Connect with us

ជីវិតកម្សាន្ដ

តារាស្រីត្រកូល Zhao រងការវាយប្រហារពី ភ្នាក់ងារចាស់ ​រារាំង​អាជីពមិនឲ្យទៅមុខ

បានផុស

នៅ

រម្លឹកទៅកាលពីចុងឆ្នាំ ២០២៤ ដល់ដើមឆ្នាំ ២០២៥ របាយការណ៍បានបង្ហាញថា Zhao Lusi ដែលជាតារាសម្ដែងស្រីដ៏ល្បីរបស់ចិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីដួលសន្លប់។ មូលហេតុដំបូងគឺការងារហួសកម្លាំង និងខ្វះការសម្រាកគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ក្រោយមក មានសេចក្តីរាយការណ៍ថា នាងឈឺធ្ងន់ជាងការគិតរបស់មហាជនទៅទៀត ដោយទទួលរងពីជំងឺបំប្លែង ដែលជាបញ្ហាសុខភាពផ្លូវចិត្តប៉ះពាល់ដល់មុខងារខួរក្បាល និងបណ្តាលឲ្យមានរោគសញ្ញារាងកាយដែលមិនអាចគ្រប់គ្រងបាន ដូចជាការនិយាយ និងពិបាកដើរ រហូតដល់តម្រូវឲ្យប្រើរទេះរុញ និងហ្វឹកហាត់ឡើងវិញ។

ក្រោយមក តារាសម្ដែងវ័យ២៦ឆ្នាំរូបនេះបានបង្ហាញឲ្យដឹងថា នាងបានជួបបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដែលនាំឲ្យកើតមានរោគសញ្ញារាងកាយដូចជា កន្ទួល ពិបាកដកដង្ហើម និងការគេងមិនលក់រ៉ាំរ៉ៃជាដើម។

នៅក្នុងខែសីហា ឆ្នាំ ២០២៥ Zhao Lusi បានលាតត្រដាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីជម្លោះរបស់នាងជាមួយភ្នាក់ងារគឺ Yinhe Kuyu Media (ត្រូវបានគេស្គាល់ថាជា Galaxy Cool Entertainment) ដោយចោទប្រកាន់ថា បានបង្ខំនាងឲ្យធ្វើការទោះបីជាសុខភាពផ្លូវកាយ និងផ្លូវចិត្តតារាស្រីស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ និងទទួលរងពីជំងឺធ្ងន់ធ្ងរក៏ដោយ។ ជាពិសេស ក្រុមហ៊ុនបានកិបកេងប្រាក់ជាង ២ លានយ័នពីនាង ដោយបោកបញ្ឆោតនាយកដ្ឋានហិរញ្ញវត្ថុឲ្យចុះហត្ថលេខាលើឯកសារផ្ទេរប្រាក់ដោយនាងមិនដឹងថែមទៀតផង។

មិនតែប៉ុណ្ណោះ Zhao Lusi អះអាងថា ក្រុមហ៊ុនបានបោកបញ្ឆោតនាងឲ្យបន្តកុងត្រារយៈពេល៤ ឆ្នាំទៀត ដោយប្រើប្រាស់ជំងឺនិងភាពទន់ខ្សោយរបស់នាង ជាមធ្យោបាយបញ្ចុះបញ្ចូល ខណៈពេលដែលភ្នាក់ងាររបស់នាងបានសន្យាថានឹងរ៉ាប់រងលើថ្លៃព្យាបាល អំឡុងពេលឈឺ ប៉ុន្តែនៅទីបំផុតនាងត្រូវតែរ៉ាប់រងថ្លៃដើមដោយខ្លួនឯង។

ជាងនេះទៅទៀតដែរ ទីភ្នាក់ងារបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធរាល់ការចោទប្រកាន់ថា ពួកគេបានផ្តល់ឲ្យតារាស្រីនូវការថែទាំដ៏ល្អបំផុតដែលអាចធ្វើទៅបាន ហើយតែងតែគោរពកិច្ចសន្យារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ Zhao Lusi បានឆ្លើយតបភ្លាមៗចំពោះសេចក្តីថ្លែងការណ៍នោះ ដោយបដិសេធការពិតនិងបញ្ជាក់ថា គ្មានតំណាងក្រុមហ៊ុនណាមួយបានទាក់ទងនាងដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហានោះទេ។ នេះ​បាន​ធ្វើ​ឲ្យស្ថានការណ៍​កាន់តែ​តានតឹង និង​បង្ក​ឲ្យមានការ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន​អំពី​ការ​ប្រព្រឹត្ត​របស់​ភ្នាក់ងារ​ចំពោះ​សិល្បករ​របស់​ខ្លួន ។

នៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៥ របាយការណ៍បានលេចឡើងថា ភាពចលាចលក្នុងជីវិតរបស់តារាសម្តែងមិនទាន់ចប់ទេ។ ការផ្សាយពាណិជ្ជកម្មលើកដំបូងរបស់នាង បន្ទាប់ពីជម្លោះជាមួយភ្នាក់ងារ ត្រូវបានលុបចោលភ្លាមៗ។ ចំពេល​មាន​ការ​រិះគន់​ថា ចំណាត់ការ​នេះ​អាច​ជា​ចេតនា​ប៉ុនប៉ង​រារាំង​អាជីព​របស់​តារាស្រី។

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ Zhao Lusi និងឪពុករបស់នាងបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន ដើម្បីត្រៀមខ្លួនសម្រាប់ការផ្សាយផ្ទាល់ផ្សព្វផ្សាយម៉ាកយីហោដ៏ល្បីល្បាញដែលនាងធ្វើជាពិធីករ។ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការមកដល់ យីហោបានចេញសេចក្តីថ្លែងការណ៍លុបចោលព្រឹត្តិការណ៍នេះ ដោយលើកឡើងពីការប្តេជ្ញាចិត្តផ្សេងទៀតរបស់ Zhao Lusi ។ នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនខឹង។ មនុស្សជាច្រើនបានមើលឃើញថា នេះជាការប៉ុនប៉ងយាយីដោយអតីតភ្នាក់ងារ ដែលបានប្រើប្រាស់កិច្ចសន្យាដើម្បីរារាំងនាងពីការទទួលយកការងារ បើទោះបីជាការពិតដែលថាការសហការគ្នានេះ គឺជាកិច្ចព្រមព្រៀងផ្ទាល់រវាងម៉ាក និងតារាសម្តែង។

ស្ថានការណ៍កាន់តែតានតឹងឡើង ដោយ Zhao Lusi ឆ្លើយតបភ្លាមៗទៅនឹងការបង្ហោះរបស់យីហោដោយបញ្ជាក់ថានាងមិនបានទទួលការជូនដំណឹងអំពីការលុបចោលនោះទេ ប៉ុន្តែផ្ទុយទៅវិញនាងបានស្តីបន្ទោសលើការប្តេជ្ញាចិត្តផ្សេងទៀត បើទោះបីជានាងព្យាយាមសម្របសម្រួលគ្រប់យ៉ាងដោយខ្លួនឯង ដោយគ្មានការគាំទ្រពីក្រុមក៏ដោយ។

ទន្ទឹមនឹងនេះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើននៅក្នុងប្រទេសចិនត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកំណត់ការមើលឃើញព័ត៌មាន និងខ្លឹមសារទាក់ទងនឹង Zhao Lusi ដែលមនុស្សជាច្រើនជឿថា ដោយសារតែសម្ពាធពីឥស្សរជនដែលមានឥទ្ធិពលនៅក្នុងឧស្សាហកម្មនេះ។

យ៉ាងណាមិញ ចំពេល​មាន​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង Zhao Lusi បាន​តស៊ូ​និង​បង្កើត​ផ្លូវ​ផ្ទាល់ខ្លួន​។ នាងបានបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Chengdu Maning Enterprise Management Co., Ltd. ដើម្បីទាញយកយ៉ាងពេញលេញទៅក្នុងទីផ្សារអេឡិចត្រូនិក និងម៉ូដសម្លៀកបំពាក់។ នាងក៏បានចុះបញ្ជីពាណិជ្ជសញ្ញា និងការរក្សាសិទ្ធិសម្រាប់ស្នាដៃសិល្បៈជាច្រើន ដែលជាសញ្ញានៃការប្តេជ្ញាចិត្តក្នុងការកសាងអាណាចក្រអាជីវកម្មផ្ទាល់ខ្លួន បើទោះបីជាប្រឈមមុខនឹងការតស៊ូខ្លាំងក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ថាបនិកក្រុមហ៊ុន HYBE ត្រូវប៉ូលិសសាកសួរជិត ១៤ ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម