ព័ត៌មានជាតិ
ក្រសួងការពារជាតិ៖ ត្បិតសម្រួលទីតាំងឈរជើង តែទ័ពខ្មែរនៅតែត្រៀមប្រយុទ្ធការពារទឹកដី ប្រឆាំងការឈ្លានពាន
ក្រសួងការពារជាតិកម្ពុជា អះអាងថា កម្ពុជា គ្រាន់តែសម្រួលទីតាំងឈរជើងរបស់កងទ័ពប៉ុណ្ណោះ ពោលគឺមិនមែនដកទ័ពចេញពីដែនដីខ្មែរ ឬកន្លែងដែលកងទ័ពខ្មែរធ្លាប់ឈរជើងតាំងពីយូរលង់មកហើយនោះទេ។ តាមក្រសួងការពារជាតិ ត្បិតថាសម្រួលទីតាំងឈរជើងក៏ពិតមែន ប៉ុន្តែកងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធ ដើម្បីការពារដែនដីខ្មែរ ពីឈ្លានពានរបស់សត្រូវ។ ក្រសួងការពារជាតិកម្ពុជា អះអាងដូច្នេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី០៩ ខែមិថុនា នេះ។

ក្រសួងការពារជាតិ អះអាងតាមរយៈសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖«ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។ »។

ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆាប់ៗនេះ ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងការពារជាតិ អំពាវនាវឱ្យជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។
សូមរម្លឹកជាថ្មីថា កាលពីវេលាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ។

ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។

បន្ទាប់មកនៅថ្ងៃទី០២ ខែមិថុនា រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។
កិច្ចប្រជុំព្រំដែនជាមួយថៃដែលគ្រោងធ្វើឡើយនៅថ្ងៃទី១៤ មិថុនា រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កម្ពុជា នឹងមិនជជែកអំពីតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំ៣នៅក្នុងកិច្ចប្រជុំឡើយ ព្រោះទុកឱ្យ ICJ ជាអ្នកសម្រេច៕
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


