ព័ត៌មានជាតិ
៥ ខែ ឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ២ ៦០០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតស្លាប់ និងរងរបួសប្រមាណជាង ២ ៦០០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ ស្លាប់បាត់បង់ជីវិតជាង ៨០ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣ មិថុនា នេះថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតជួបករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ ៣១៤ ករណី ដោយមានជនរងគ្រោះសរុបចំនួន ២ ៦១១ នាក់ ស្រី ១ ៤៧៥ នាក់ ក្នុងនោះ ស្លាប់ចំនួន ៨៣ នាក់ រងរបួសធ្ងន់ចំនួន ៨០២ នាក់ និងរបួសស្រាលចំនួន ១ ៧២៦ នាក់ មានការថយចុះ ២% បើធៀបនឹងរយៈពេល ៥ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៤។

លោកបណ្ឌិតបានបន្តថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។

លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីកាត់បន្ថយការរងហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត បេឡាជាតិសន្តិសុខសង្គម ដែលមានក្រុមការងារ ស.ផ.ក បាននិងកំពុងអនុវត្តសកម្មភាពរួមមានបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឱ្យពាក់សុវត្ថិភាពឱ្យបានគ្រប់ៗ គ្នា។ ជំរុញការកែលម្អរថយន្តដឹកកម្មករ-និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ឱ្យបានឆាប់រហ័ស។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិតឱ្យបានច្បាស់លាស់។ រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេង សម្រាប់អប់រំ ផ្សព្វផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន និងតាមរយៈបណ្ដាញសង្គមនានាដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិតដែលប្រើប្រាស់ម៉ូតូ កង់ និងថ្មើរជើង ឱ្យបានយល់ដឹងច្បាស់ពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជំរុញរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និងជំរុញរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ-និយោជិតឈរ ឱ្យផ្លាស់ប្ដូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


