Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណចិនដែលផ្តល់ជំនួយមនុស្សធម៌ទាន់ពេលសម្រាប់ជន​ភៀសសឹក

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌ទាន់ពេលវេលារបស់ចិនដល់កម្ពុជា ក្នុង​អំឡុង​ពេល​ដ៏លំបាកជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់ថា ទង្វើសប្បុរសធម៌នេះ មិនត្រឹមតែជួយបន្ធូរបន្ថយ​ទុក្ខលំបាក​របស់ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែជាគំរូនៃតួនាទីដ៏គួរឱ្យកោតសរសើររបស់ចិន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និង​ភាពរុងរឿងរួមគ្នានៅទូទាំងពិភពលោក។ នេះបើតាមសំណេរ​នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណនេះ បន្ទាប់ពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន បានប្រកាសផ្តល់ជំនួយ​មនុស្សធម៌​ចំនួន ២០ លានយ៉ន់ចិន (ប្រហែល ២,៨ លានដុល្លារអាមេរិក) ដើម្បីជួយស្តារការខូចខាត និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយ​ជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។
 
ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រ​ជុំកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន គ្រាដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ និងបានទទួលការធានាយ៉ាងមុតមាំអំពីការគាំទ្រពីឯកឧត្តម ស៊ី ជីនពីង ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិនចំពោះការអភិវឌ្ឍ ភាពរឹងមាំ និងអធិបតេយ្យភាពជាតិ របស់កម្ពុជា។

បើតាមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន សម្តេចធិបតី តែងចាត់ទុកសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជា​បេះដូងនៃភាពជាអ្នក​ដឹកនាំ​របស់សម្តេច ហើយ សម្តេច ផ្តល់តម្លៃដល់គ្រប់ជីវិតមនុស្ស ដោយធានាថា​មនុស្សគ្រប់រូបមានសិទ្ធិរស់នៅ និងរស់នៅប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លោកលើកឡើងថា »ការរួមចំណែកដ៏សប្បុរសរបស់ចិន មិនត្រឹម​តែ​ឆ្លុះ​បញ្ចាំង​​ពីមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំ​ង​ជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំប្រកបដោយមេត្តាធម៌ របស់សម្តេចធិបតី និង និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ​របស់សម្តេច ចំពោះប្រជាជនកម្ពុជាផងដែរ»។

ឆ្ពោះបន្តទៅមុខ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងសហគមន៍របស់ឡើងវិញ ត្រូវ​ចាប់​ផ្តើម​​ជាមួយ​នឹង​ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាដំណើរការនៃការកសាងឡើងវិញ មានសុវត្ថិភាព និង​និរន្តរភាព​ ហើយជាមួយគ្នានេះ ចាំបាច់ត្រូវគាំទ្រដល់ជនរងគ្រោះ ជាពិសេស​អ្នកដែល​រងផលប៉ះពាល់ ដោយសារសង្គ្រាមថ្មីៗនេះ ដើម្បីឱ្យពួកគេអាច​ស្តារសេចក្តី​ថ្លៃថ្នូរ​របស់ពួកគេ និងកសាង​ជីវិត​របស់ពួកគេ​ឡើងវិញ​ប្រកបដោយក្តីសង្ឃឹម។ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងផងដែរថា អាជ្ញាធរមីន ត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់កិច្ចការស្តារ និងកសាងឡើងវិញនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម