ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចពិជ័យសេនា ទៀប បាញ់ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដោយបានជំរុញដល់អនុគណៈកម្មការការសាងសង់ ធ្វើយ៉ាងណាឱ្យបានរួចរាល់ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់នោះ ក៏មានការចូលរួមពី លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកទេសរដ្ឋមន្ត្រី អ៊ី ឈាន លោកជំទាវ បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោកជា ចាន់ឌិនប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមានការអញ្ជើញចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ខេត្តប៉ៃលិនគឺជាតំបន់ឈ្នួនផ្ទុះសន្តិភាពដ៏ធំ ហើយតំបន់នេះបានធ្វើឲ្យមានការធ្វើសមាហរណកម្មគ្រប់តំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសរហូតចុងក្រោយគឺតំបន់អន្លង់វែង។ ដោយសារតំបន់ប៉ៃលិនជាតំបន់បំផ្ទុះសន្តិភាពសម្ដេចបានបញ្ជាក់ថា ការជំរុញការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នេះប្រសិនបើអនុវត្តការងាររួចរាល់ សម្ដេចនឹងគ្រោងរៀបចំសម្ពោធជាផ្លូវការនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៥ ខាងមុខ។

សម្ដេចបានរំលឹកឡើងវិញថា ហេតុអ្វីបានយើងកំណត់យកថ្ងៃទី២២ ខែតុលា គឺជាថ្ងៃដែលត្រូវសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន ? ព្រោះថាថ្ងៃទី ២២ ខែតុលា គឺជាថ្ងៃប្រវត្តិសាស្ត្រធំបំផុតសម្រាប់ជាតិយើង ដោយក្នុងនោះគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកអាយុជីវិតជាដើមទុន ដើម្បីដោះដូរនៅសន្តិភាព ដោយសម្ដេចបានអញ្ជើញធ្វើដំណើរមកកាន់តំបន់ប៉ៃលិន ដែលកាលណោះតំបន់នេះហាក់មានភាពផុយស្រួយនៅឡើយ។ ចេញពីតំបន់ប៉ៃលិន វត្តរតនសោភ័ណ្ឌហៅវត្តកោងកាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសារក្នុងការបង្រួបបង្រួម និង ការធ្វើចលនាសមាហរណកម្មកងកម្លាំងប្រដាប់អាវុធទាំងអស់ចូលទៅក្នុងកងកម្លាំងជាតិតែមួយគឺកងយោធពលខេមរភូមិន្ទ តាមរយៈការធានាបីយ៉ាង គឺការធានា រូបកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលចំណុចទាំងនេះ គឺជាដើមចមតែមួយគត់ ដែលបាននាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាទាំងមូល។សម្ដេចពិជ័យបានសង្កត់ធ្ងន់ថា ដោយសារសន្តិភាពមានតម្លៃជាប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ កំណត់ជាទិវាសន្តិភាព សម្រាប់ជាការរំលឹកនិងការចងចាំដល់គុណូបការៈចំពោះ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ព្រមទាំងវីរយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ត្រូវបានសាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យដ៏មាន សារសំខាន់ចំនួនបីរួមមាន៖ ទី ១. កំពូលវិមានដែលមានជ្រុងបីតំណាងឱ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឱ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តា នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន ត្រូវបានសាងសង់ឡើងដោយសម្រេចបានផ្ទៃអគារទាំងមូល១០០% ជាមួយនេះការរៀបចំផ្នែកខាងក្នុង ការបំពាក់នៅរូបចម្លាក់នានាកំពុងតែបន្ត និងការរៀបចំទីធ្លាបរិវេណខាងក្រៅផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ