដេរ ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក»។​​​​​

អត្ថបទ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៦ វិនាទី មុន

វិស័យឯកជន និងអ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានរបស់កម្ពុជាក្នុងការចរចាពន្ធជាមួយអាមេរិក

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋបាលខេត្តបាត់ដំបងដោះស្រាយវិវាទរបស់ពលរដ្ឋសរុប៤៤២ករណី ក្នុងរយៈពេល ២ ឆ្នាំ

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើលិខិតរំលែកទុក្ខជូនក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ក្នុងសង្គ្រាមជាង​៣ឆ្នាំ រុស្ស៊ី​លក់​ប្រេងបាន​ចំណូល​លើស​​​៣ដង ​ធៀប​​ជំនួយ​ផ្តល់​ឲ្យ​អ៊ុយក្រែន​​​

ព័ត៌មានជាតិ១៨ នាទីutes មុន

វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម