Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាននិងធនាគារពិភពលោកឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន និងការពារបរិស្ថាន

បានផុស

នៅ

ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន លោក Christope Crépin ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីបូព៌ា និងជាអនុប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ទទួលបន្ទុកការងារបរិស្ថាននិងធនធានធម្មជាតិ បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិ របស់ធានាគារពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន ដើម្បីធានាការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Christope Crépin បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ដែលបានសហការជាមួយធនាគារពិភពលោក នាពេលកន្លងមក បានទទួលលទ្ធផលជាច្រើន តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ (CSLEP) ដែលបានជួយការរៀបចំហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ការបង្កើតជម្រើសមុខរបរថ្មីរបស់សហគមន៍មូលដ្ឋាន និងរួមចំណេកការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត បានកត់សម្គាល់ពីភាពជាដៃគូ រវាងធនាគារពិភពលោក ជាមួយក្រសួងបរិស្ថាន ដែលកន្លងមកបានគាំទ្រដល់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន បានជួយដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការអភិវឌ្ឍគោលដៅលំហែបៃតង ដែលចាំបាច់បន្តការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយធនាគារពិភពលោក ប្រកបដោយតម្លាភាព និងមានភាពជាក់លាក់ លើការទប់ស្កាត់បំពុលបរិស្ថាននៅប្រទេសកម្ពុជា ការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក ការរៀបចំហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម ការសិក្សាវិភាគ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ។

លោក អ៊ាង សុផល្លែត អះអាងថាក្រសួងបរិស្ថាន ខិតខំជំរុញការងារទាំងនោះ ឱ្យទទួលបាននូវភាពជោគជ័យ និងធានាចីរភាពបរិស្ថាន សម្រាប់ប្រជាសហគមន៍ផងនិងក៏ជាភាពជោគជ័យលើការគ្រប់គ្រងបរិស្ថានផង។ លោកក៏បានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ មានការចូលរួមបន្ថែមទៀត ក្នុងការជំរុញគម្រោងការពារបរិស្ថាននិងធនធានធម្មជាតិខាងលើ ឱ្យទទួលបានលទ្ធផលជាក់ស្តែង និងល្អប្រសើរនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម