ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលសោកស្ដាយដែលអំពើប្រមាថនៅតែកើតមានដោយសេរីនៅប្រទេសថៃ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលយករួបថ្នាក់ដឹកនាំកម្ពុជាទៅធ្វើសកម្មភាពមិនគប្បីជាសាធារណៈ ដោយបានចាត់ទុកសកម្មភាពនេះគឺជា «អំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមមនុស្សជាតិ» ដែលមិនអាចទទួលយកបាន។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ អង្គភាពអ្នកនាំពាក្យបានលើកឡើងថា ការយករូបប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា ធ្វើជាផ្ទាំងស៊ីប ធ្វើទីងម៉ោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណជាដើម គឺជាទង្វើដែលមិនអាចទទួលយកបាន។
ក្នុងសេចក្ដីថ្លែងការណ៍បានសរសេរថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថានៅប្រទេសថៃអំពើអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាងចំពោះថ្នាក់ដឹកនាំកម្ពុជា បានប្រព្រឹត្តទៅដោយចំហ ដោយគ្មានវិធានការអ្វីទាំងអស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបណ្ដែតបណ្ដោយឱ្យអំពើប្រមាថបែបនេះកើតមានដោយសេរីនៅក្នុងប្រទេសថៃ»។
អង្គភាពដដែលនេះបានកោតសរសេរពី «គុណធម៌របស់សម្ដេចតេជោ ហ៊ុន សែន» ដែលតាំងពីដើមមករហូតមកដល់ពេលនេះសម្ដេចនៅតែអំពាវនាវកុំឱ្យពលរដ្ឋខ្មែរធ្វើសកម្មភាពប្រមាថលើព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ ព្រមទាំងសូមកុំឱ្យមានការរើសអើងចំពោះជនជាតិថៃដែលកំពុងស្នាក់នៅនិងប្រកបមុខរបរនៅកម្ពុជាផងដែរ។
ក្នុងលិខិតនោះសរសេរថា៖«នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាទោះបីកម្ពុជាតូច ប្រជាជនតិច និងមានសេដ្ឋកិច្ចទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ។
កាលពីថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បង្ហោះនូវសារមួយលើបណ្ដាញសង្គមហ្វេសបុករបស់សម្ដេចដោយបង្ហាញវីដេអូដែលពលរដ្ឋថៃយករូបសម្ដេចយកធ្វើជាផ្ទាំងស៊ើបជាការប្រមាថ ខណៈសម្ដេចបានចោទជាសំណួរថាតើនេះគឺជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? យ៉ាងណាក្ដីសម្ដេចបានសំណូមពរដល់ពលរដ្ឋខ្មែរសូមកុំធ្វើទង្វើអាក្រក់បែបនេះដែលសម្ដេចថាជាទង្វើអមនុស្ស និងអន់ជាងសត្វ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


