Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ជម្រាបជូនពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា និងសូមការគាំទ្រពីបារាំងក្នុងការប្ដឹងទៅតុលាការអន្តរជាតិ ICJ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ទៅ លោក Frédéric VALLIER អគ្គ​ប្រតិភូ នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ពី​ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ពី​សំណាក់​ទាហាន​ថៃ រហូត​បាញ់​មក​លើ​កម្ពុជា បង្ក​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន ដោយ​ទាហាន​ថៃ​បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំផ្លិចបំផ្លាញ​ប្រាសាទ​ថែមទៀត និង​សូម​ឱ្យ​បារាំង​គាំទ្រ​កម្ពុជា ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ICJ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់ លោក ឃួង ស្រេង បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក Frédéric VALLIER នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា ដោយសារ​ថៃ​មាន​មហិច្ឆតា​ចង់​បាន​ប្រាសាទ​នានា​របស់​កម្ពុជា​មក​ធ្វើជា​របស់​ខ្លួន ថៃ​បាន​បង្ក​ឱ្យ​មាន​ជម្លោះ​នៅ​តាម​ព្រំដែន រហូត​បាញ់​មក​លើ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​តប​វិញ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​ចោរ​ឈ្លានពាន។

លោក ឃួង ស្រេង បន្ត​ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ តែ​ត្រូវ​បាន​អ្នកជិតខាង​បង្ក​ជា​ជម្លោះ ដែល​ជម្លោះ​នេះ គឺ​ដោយសារតែ​ភាគី​ថៃ មិន​គោរព​តាម​កិច្ចព្រមព្រៀង ដោយ​បាន​រំលោភ​បំពាន​បូរណភាព​ទឹកដី​កម្ពុជា រហូត​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាលពី​ម្សិលមិញ។ លើស​ពី​នេះ ភាគី​ថៃ បាន​ពង្រីក​បញ្ហា​ព្រំដែន​នេះ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​ពាណិជ្ជកម្ម​ថែមទៀត តាមរយៈ​ការ​បិទ​ច្រក​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

លោក ឃួង ស្រេង បន្ត​ទៀត​ថា អ្វី​ដែល​ជា​ការ​ហួសចិត្ត និង​នឹកស្មាន​មិន​ដល់​សោះ​នោះ គឺ​ប្រទេស​ថៃ ជា​អរិយៈ​ប្រទេស​គួរ​ឱ្យ​កត់សម្គាល់​មួយ​ដែរ មិន​គួរ​ដល់​ថ្នាក់​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​បែក​បំផ្លិចបំផ្លាញ​ប្រាសាទ​ដែល​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​ទេ។ តាមរយៈ​សកម្មភាព​ឈ្លានពាន​របស់​ប្រទេស​ថៃ​នេះ លោក​សង្ឃឹមថា ប្រទេស​បារាំង នឹង​គាំទ្រ​កម្ពុជា ដោយ​ជំរុញ​ឱ្យ​ភាគី​ថៃ​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​បារាំង-ថៃ ដែល​មាន​កន្លងមក ជៀសវាង​ការ​ប្រើប្រាស់​ផែនទី​ដែល​គូស​ដោយ​ឯកតោភាគី។ ជុំវិញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមរយៈ​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ICJ លោក​សង្ឃឹម​ថា បារាំង នឹង​គាំទ្រ​កម្ពុជា។

ជុំវិញ​ការ​លើក​ឡើង​របស់ លោក ឃួង ស្រេង ក្នុង​ជំនួប​នោះ លោក Frédéric VALLIER បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា មិនមែន​ក្នុងនាម​ប្រទេស​បារាំង​នោះ​ទេ តែ​ក្នុងនាម​ជា​តំណាង​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា លោក​ពិតជា​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង លោក​សង្ឃឹមថា ជម្លោះ​ដ៏​តានតឹង​នេះ នឹង​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ដូចដើម​វិញ។ ប្រទេស​កម្ពុជា និង​ថៃ នឹង​រក​ដំណោះស្រាយ​បាន​ដ៏​ល្អ​នៅ​ថ្ងៃ​អនាគត។ មកដល់​សតវត្ស​ទី ២១ ហើយ មិន​គួរ​និង​កើតឡើង​នូវ​ជម្លោះ​ដណ្ដើម​ប្រាសាទ​គ្នា​នោះ​ទេ។ គេ​ពិតជា​បាន​ដឹង​ហើយ​ថា ប្រាសាទ​ទាំងនោះ​នៅ​ក្នុង​ទឹកដី​អ្នកណា។

បន្ថែម​ពី​នេះ​ទៀត ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ទៀត​ថា ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ គឺ​ពិតជា​មាន​ការ​ចូលរួម​ពី​ប្រទេស​បារាំង​ផង​ដែរ តាមរយៈ​ការ​ផ្ដល់​នូវ​បច្ចេកទេស ការ​ផ្ដល់​នូវ​ប្រឡាយ លូ ជាដើម​។ សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF បាន​ជួយ​រាជធានី​ភ្នំពេញ​ទៅលើ​ការ​កសាង​ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់ ភក់​បង្គន់ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ផង​ដែរ​។ រដ្ឋបាល​រាជធានី​ក្នុង​នាម​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF នឹង​ធ្វើ​កិច្ច​ការងារ​ឱ្យ​បាន​ច្រើន​ថែមទៀត​សម្រាប់​សកម្មភាព AIMF ជាមួយ​នឹង​ការ​ជំរុញ​ឱ្យ​ការ​កសាង​ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់ ភក់​បង្គន់ ឱ្យ​បាន​ទៅ​តាម​គម្រោង ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក Frédéric VALLIER ក៏​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជធានី​ភ្នំពេញ ក្នុង​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់ AIMF។ រាជធានី​ភ្នំពេញ ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ AIMF។ ការ​មក​ភ្នំពេញ​លើក​នេះ AIMF មានបំណង​ស្វែងយល់​អំពី​សមិទ្ធផល​នានា ដែល​សម្រេច​បាន ហើយក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ផង​ដែរ​ចំពោះ​ការ​ទទួល​ឱ្យ​មាន​ទីស្នាក់ការ​របស់​សមាគម AIMF នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម