ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល SCO៖ ពន្ធ ត្រាំ ជួយជំរុញទំនាក់ទំនងឥណ្ឌា-ចិន
ខណៈសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិលកាន់តែខ្លាំងទៅៗក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រទេសចិនឯណោះវិញ បានរៀបចំឡើងនូវកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងកំពង់ផែ Tianjin។

វេទិកានៃកិច្ចប្រជុំ SCO លើកនេះ ត្រូវបានគេមើលឃើញថាជានិមិត្តរូបមួយដ៏ធំ សម្រាប់ការពួតដៃគ្នានៃបណ្ដាប្រទេសដែលរងសម្ពាធសេដ្ឋកិច្ចពីលោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិកផ្ទាល់ ដែលដំឡើងពន្ធខ្ពស់ៗលើទំនិញនាំចូល។ ក្នុងនោះ មានការចូលរួមពីប្រធានអង្គការចំនួន១០ និងមេដឹកនាំនៃប្រទេសជាង ២០ រួមមានទាំងឥណ្ឌា និងរុស្ស៊ី ដែលរងសម្ពាធកាន់តែខ្លាំងក្រោមកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនរបស់លោក ត្រាំ។
កាលពីសប្ដាហ៍មុន ពន្ធ ៥០ ភាគរយ លើឥណ្ឌា របស់លោក ត្រាំ បានចូលជាធរមាន ដោយសារតែឥណ្ឌាមិនបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដែលប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរពីអាមេរិក ប្រសិនបើគ្មានដំណោះស្រាយជុំវិញបញ្ហាអ៊ុយក្រែន។ ចិនឯណោះវិញ ក៏មានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិករួចស្រាប់ហើយ ដែលបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗក្រោយ ត្រាំ ប្រកាសពន្ធ «ពន្ធគយបដិការ» នៅដើមខែមេសា។
ក្នុងបរិបទនៃបញ្ហាចាក់ស្រែះ ជាពិសេសពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធតាមព្រំដែនជួរភ្នំហិមាល័យក្នុងឆ្នាំ ២០២០ ទីបំផុតមេដឹកនាំចិន និងឥណ្ឌា ក៏បានចាប់ដៃគ្នានៅកិច្ចប្រជុំកំពូល SCO ក្នុងប្រទេសចិន ដែលរៀបចំឡើងនៅថ្ងៃអាទិត្យ-ចន្ទ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទួលស្វាគមប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា មូឌី ដែលមិនបានបំពេញទស្សនកិច្ចនៅចិនរយៈពេល ៧ ឆ្នាំមកហើយ។
អ្នកជំនាញបានលើកឡើងថា ឥណ្ឌាគឺជាសម្ព័ន្ធមិត្តចាស់វស្សារបស់សហរដ្ឋអាមេរិក ប៉ុន្តែពន្ធរបស់ ត្រាំ អាចជារបត់មួយសម្រាប់ឥណ្ឌាក្នុងការចាប់ដៃលើកិច្ចសហប្រតិបត្តិការជាមួយចិនជាពិសេសផ្នែកសេដ្ឋកិច្ច ទោះបីជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយអាចជាឆ្អឹងទទឹងកក៏ដោយ។

ក្នុងជំនួបនៅថ្ងៃអាទិត្យ លោក ស៊ី និងលោក មូឌី បានព្រមគ្នាថា ឥណ្ឌា និងចិនគឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះទេ ចំពេលដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីវិធីកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ចំពេលមានភាពមិនប្រាកដប្រជានៃពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក មូឌី បានប្រាប់លោក ស៊ី ថា ឥណ្ឌាចង់បានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយចិន និងបានលើកឡើងពីការព្រួយបារម្ភអំពីឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិន ៩៩,២ ប៊ីលានដុល្លារ (គិតតែក្នុងឆ្នាំនេះ) ខណៈសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពនៅតាមព្រំដែនជម្លោះ។ ក្នុងវិដេអូចេញពីជំនួបក្រៅកិច្ចប្រជុំ SCO ដែលបង្ហោះលើបណ្ដាញសង្គម X លោក មូឌី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងរបស់យើងរីកចម្រើន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងបញ្ហារសើប»។
លោក ស៊ី ឯណោះវិញ បាននិយាយថា ចិន និងឥណ្ឌាគួរតែចាត់ទុកគ្នាទៅវិញទៅមក ថាជាឱកាសសម្រាប់កំណើនសេដ្ឋកិច្ច មិនមែនជាការគំរាមកំហែងនោះទេ។ នេះបើយោងតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។
លោក ស៊ី បានបន្តយ៉ាងដូច្នេះថា៖ «យើងមិនត្រូវឱ្យបញ្ហាព្រំដែន កំណត់ទំនាក់ទំនងចិន-ឥណ្ឌាទាំងមូលនោះទេ»។ លោកបានបន្ថែមថា ទំនាក់ទំនងអាចមាន «ស្ថិរភាព» និង «យូរអង្វែង» ប្រសិនបើប្រទេសទាំង២ ចាត់ទុកគ្នាថាជាដៃគូ មិនមែនជាគូប្រជែង។
ក្នុងបរិបទនៃកិច្ចប្រជុំ SCO ផងដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា ស្ថានភាពព្រំដែនមានភាពល្អប្រសើរជាងឆ្នាំមុន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលសម្រេចឡើងកាលពីខែតុលា។ ពាក់ព័ន្ធនឹងបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក លោក Misri បាននិយាយថា លោក មូឌី និងលោក ស៊ី បានពិភាក្សាគ្នាអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងបញ្ហាប្រឈមរបស់ពន្ធ។
លោក Misri បានបន្ថែមយ៉ាងដូច្នេះថា៖ «ពួកគេបានមើលពីរបៀបប្រើប្រាស់វា(បញ្ហាពន្ធ) ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងឥណ្ឌា និងចិន»។
នៅឆ្នាំនេះ ចិន និងឥណ្ឌាបានបង្កើនដំណើរទស្សនកិច្ចជាផ្លូវការ និងពិភាក្សាអំពីការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើពាណិជ្ជកម្ម និងចលនាប្រជាជនឆ្លងកាត់ព្រំដែន។ កាលពីខែមិថុនា ចិនបានអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រាមកពីប្រទេសឥណ្ឌាទៅទស្សនាកន្លែងពិសិដ្ឋនានាក្នុងទីបេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


