ព័ត៌មានជាតិ
លោក ស៊ូ សុជាតិ លើកឡើង ២ ចំណុចឲ្យប្រុងប្រយ័ត្ន មុនវិនិយោគវិស័យមូលបត្រ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងគន្លឹះចំនួន ២ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យពិចារណា មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ដើម្បីជៀសវាងការចាញ់បោកឧបាយកលរបស់ជនឆ្លៀតឱកាសមួយចំនួន។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ូ សុជាតិ បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យមូលបត្រនៅកម្ពុជាកំពុងតែបោះជំហាន និងបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងការចូលរួមកាន់តែច្រើនពីតួអង្គពាក់ព័ន្ធ និងកំណើននៃផលិតផលហិរញ្ញវត្ថុដែលជាមូលបត្រ និងកំពុងជួញដូរយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជានេះ លោកក៏បានលើកឡើងពាក់ព័ន្ធមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសដោយប្រើប្រាស់ឧបាយកលផ្សេងៗតាមគ្រប់រូបភាព រួមមានទាំងតាមបច្ចេកវិទ្យា ដើម្បីឆបោកប្រជាពលរដ្ឋឲ្យដាក់ប្រាក់វិនិយោគជាដើម។
ដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋអាចចាញ់បោកជនខិលខូច លោក ស៊ូ សុជាតិ បានលើកឡើង ២ ចំណុច គួរពិចារណា គឺទី១.តើក្រុមហ៊ុនឬបុគ្គលដែលផ្សព្វផ្សាយដើម្បីកៀរគរប្រមូលទុនវិនិយោគជាក្រុមហ៊ុន ឬបុគ្គលដែលទទួលបានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរ/ និយ័តករមានសមត្ថកិច្ចដែរឬទេ? និងទី២. តើគម្រោងវិនិយោគ ឬផលិតផលវិនិយោគ (ភាគហ៊ុន បណ្ណបំណុល..) ទទួលបានការអនុញ្ញាតពីអាជ្ញាធរនិយ័តករមានសមត្ថកិច្ចដែរឬទេ?

បើតាមលោក ស៊ូ សុជាតិ ពាក់ព័ន្ធសកម្មភាពនៃការផ្សព្វផ្សាយតាមហ្វេសបុក តេឡេក្រាម សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងដើរកៀរគរ ដើម្បីទាក់ទាញសាធារណជនឲ្យជួញដូរលើឧបករណ៍និស្សន្ន ដូចជា ជួញដូរលើហាងឆេងមាស ហាងឆេងរូបិយប័ណ្ណ និងប្រមូលមូលនិធិពីសាធារណជន ហើយសន្យាផ្ដល់នូវប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ប៉ុន្តែជាក់ស្ដែងមិនបានយកប្រាក់នោះទៅវិនិយោគលើគម្រោងវិនិយោគណាមួយច្បាស់លាស់ ដែលនេះជាករណីឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃកម្ពុជា។

ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ហេតុនេះមានឧក្រិដ្ឋជន បានបង្កើតក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំ ឬក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណក្នុងវិស័យមូលបត្រ ដើម្បីឲ្យពលរដ្ឋជឿ ធ្លាក់ខ្លួនចាញ់បោក និងជ្រុលខ្លួនក្លាយជាជនរងគ្រោះដាក់ប្រាក់វិនិយោគផងដែរ។
លោក ស៊ូ សុជាតិ បានក្រើនរំលឹកឲ្យពលរដ្ឋ មុននឹងសម្រេចចិត្តវិនិយោគនៅក្នុងវិស័យមូលបត្រ គប្បីសិក្សាឲ្យបានស៊ីជម្រៅពាក់ព័ន្ធក្រោមរូបភាពវិនិយោគក្នុងវិស័យមូលបត្រដោយស្របច្បាប់ រូបភាពវិនិយោគក្នុងវិស័យមូលបត្រខុសច្បាប់ និងការឆបោកក្រោមរូបភាពនៃការវិនិយោគ បទល្មើសតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់នានា ដែលនាំឲ្យបះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។
និយ័តករមូលបត្រកម្ពុជា គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា ដើម្បីឲ្យវិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


