ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល បង្ហាញចក្ខុវិស័យរបស់រដ្ឋាភិបាលប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងទៅជាឧស្សាហកម្មជំនាញ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្មជំនាញតាមរយៈការបង្កើនធនធានមនុស្ស ការរៀបចំឱ្យមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសសម្រាប់បម្រើឱ្យការដឹកជញ្ជូន និងពិសេសសម្រាប់នីតិកាលថ្មីនេះបានបន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី និងស្រូវ និងការរៀបចំគម្រូថ្មីៗជំរុញវិស័យទេសចរណ៍កម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore នៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០២៣។

លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងការទទួលស្វាគមន៍រាល់កិច្ចការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពិសេសចំពោះកិច្ចការងាររៀបចំឱ្យមានតំបន់ឧស្សាហកម្មនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួល ឱ្យកិច្ចការងាររៀបចំនេះអាចអនុវត្តទៅបានដោយរលូន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះក្រុមហ៊ុន Evercore និងបានថ្លែងអរគុណលើការផ្ដល់ទំនុកចិត្តខ្ពស់មកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។
នៅក្នុងជំនួបនេះ លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore បានជម្រាបជូន ឧបនាយករដ្ឋមន្ត្រី អំពីសេវាកម្មនានា និងសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមក ពិសេសនៅក្នុងប្រទេសសិង្ហបុរី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពលើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីពង្រីកវិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


