សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានទំហំជាង ១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
ការដោះដូរទំនិញរបស់កម្ពុជាជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន សម្រចបាននូវទំហំទឹក ១៥,៧៨ ពាន់លានដុល្លារ កើនឡើង ៣,៧២% នៅក្នុង ឆ្នាំ ២០២៥ ធៀបនឹងឆ្នាំ ២០២៤។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៥,៦៧ ពាន់លានដុល្លារ កើនឡើង ៩,៨៣% ទៅកាន់បណ្ដាប្រទេសជាសមាជិក ASEAN រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ព្រុយណេ វៀតណាម ឡាវ និងប្រទេសភូមា។ ចំណែក ការនាំចូលពីប្រទេសជាសមាជិកមានទឹកប្រាក់ ១០,៧ ពាន់លានដុល្លារ កើន ០,៧៥%។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា សភាពការសេដ្ឋកិច្ចតំបន់ និងពិភពលោកកំពុងបន្តវិវត្តយ៉ាងរហ័ស និងពិបាកប៉ានស្មាន ដោយសារកត្តាប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់សាកល កើនឡើងនៃការគាំពារនិយម និងឯកតោភាគីនិយម ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច និងបញ្ហាសង្គ្រាម ដែលជះឥទ្ធិពលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្ម វិនិយោគ ការនាំចេញ និងការបង្កើតការងារ។

កត្តាទាំងនេះ អាចនឹងបង្ករឱ្យមានសម្ពាធលើកំណើនសេដ្ឋកិច្ច និងបន្ទុចបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រការនេះ ទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវដាក់ចេញនូវវិធានការចាំបាច់នានា រួមទាំងវិធានការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគប្រកបដោយភាពប្រាកដនិយម ដើម្បីទប់ទល់ និងប្រែក្លាយបញ្ហាប្រឈមមកជាកាលានុវត្តភាព នៃការអភិវឌ្ឍន៍វិញ ក្នុងស្ថានភាពនេះ ការដាក់ចេញនូវទិសដៅការងារ ពាណិជ្ជកម្ម ឆ្នាំ ២០២៦ ត្រូវមានភាពច្បាស់លាស់ មុតស្រួច និងចំទិសដៅ ឈរលើមូលដ្ឋាន នៃកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល សំដៅទាញយកអត្ថប្រយោជន៍ និងកាត់បន្ថយកម្មវិបាកដែលអាចកើតមានជាយថាហេតុ។
គិតត្រឹមឆ្នាំ ២០២៥ ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក ៤១% អាស៊ាន ១៨% សហភាពអឺរ៉ុប ១៦%។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា កម្ពុជាមានការតភ្ជាប់ពោលគឺទើបតែដាក់ឱ្យដំណើរការព្រលានអន្តរជាតិតេជោ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់ និងអន្តរជាតិជាច្រើន ធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាមានភាពល្អប្រសើរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


